វីធីថែរក្សាកូនមិនឱ្យឈឺ

6 Videos


មាតាបិតាពិតជាមានការបារម្ភជាខ្លាំងនៅពេលកូនតូចឈឺម្តងៗ ហេតុនេះសូមកុំចាំ “គោបាត់ទើបធ្វើរបង” ព្រោះមានវិធីបង្ការជាច្រើនក្នុងការថែទាំសុខភាពកូនតូចមិនឱ្យឆាប់ឈឺ និងមានសុខភាពល្អ ។

វិធីបង្ការជំងឺ
១. រៀបចំកូនឱ្យគេងបានគ្រប់គ្រាន់ (១០ម៉ោង ក្នុង១ថ្ងៃ) និងគេងថ្ងៃបន្ថែមទៀត ។ គួររៀបចំបរិយាកាសអំណោយផលដល់ការគេងដូចជា ដុសធ្មេញ ងូតទឹកនិងរៀបចំកន្លែងគេងឱ្យមានផាសុកភាពសម្រាប់កុមារ ហើយអានឬនិទានរឿងមុនចូលគេងដើម្បីឱ្យកូនគេងលក់សុបិន្តល្អ។
២. ទទួលទានអាហារ និងទឹកបានបរិបូរណ៍ : កុមារត្រូវមានទម្លាប់ទទួលទានច្បាស់លាស់ហើយមាតាបិតាគួរតែធ្វើជាគំរូដល់កូន ពោលគឺទាំងការរៀបចំអាហារនិងរបបអាហារ។
៣. កាត់បន្ថយអាហារសំណល់ (Junk foods) ក្នុងកម្រិតអប្បបរមា : យូរៗម្តងមិនជាបញ្ហាអ្វីទេប៉ុន្តែបើបណ្តោយឱ្យកូនញ៉ាំការ៉េម នំខេក ប៊ឺហ្គឺរាល់ថ្ងៃនោះ កូនរបស់អ្នកអាចប្រឈមនឹងជំងឺធាត់លើសទម្ងន់និងងាយជួបនឹងបញ្ហាសុខភាពនានា។

៤. កុំឱ្យកូនស្ថិតក្នុងបរិស្ថានផ្សែងបារីព្រោះថាអ្នកស្រូបផ្សែងបារីទទួលផលប៉ះពាល់សុខភាពដូចជា ជំងឺហឺត និងប្រព័ន្ធដង្ហើម។
៥. កសាងទម្លាប់ល្អៗ ដូចជា បង្រៀនកូនឱ្យចេះលាងដៃជូតសំបោរ ប្រើក្រដាសអនាម័យ ក្អកខ្ទប់មាត់និងឥរិយាបថសង្គមមួយចំនួនដែលក្មេងត្រូវដឹង។
៦. សម្អាត រម្ងាប់មេរោគ និងបិតមុខដំបៅប្រសិនបើកុមារមានរបួសដើម្បីការពារមេរោគឆ្លង ។

៧. នាំកុមារទៅជួបគ្រូពេទ្យជាប្រចាំដើម្បីពិនិត្យសុខភាពនិងចាក់ថ្នាំបង្ការនានាឱ្យបានត្រឹមត្រូវ ។
៨. ប្រសិនបើកុមារឈឺ សូមកុំឱ្យគាត់ទៅរៀន ដើម្បីបង្ការកុំឱ្យឆ្លងទៅកុមារផ្សេង និងឆ្លងរោគពីកុមារផ្សេងមកបន្ថែមទៀត ។
៩. យកចិត្តទុកដាក់ពីអារម្មណ៍កុមារ កុំឱ្យកុមារស្ត្រេសពេក ដោយការនាំកូនដើរលេង និយាយលេងជាមួយកូន លួងលោម និងថែទាំឱ្យបានដឹកដល់។
១០. ការពារកុមារពីសកម្មភាពមិនមានសុវត្ថិភាពនៅក្នុងផ្ទះ ដូចជា លេងជាមួយរបស់/វត្ថុមិនស្អាត លេបថ្នាំផ្តេសផ្តាស ហែលទឹកដោយគ្មានអ្នកមើល កាន់លេងរបស់មុតស្រួច និងសកម្មភាពប្រហាក់ប្រហែលនេះ។

វិធីថែទាំកូនឱ្យរវាសរវៃ
១. នាំកូន ឬឱ្យកូនហាត់ប្រាណជាប្រចាំ ដូចជា ហាត់ប្រាណជាមួយមិត្តភក្តិឬនៅសាលាជាក្រុម ហាត់កាយសម្ព័ន្ធ ហែលទឹក ឬការ៉ាតេជាដើម ។
២. កំណត់ពេលសមស្របសម្រាប់កុមារឱ្យមើលទូរទស្សន៍ លេងអ៊ីនធើណិតលេងហ្គេម និងផ្ញើសារ។
៣. និយាយសំណេះសំណាលជាមួយកូនឱ្យបានញឹកញាប់ ព្រោះនេះជាទម្លាប់សុខភាពមួយ។ ឧទាហរណ៍ : អ្នកអាចសាកសួរកូន ថាតើកូនចង់ញ៉ាំអ្វី ហើយរៀបរាប់ពីអត្ថប្រយោជន៍នៃអាហារ។
៤. នាំក្មេងចូលសង្គម ដូចជា ចូលក្លឹបកីឡា ឱ្យបានស្គាល់មិត្តភក្តិថ្មីៗ និងយល់ពីសង្គមឱ្យបានទូលំទូលាយ ៕លក្ខិណា