វីធី ៥ យ៉ាងសក់នឹងដុះលឿនវែងដូចធម្មជាតិ

6 Videos


ដើម្បីឱ្យសក់ដុះវែងលឿន អ្នកគួរសិក្សាពីមូលហេតុដើមបញ្ហានៃការជ្រុះសក់របស់អ្នក ក៏ដូចជាសុខភាពសក់របស់អ្នកជាមុនសិន ។ សក់ក៏ដូចជាសរីរាង្គរស់ផ្សេងទៀតនៃរាងកាយដែរ គឺត្រូវការជីវជាតិចិញ្ចឹមគ្រប់គ្រាន់ និង រាងកាយមានសុខភាពល្អ ដូចនេះ ប្រសិនបើអ្នកទទួលទានមិនគ្រប់គ្រាន់ ឬ ស្ថិតក្នុងការព្យាបាលដោយប្រើថ្នាំពេទ្យ ដែលប៉ះពាល់សុខភាពសក់ ក៏អាចជាបច្ច័យមិនល្អចំពោះសក់ដែរ ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ ៥ យ៉ាងដើម្បីជំរុញ និង បំប៉នព្យាបាលសក់ឱ្យដុះវែងលឿនដូចធម្មជាតិ ។

១. ការលូតលាស់នៃសក់អាស្រ័យទៅនឹងអាស៊ីតក្រពះ
ហេតុអ្វី ? អាស៊ីតក្រពះគ្រប់គ្រាន់ទើបអាចជួយសម្រួលដល់ការរំលាយអាហារ ជាពិសេសសម្រូបជីវជាតិចិញ្ចឹមគ្រប់សព្វយ៉ាងទៅចិញ្ចឹមដល់សរីរាង្គនីមួយៗ រួមទាំងសក់ផង ដូចនេះ បើគ្រាន់តែទទួលទានគ្រប់គ្រាន់ ប៉ុន្តែសុខភាពក្រពះមិនល្អ ក៏សក់ពុំទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែរ ។ សក់ជាសរីរាង្គដែលត្រូវការប្រូតេអ៊ីនម្យ៉ាង ហៅថា កឺរ៉ាទីន (keratin) ហេតុនេះ គួរទទួលទានអាហារដែលសម្បូរប្រូតេអ៊ីន និង ថែរក្សាសុខភាពក្រពះឱ្យបានល្អ នោះទើបសក់ងាយនឹងដុះលឿន។

២. ខូឡាជេន និង ជែឡាទីន ជំនួយដល់ការលូតលាស់នៃសក់
ខូឡាជេន ក្នុងទម្រង់ជាម្សៅប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់ និង សម្បូរដោយអាមីណូអាស៊ីត សម្រាប់ជំនួយសុខភាពសក់ ស្បែក និង ក្រចក ។ ការទទួលទានម្សៅខូឡាជែន នឹងធ្វើឱ្យសក់ដុះលឿនគួរឱ្យកត់សម្គាល់ ចំណែកក្រចកវិញក៏រឹងជាងមុន ។ ជាទូទៅ ម្សៅប្រភេទនេះ តែងតែមានទាំងគ្រឿងផ្សំខូឡាជេន និង ជែឡាទីន ដែលនេះ សុទ្ធតែជួយបំពេញប្រូតេអ៊ីនដល់រាងកាយផងដែរ ថែមទាំងអាចជួយការពារស្បែកមិនឱ្យជ្រួញ និង រក្សាសំណើមក្នុងពេលតែមួយ ។

៣. តុល្យភាពអ័រម៉ូនជំរុញដល់ការលូតលាស់នៃសក់
សុខភាពសក់ក៏អាស្រ័យនឹងកត្តាអ័រម៉ូនដែរ ជាពិសេសអ័រម៉ូនសំខាន់ៗ ៣ គឺ ៖
– អ័រម៉ូនខទីសូល (Cortisol): កង្វះអ័រម៉ូននេះធ្វើឱ្យប៉ះពាល់ដល់ការធ្វើមេតាបូលីសនៃរាងកាយ ហើយការលូតលាស់នៃសក់ត្រូវបានបន្ទុចបង្អាក់ទៅតាមនោះដែរ
– អ័រម៉ូនអេស្ត្រូជេន (Estrogen): កង្វះអ័រម៉ូននេះ នឹងធ្វើឱ្យជ្រុះសក់សម្រាប់ទាំងបុរស និង ស្ត្រី ។ កត្តាបណ្តាលឱ្យអ័រម៉ូនអេស្ត្រូជេនចុះថយនោះ មានដូចជា បរិស្ថានពោរពេញដោយជាតិពុល និងអាហារមិនសមស្រប ។
– អ័រម៉ូនទីរ៉ូអ៊ីត (Thyroid Hormones): រាងកាយត្រូវការអ័រម៉ុនទីរ៉ូអ៊ីតក្នុងកម្រិតតុល្យភាព ពុំនោះការធ្វើមេតាបូលីសនឹងចុះខ្សោយ ហើយសក់នឹងពុំទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ។

៤. ស្បែកក្បាល
សុខភាពស្បែកក្បាលគួរត្រូវបានយកចិត្តទុកដាក់ ដូចជា របបអាហារ សុខភាពក្រពះ និង កម្រិតអ័រម៉ូនដែរ ពីព្រោះស្បែកក្បាលជាកន្លែងផលិតប្រេងធម្មជាតិសម្រាប់ការពារសក់ និង ធ្វើឱ្យសក់ដុះលូតលាស់ល្អ ។ ប្រសិនបើសុខភាពស្បែកក្បាលល្អ នោះអ្នកមិនចាំបាច់កក់សក់ញឹកញាប់ ហើយសរសៃក៏នឹងប្រែជាល្អស្អាត ទោះជាមិនប្រើឧបករណ៍លេងម៉ូដសក់ក៏ដោយ ។

៥. សុខភាពក្រពេញទីរ៉ូអ៊ីត
ក្នុងចំណុចទី៣ បានលើកឡើងពីកង្វះអ័រម៉ូនទីរ៉ូអ៊ីតជាសង្ខេបរួចហើយ ។ ជាលម្អិត ហេតុអ្វីបានជាកង្វះអ័រម៉ូននេះប៉ះពាល់ខ្លាំងដល់ការលូតលាស់នៃសក់? ប្រសិនបើរាងកាយផលិតអ័រម៉ូនទីរ៉ូអ៊ីតមិនគ្រប់គ្រាន់ អាចនឹងបណ្តាលឱ្យសក់ជ្រុះ មានន័យថាកោសិកាមិនបានផលិតថាមពលគ្រប់គ្រាន់ ក្នុងការធ្វើមេតាបូលីស ហេតុនេះ ហើយទើបការលូតលាស់នៃសក់ត្រូវបានបង្អាក់ ហើយសក់អាចនឹងជ្រុះទៀតផង ។ ជម្រើស ៣ សម្រាប់ជា ដំណោះស្រាយនៃបញ្ហាមួយនេះ រួមមាន របបអាហារ ទម្លាប់នៃការរស់នៅ និងថ្នាំបំប៉ន ៕ លក្ខិណា