ផែនដី​​អាច​នឹង​អស់​ទឹក​សាប​​នៅ​ឆ្នាំ​២០៥០​​

បើតាមរបាយការណ៍សម្ងាត់មួយបានព្រមានថា ផែនដីកំពុងតែជួបនូវមហន្តរាយដ៏ធ្ងន់ធ្ងរមួយ ដែលអាចនាំឲ្យផែនដីលែងមានទឹកសាបនៅឆ្នាំ២០៥០។

របាយការណ៍មួយដែលត្រូវបានលេចធ្លាយនៅក្នុង Wikileak បានឲ្យដឹងថា បើមនុស្សច្រើនឡើងៗនៅលើពិភពលោកបរិភោគសាច់ នោះផែនដីនឹងប្រើប្រាស់ទឹកកាន់តែច្រើន ដែលអាចនាំឲ្យមានការខ្វះខាតទឹកសាប។ ការផលិតសាច់ទម្ងន់ត្រឹមតែ១ផោន គេត្រូវប្រើប្រាស់ទឹកក្នុងបរិមាណយ៉ាងច្រើន ដោយសារកសិករត្រូវរក្សាឲ្យដំណាំរបស់ខ្លួនល្អ សម្រាប់ការចិញ្ចឹមសត្វ។

ផែនដី​​អាច​នឹង​អស់​ទឹក​សាប​​នៅ​ឆ្នាំ​២០៥០​​

ក្នុងរបាយការណ៍សម្ងាត់ដែលមានឈ្មោះថា Tour D’Horizon with Nestle បានបញ្ជាក់ពីការបង្វែរការចាប់អារម្មណ៍លើវិបត្តិហិរញ្ញវត្ថុពិភពលោក មកលើការបាត់បង់អស់នូវទឹកសាបលើផែនដីវិញ។ ក្រុមហ៊ុនផលិតអាហារ Nestle បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមានការព្រួយបារម្ភពីបរិមាណនៃការប្រើប្រាស់សាច់នៅលើពិភពលោក។ ក្រុមហ៊ុនបានចង្អុលបង្ហាញថា ការផលិតសាច់១កាឡូរី ត្រូវការបរិមាណទឹក១០ដងច្រើនជាងការផលិតអាហារធញ្ញជាតិ១កាឡូរី។ របាយការណ៍ដដែលបន្តថា មួយភាគបីនៃប្រជាជនក្នុងពិភពលោកនឹងទទួលរងការប៉ះពាល់ពីការខ្វះខាតទឹកនៅឆ្នាំ២០២៥ ហើយស្ថានភាពនេះនឹងបន្តធ្ងន់ធ្ងរឡើងរហូតឈានដល់មហន្តរាយនៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា ប្រទេសដែលមានការប្រើប្រាស់សាច់ច្រើនជាងគេ គឺប្រទេសឥណ្ឌា និងប្រទេសចិន បន្ទាប់មកគឺ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ របាយការណ៍ខាងលើបានលើកឡើងពីបរិមាណនៃការបរិភោគសាច់ នៅក្នុងកម្រិតខ្ពស់នៅសហរដ្ឋអាមេរិក ហើយថា ប្រសិនបើប្រទេសចិន និងឥណ្ឌា ឈានទៅដល់ការប្រើប្រាស់សាច់ក្នុងកម្រិតខ្ពស់ដូចអាមេរិកនោះ បញ្ហានឹងកាន់តែធ្ងន់ធ្ងរលឿនឡើង ព្រោះតែចំនួនមនុស្សដែលកើនឡើងច្រើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលបរិមាណទឹកសាបមានមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នូវចំនួនមនុស្សដ៏ច្រើននេះឡើយ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ផែនដី​​អាច​នឹង​អស់​ទឹក​សាប​​នៅ​ឆ្នាំ​២០៥០​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: