តើ​អ្នក​ចង់​បាន​ការងារ​ដែល​ជួយ​ឲ្យ​អ្នក​បាន​ស្គាល់​មនុស្ស​ច្រើន​មែន​ទេ​ ?

មនុស្ស​ម្នាក់ៗ​ ជ្រើស​រើស​ការងារ​ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ និង​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ ។ អ្នក​ខ្លះ​ជ្រើស​យក​ការងារ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ច្រើន​ និង​ជួប​ជាមួយ​មនុស្ស​ជា​ច្រើន​ អ្នក​ខ្លះ​ទៀត​ធ្វើ​ការងារ​ដែល​តម្រូវ​ឲ្យ​នៅ​តែ​មួយ​កន្លែង​ និង​បំពេញ​ការងារ​តែ​នៅ​ក្នុង​ការិយាល័យ​តែ​ប៉ុណ្ណោះ​ ដោយ​មិន​សូវ​ជួប​ជាមួយ​មនុស្ស​ខាង​ក្រៅ​ ឬ​ចូល​ក្នុង​សង្គម​ ហើយ​អ្នក​ខ្លះ​ជ្រើស​ធ្វើ​ការងារ​ប្រភេទ​ផ្សេង​ទៀត​។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចង់​រាប់​អាន​មនុស្ស​ច្រើន​ មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ អ្នក​អាច​ពិចារណា​ការងារ​ខាង​ក្រោម​នេះ​ ព្រោះ​វា​ជា​ការងារ​ដែល​ជួយ​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​មិត្ត​ ៖

១. ការងារ​លក់​ទំនិញ​រាយ​
ការងារ​ជា​អ្នក​លក់​រាយ​នៅ​ក្នុង​ហាង​ តម្រូវ​ឲ្យ​អ្នក​ជួប​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ប្រភេទ​ ជា​រៀង​រាល់​ថ្ងៃ​ ដែល​នេះ​ក៏​អាច​ឲ្យ​អ្នក​បង្កើត​បាន​មិត្ត​មួយ​ចំនួន​ផង​ដែរ​ ។ ការងារ​ប្រភេទ​នេះ​ដែរ​ ជា​ទូទៅ​អាច​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​ មាន​ភាព​ជិត​ស្និត​នឹង​គ្នា​ខ្លាំង​បាន​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ការ​រវល់​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​លក់​ទំនិញ​ ជាមួយ​និង​ហាង​ដទៃ​ ក្នុង​ពេល​មាន​កម្ម​វិធី​បុណ្យ​ ឬ​ថ្ងៃ​ឈប់​សម្រាក​ជា​ដើម​ ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ដែល​ល្អ​សម្រាប់​ឲ្យ​អ្នក​អាច​បង្កើត​បាន​ចំណង​មិត្តភាព​ ។

២. ការងារ​បដិសណ្ឋារកិច្ច​
ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ ក្លឹប​កម្សាន្ត​ ជា​ដើម​ សុទ្ធ​សឹង​ជា​ការងារ​បដិសណ្ឋារកិច្ច​ ដែល​ការងារ​ប្រភេទ​នេះ​ ជួយ​បង្ក​បរិយាកាស​ឲ្យ​អ្នក​អាច​បង្កើត​មិត្ត​បាន​ច្រើន​ ។ អ្នក​អាច​ជជែក​ជាមួយ​អ្នក​ធ្វើ​ការ​ជាមួយ​ និង​ជាមួយ​អ្នក​ផ្សេង​ទៀត​ដូចជា​អតិថិជន​ជា​ដើម​ ។
៣. ការងារ​បង្រៀន​សកម្មភាព​កម្សាន្ត ​ឬ​បង្រៀន​ថ្នាក់​កម្សាន្ត
ប្រសិន​បើ​អ្នក​មាន​ជំនាញ​នៅ​ក្នុង​ផ្នែក​ណាមួយ​ អ្នក​អាច​ចែក​រំលែក​វា​ជាមួយ​អ្នក​ដទៃ​ ដោយ​បង្កើត​ជា​ថ្នាក់​រៀន​មួយ​ ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ និង​អ្នក​បង្ហាត់​អាច​ចែក​រំលែក​ និង​រៀន​អំពី​សកម្មភាព​ណា​មួយ​ដែល​ជា​ការ​កម្សាន្ត​បាន​ ។ ជា​ទូទៅ​ អ្នក​ដែល​ចុះ​ឈ្មោះ​រៀន​ក្នុង​ថ្នាក់​បែប​នេះ​ ច្រើន​តែ​ជា​មនុស្ស​ដែល​បើក​ទូលាយ​ចិត្ត​ ចង់​ស្គាល់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន​ ។ នៅ​ក្នុង​ថ្នាក់​រៀន​នេះ​ អ្នក​អាច​ជួប​ជាមួយ​មនុស្ស​ជា​ច្រើន​ដែល​ចូលចិត្ត​ចូល​រួម​ក្នុង​សង្គម​ដូច​អ្នក​ ។

៤. ការងារ​នៅ​ក្នុង​ហាង​កាហ្វេ​
ហាង​កាហ្វេ​ គឺ​ជា​ទី​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ជា​ច្រើន​ចេញ​ចូល​រាល់​ថ្ងៃ​ ដូចនេះ​វា​ក៏​អាច​ជា​ឱកាស​មួយ​ដែល​អ្នក​អាច​ជួប​ជជែក​ជា​មនុស្ស​ជា​ច្រើន​ ដែល​អាច​ជា​អតិថិជន​ ឬ​អ្នក​បម្រើ​ការងារ​ដូចគ្នា​ ។

៥. ការងារ​នៅ​ក្នុង​បណ្ណាគារ
បណ្ណាគារ​ គឺ​ជា​កន្លែង​មួយ​ដ៏​ល្អ​ សម្រាប់​ស្វែង​រក​មិត្ត​ដែល​ចូល​ចិត្ត​និយាយ​អំពី​រឿង​អ្វី​មួយ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​។ ការ​ធ្វើ​ការ​នៅ​ទីនេះ​ ជួយ​ឲ្យ​អ្នក​អាច​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​ ដែល​ចូលចិត្ត​ការ​អាន​ និង​ស្វែង​រក​ចំណេះដឹង​ ។

៦. ការងារ​ក្នុង​ក្លឹប​ហាត់​ប្រាណ​
ការងារ​នៅ​ទីនេះ​ នឹង​អាច​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អតិថិជន​ ដែល​ចង់​ធ្វើ​ឲ្យ​ជីវិត​ និង​សុខភាព​របស់​គេ​បាន​ល្អ​ប្រសើរ​ឡើង​ ។ ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​នឹង​អាច​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​រួម​ការងារ​ទៀត​ផង​ ។
ការ​ធ្វើ​ការងារ​ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​ និង​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ត្បិត​វា​ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ ស៊ូ​ជាមួយ​នឹង​ការងារ​ មាន​ភាព​រីករាយ​នឹង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ ព្រម​ទាំង​មាន​ភាព​ឋិត​ថេរ​នឹង​ការងារ​ទៀត​ផង​ ។

ប្រែសម្រួល ៖ Sophany
ប្រភព ៖

  • តើ​អ្នក​ចង់​បាន​ការងារ​ដែល​ជួយ​ឲ្យ​អ្នក​បាន​ស្គាល់​មនុស្ស​ច្រើន​មែន​ទេ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:ចំនេះដឹង
Tags: