តើ​ដឹង​ថា​ហេតុអ្វី​មាន​ទិវា​សិទ្ធិ​នារី​៨​មិនា​​ទេ?

នៅ​រៀង​រាល់​ថ្ងៃ​ទី​៨​មិនា​ ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​តែង​​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។ ប៉ុន្តែ​ក៏​នូវ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ មាន​អត្ថន័យ​ និង​មាន​ប្រវត្តិ​យ៉ាង​ណា​នោះ​ទេ​? ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​រីករាយ​អបអរសាទរ​ទិវា​សិទ្ធិ​នារី​សម្រាប់​បងប្អូន​នារី​កម្ពុជា​ និង​នារី​ទាំង​អស់​នៅ​លើ​ពិភពលោក​ យើង​សូម​លើក​ឡើង​នូវ​អត្ថន័យ​ និង​ប្រវត្តិ​ដូច​តទៅ​៖

តើ​ដឹង​ថា​ហេតុអ្វី​មាន​ទិវា​សិទ្ធិ​នារី​៨​មិនា​​ទេ?

ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ គឺ​ថ្ងៃ​មួយ​ដែល​​មាន​ការ​ទទួល​ស្គាល់​នូវ​ការ​សម្រេច​បាន​ជោគជ័យ​របស់​ស្ត្រី​​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ដោយ​មិន​គិត​ដល់​​ការ​បែងចែក​ជាតិ​សាសន៍​ ភាសា​​ សាសនា​ វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​នោះ​ឡើយ​ ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​កើត​មាន​ចលនា​ទាមទារ​​របស់​ស្ត្រី​នៅ​អាមេរិក​ខាង​ជើង​ និង​អឺរ៉ុប​ ក្នុង​សតវត្ស​ទី​២០​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ចលនា​របស់​ស្ត្រី​​កាន់​តែ​ខ្លាំងក្លា​ឡើង​ ហើយ​វា​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ដោយ​សន្និសីទ​ពិភពលោក​សន្តី​ពី​ស្ត្រី​​ចំនួន​៤​ ​រៀបចំ​ឡើង​ដោយ​​អង្គការ​សហប្រជាជាតិ​។​ តាមរយៈ​សន្និសីទ​ទាំងនេះ​ ជំរុញ​ឲ្យ​មាន​ការ​រំលឹក​ដល់​ថ្ងៃ​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ស្ត្រី​ ដើម្បី​ជា​ការ​កសាង​ការ​គាំទ្រ​ដល់​សិទ្ធិ​ស្ត្រី​ និង​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​​ និង​នយោបាយ​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​ មិនា​ ក៏​បាន​ក្លាយ​ជា​ថ្ងៃ​ដែល​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​ទាំង​អស់​ក្នុង​ពិភពលោក​ ទាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។
ទោះ​ជា​យ៉ាង​ណា​ មុន​នឹង​មាន​ថ្ងៃ​៨ មិនា​នេះ​ ស្ត្រី​ត្រូវ​ឆ្លង​កាត់​នូវ​ការ​តស៊ូ​ជា​ច្រើន​ ដូចជា​៖
-ក្នុង​ឆ្នាំ​ ១៩០៩​ ៖ មាន​ការ​ប្រារព្ធ​ទិវា​ជាតិ​សម្រាប់​នារី​ដំបូង​បំផុត​នៅ​សហរដ្ឋអាមេរិក​ ដោយ​គណបក្ស​សង្គម​និយម​ ដើម្បី​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី​ជា​កម្មករ​កាត់ដេរ​ ដែល​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក​ ឆ្នាំ​១៩០៨​ ។
-ក្នុង​ឆ្នាំ​ ១៩១០​ ៖ មាន​ការ​ជួប​ប្រជុំ​ជា​អន្តរជាតិ​មួយ​នៅ​​ Copenhagenដើម្បី​បង្កើត​ទិវា​នារី​អន្តរជាតិ​ ដើម្បី​ជា​កិត្តិយស​ដល់​ចលនា​ទាមទារ​សិទ្ធិ​ស្ត្រី​ និង​កសាង​ការ​គាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​ការ​បោះឆ្នោត​ជា​សកល​សម្រាប់​ស្ត្រី​ ។ ការ​ស្នើ​ឡើង​នេះ​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ដោយ​ឯកច្ឆ័ន​​​ក្នុង​សន្និសីទ​មួយ​ដែល​មាន​ស្ត្រី​ជាង​១០០​នាក់​ មក​ពី​១៧​ប្រទេស​​ចូលរួម​​។
-ក្នុង​ឆ្នាំ​ ១៩១១៖ តាមរយៈ​លទ្ធផល​នៃ​ការ​ផ្ដួចផ្ដើម​នៅ​កិច្ចប្រជុំ​Copenhagen ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ដំបូង​ត្រូវ​បាន​កំណត់​ឡើង​(១៩ មិនា​)​ នៅ​ក្នុង​ប្រទេស​អូទ្រីស​ ដាណឺម៉ាក​ អាល្លឺម៉ង់​ និង​ស្វីស​ ដែល​មាន​ស្ត្រី និង​បុរស​ជាង​មួយ​លាន​នាក់​ចូលរួម​ ។ ក្នុង​នោះ​ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត​ សិទ្ធិ​កាន់​មុខតំណែង​​ក្នុង​កិច្ចការ​នានា​ សិទ្ធិ​ធ្វើ​ការងារ​ និង​សិទ្ធិ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ការ​រើសអើង​​ចំពោះ​ស្ត្រី​ក្នុង​ផ្នែក​ការងារ​ត្រូវ​បញ្ចប់​។
-ក្នុង​ឆ្នាំ​ ១៩១៣- ១៩១៤៖ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ក៏​បាន​ក្លាយ​ជា​យន្តការ​មួយ​ប្រឆាំង​នឹង​សង្គ្រាម​លោក​លើក​ទី១ ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ដំបូង​នៅ​ប្រទេស​រុស្ស៊ី​​​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​​ប្រទេស​ដទៃ​ទៀត​ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៨ មិនា​ ឬ​ក្បែរ​ថ្ងៃ​៨​មិនា។
-ក្នុង​ឆ្នាំ​១៩៧៥​ ៖ នៅ​ក្នុង​ឆ្នាំ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ អង្គការ​សហប្រជាជាតិ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ៨ ខែ មិនា​។
-ក្នុង​ឆ្នាំ​ ១៩៩៥​ ៖ សេចក្ដី​ប្រកាស​ទីក្រុង​ប៉េកាំង​ និង​កម្មវិធី​សកម្មភាព ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១៨៩​ប្រទេស​ ដោយ​ក្នុង​នោះ​មាន​ការ​​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សំខាន់ៗ​​១២​ចំណុច​របស់​ស្ត្រី​ និង​ប្រកាស​ពី​ពិភពលោក​មួយ​ដែល​ស្ត្រី​ទាំងអស់​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ដូចជា​​ការ​ចូលរួម​ក្នុង​នយោបាយ​ ការ​ទទួល​បាន​ការ​អប់រំ​ ការ​រក​ប្រាក់​ចំណូល​ ការ​រស់​នៅ​ក្នុង​សង្គម​ដែល​គ្មាន​អំពើ​ហិង្សា​ និង​ការ​រើសអើង​។
គួរ​បញ្ជាក់​ថា​ ធម្មនុញ្ញ​សហប្រជាជាតិ​ឆ្នាំ​១៩៤៥​ គឺ​ជា​​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដំបូង​គេ​ ដែល​អះអាង​អំពី​គោលការណ៍​នៃ​ភាព​ស្មើគ្នា​រវាង​បុរស ​និង​ស្ត្រី​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ អង្គការ​សហប្រជាជាតិ​ បាន​ជួយ​បង្កើត​នូវ​យុទ្ធសាស្ត្រ​ ស្តង់ដារ​ កម្មវិធី​នានា​ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឋានៈ​របស់​ស្ត្រី​ជុំវិញ​ពិភពលោក​។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • តើ​ដឹង​ថា​ហេតុអ្វី​មាន​ទិវា​សិទ្ធិ​នារី​៨​មិនា​​ទេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/30  Category:បច្ចេកវិទ្យា
Tags: