ដឹង​អត់​ថា​ហេតុ​អ្វី​បាន​ជា​គ្មាន ​​ពាន​រង្វាន់​ណូបែល​​ផ្នែក​គណិតវិទ្យា?

ណូបែល ​គឺ​ជា​ពាន​រង្វាន់​កិត្តិយស​លំដាប់​​​ពិភពលោក​មួយ​ ដែល​ត្រូវ​ប្រគល់​​​ដល់​បុគ្គល​​ដែល​មាន​ស្នាដៃ​​​ដែល​ជា​ប្រយោជន៍​ដល់​ពិភពលោក​ជា​រៀង​​រាល់​ឆ្នាំ។

ពាន​រង្វាន់​អន្តរជាតិ​នេះ មាន​ទាំង​អស់​៦ ​គឺ  ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ និង​ពាន​រង្វាន់​ណូបែល​សន្តិភាព។

ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ដាក់​ជា​ចម្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ពានរង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ​មិន​មាន​ពាន​រង្វាន់​គណិតវិទ្យា​ទៅ​វិញ​ ទាំង​ដឹង​ហើយ​ថា គណិតវិទ្យា​ក៏​ជា​វិទ្យាសាស្ត្រ​មួយ​ដែល​មាន​ប្រយោជន៍​ដ៏​សង្គម​ជាតិ​ផង​ដែរ។ ចុះ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា​មាន​រឿង​ដូច​នេះ​កើត​ឡើង។

បើ​តាម​រយៈ​ឯកសារ​បរទេស​មួយ​ចំនួន​បាន​និយាយ​ថា​ មូល​ហេតុ​ដែល​ ពាន​ណូបែល​មិន​មាន​​សម្រាប់​អ្នក​គណិតវិទ្យា​គឺ​ដោយ​សារ​តែ​លោក​ Alfred Nobel ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ពាន​រង្វាន់​ណូបែល មាន​ការ​ខឹង​ស្អប់​នឹង​​​អ្នក​គណិតវិទ្យា​ដ៏​ល្បី​ល្បាញ​​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Gosta Mittag-Leffler ដែល​បាន​ស្រលាញ់​គ្នា​ជាមួយ​នឹង​គូរ​ដណ្ដឹង​របស់​គាត់។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​គាត់​ក៏​ចាប់​ផ្ដើម​ស្អប់​គណិត​វិទ្យា ហើយ​មិន​​ផ្ដល់​រង្វាន់​របស់​ខ្លួន​ទៅ​ដល់​អ្នក​​គណិតវិទ្យា​ឡើយ។

ប៉ុន្តែ​បើ​តាម​​​រយៈ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា “ Is There No Nobel Prize in Mathematics? “ និពន្ធ​ដោយ​លោក Lars Garding និង​លោក Lars Hormander បាន​សរសេរ​ថា ​មូលហេតុ​ដែល​គ្មាន​ពានរង្វាន់​ណូបែល​គណិតវិទ្យា​គឺ​ដោយ​សារ​ គណិតវិទ្យា​មិន​បាន​ស្ថិត​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​របស់​លោក Alfred Nobel ដែល​ធ្វើ​ឲ្យ​គាត់​មិន​បាន​សម្រេច​ដាក់​បញ្ចូល​គណិតវិទ្យា​ក្នុង​ពានរង្វាន់​របស់​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ពាន​រង្វាន់​ណូបែល​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Alfred Nobel ។ ហើយ​ពានរង្វាន់​ទាំង​អស់​នេះ បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ជា​ប្រយោជន៍​ដល់​ជាតិ និង​អន្តរជាតិ។ គោល​បំណង​នៃ​ការ​ផ្ដល់​ជយលាភី ក៏​ដើម្បី​លើក​កម្ពស់​ការ​ស្រាវជ្រាវ ការ​បង្កើត​ថ្មី ការ​​ជួយ​សង្គម អភិវឌ្ឍ​វិស័យ​អប់រំ ផ្សព្វផ្សាយ​សន្តិភាព និង​កាត់​បន្ថយ​ជម្លោះ​នៅ​លើ​ពិភពលោក​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ៖ K3
ប្រភព ៖ & 

  • ដឹង​អត់​ថា​ហេតុ​អ្វី​បាន​ជា​គ្មាន ​​ពាន​រង្វាន់​ណូបែល​​ផ្នែក​គណិតវិទ្យា?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:កំសាន្ត
Tags: