នៅកម្ពុជា​មាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ច្រើន​លើស​ពី​ចំនួន​កុមារ​កំព្រា​

បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ បាន​ឲ្យ​ដឹង​ថា​នៅ​កម្ពុជា​សម្បូរ​ទៅ​ដោយ​មជ្ឈមណ្ឌល​កុមារ​កំព្រា សម្រាប់​ជួយ​ដល់​កុមារ​កំព្រា​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ និង​ការ​សិក្សា​ជាដើម។ ក៏​ប៉ុន្តែ​លោក​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា មណ្ឌល​កុមារ​ទាំង​នោះ​មាន​លើស​ពី​ចំនួន​កុមារ​កំព្រា​ប៉ុណ្ណា​។

វេបសាយ​ដដែល​បាន​បន្ត​ថា បើ​យោង​​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​កុមារ (អង្គការយូនីសេហ្វ) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​មជ្ឈមណ្ឌល​ថែ​ទាំ​កុមារ​ចំនួន​ ៦០០ កន្លែង ហើយ​ក្នុង​នោះ​មាន កុមារ​ចំនួន ៤៧,៩០០ នាក់​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ទាំង​អស់​នោះ​។ តួ​លេខ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​មជ្ឈមណ្ឌល​កុមារ​កំព្រា មាន​ការ​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រប​ពេល​ដែល​ចំនួន​កុមារ​កំព្រា​មាន​ការ​ធ្លាក់​ចុះ​។ បច្ចុប្បន្ន​មាន​កុមារ​កំព្រា​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ច្រើន​ជាង​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៨០ ចំនួន ៧ ដង ទាំង​ដែល​ការ​ពិត​ទៅ​កាល​ពី​ទស្សវត្សឆ្នាំ​១៩៨០ មាន​កុមារ​កំព្រា​ច្រើន​ជាង​បច្ចុប្បន្ន គឺ​មាន​ចំនួន​រហូត​ដល់ ៧៤,០០០ នាក់​ក៏​ដោយ​។

ពាក់ព័ន្ធ​នឹង​ចំនួន​កុមារ​ដែល​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នេះ​ដែរ បើ​តាម​ការ​​អង្កេត​របស់​អង្គការ​មិត្ត​សំលាញ់​អន្តរជាតិ មិន​មែន​កុមារ​ដែល​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​សុទ្ធ​តែ​ជា​កុមារ​កំព្រា​ទាំង​អស់​នោះ​ទេ ត្បិត​អង្គការ​នេះ​បាន​លើក​ឡើង​ថា ៧៥ ភាគ​រយ​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា មិន​បាន​ដឹង​ថា ភាគ​ច្រើន​នៃ​ចំនួន​កុមារ​ដែល​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​មែន​ជា​កុមារ​កំព្រា​នោះ​ទេ​ ហើយ​៦០​ភាគ​រយ​នៃ​អ្នក​ស្ម័គ្រចិត្ត​មិន​បាន​ដឹង​ថា​មណ្ឌល​កុមារ​កំព្រា​ពេល​ខ្លះ​ដំណើរ​ការ​ដូច​ស្ថាប័ន​រក​ប្រាក់​ចំណូល​ដែរ។ តាម​ពិត​ទៅ​កុមារ​ទាំង​នោះ​អាច​ជា​កុមារ​ដែល​មក​ពី​គ្រួសារ​ជួប​ការ​លំបាក​ដែលពួក​គេ​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​សិក្សា​បាន និង​ទទួល​បាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​ ហើយ​ត្រូវ​ការ​ការ​ជួយ​ពី​មជ្ឈមណ្ឌល​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​មាន​កុមារ​ដែល​មិន​មែន​ជា​កុមារ​កំព្រា​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នេះ​ដែរ មាន​ការ​ស្រាវ​ជ្រាវ​អន្តរជាតិ​មួយ​បាន​បង្ហាញ​ថា ការ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ និង​មណ្ឌល​ថែរក្សាក្មេង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ផ្នែក​សតិ​អារម្មណ៍ និង​បុគ្គលិកលក្ខណៈ​របស់​កុមារ ត្បិត​ពួក​គេ​ត្រូវ​រស់​នៅ​បែក​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​អាច​ក្លាយ​ជា​អ្នក​ងាយ​រង​គ្រោះ​នឹង​ការ​កេង​ប្រវ័ញ្ច ការ​រំលោភ​បំពាន​ និង​ការ​បែក​បាក់​ទំនាក់​ទំនង​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។

ស្រប​ពេល​ដែល​ចំនួន​មជ្ឈមណ្ឌល​កុមារ​កំព្រា​មាន​ការ​កើន​ឡើង អ្នក​ធ្វើ​ការងារ​សង្គម​បាន​ព្រមាន​ថា មាន​កុមារ​ជា​ច្រើន​បាន​ក្លាយ​ជា​ឧបករណ៍​ក្នុង​ការ​រក​លុយ តាម​រយៈ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ហើយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក៏​ត្រូវ​បាន​សង្ស័យ​ថា​អាច​កើត​មាន​ឡើង​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ដែល​មាន​ការ​ត្រួត​ពិនិត្យ​តិច​តួច​លើ​អត្តសញ្ញាណ​របស់​ជន​បរទេស​ដែល​អាច​ជា​អ្នក​រំលោភ​បំពាន​កុមារ​ផង​ដែរ។ ជន​បរទេស​ទាំង​នោះ ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​រក​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​ជាមួយ​កុមារ​ដែល​ស្ថិត​ក្រោម​ការ​ថែរក្សា​ក្នុង​មជ្ឈមណ្ឌល។ ជាក់​ស្តែង​មាន​អតីត​ប្រធាន​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​កុមារ​ម្នាក់​ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​ចំនួន ១១ នាក់ ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​មជ្ឈ​មណ្ឌល​របស់​ខ្លួន។

អាស្រ័យ​ហេតុ​នេះ​ហើយ ភ្នាក់​ងារ​អង្គការសហប្រជាជាតិ និង​សមាគម​អង្គការ​ក្រៅរដ្ឋាភិបាល​ច្រើន​ជាង​៥០ បាន​ដាក់​សម្ពាធ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​ច្បាប់​ដែល​តម្រូវ​ឲ្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ទាំង​អស់ ត្រូវ​តែ​បាន​ទទួល​ការ​អនុញ្ញាត និង​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ រាជរដ្ឋាភិបាល​ចង់​កាត់​បន្ថយ​ចំនួន​កុមារ​ដែល​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ឲ្យ​បាន ៣០ ភាគ​រយ ក្នុង​រយៈ​ពេល ៣ ឆ្នាំ។

ប្រែសម្រួល៖ សុផានី
ប្រភព៖

  • នៅកម្ពុជា​មាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ច្រើន​លើស​ពី​ចំនួន​កុមារ​កំព្រា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: