គូ​ស្នេហ៍​ទាំង​ឡាយ​គួរ​ឆ្លើយ​នឹង​ ៦ សំណួរ​ពាក់ព័ន្ធ​នឹង​លុយ​កាក់​នេះ​ឲ្យ​បាន​សិន​មុន​នឹង​រៀបការ

រឿង​លុយ​កាក់​ក៏​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​ នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ ពី​ព្រោះ​ថា​ប្រសិន​បើ​មាន​ ជម្លោះ​រឿង​លុយ​កាក់​កើត​ឡើង​ នោះ​វា​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ក្នុង​ជីវិត​គូ​ ។ ដូច​នេះ​បុរស​ និង​ស្ត្រី​ គួរ​ណាស់​តែ​ចំណាយ​ពេល​ក្នុង​ការ​ពិភាក្សា​គ្នា​ អំពី​បញ្ហា​ហិរញ្ញវត្ថុ​ និង​យុទ្ធ​សាស្រ្ត​ក្នុង​ការ​អភិវឌ្ឍ​ ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ឲ្យ​រីក​ចំរើន​ មុន​ពេល​ឈាន​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ ។

ខាង​ក្រោម​នេះ​ គឺ​ជា​សំណួរ​ទាំង​ ៦​ ដែល​អ្នក​គួរ​ពិភាក្សា​ ៖

១. តើ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក​ទាំង​ពីរ​ យ៉ាង​ម៉េច​ដែរ​ ?

សំណួរ​នេះ​អាច​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ដឹង​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​អ្នក​ទាំង​ពីរ​ ត្រូវ​គិត​ពី​បំណុល​ និង​ប្រាក់​ចំណូល​ដែល​អ្នក​ទាំង​ពីរ​មាន​ ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​អាច​សង​បំណុល​ឲ្យ​ឆាប់​រួច​ និង​អាច​អភិវឌ្ឍន៍​ថវិកា​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​ ។

២. តើ​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​លុយ​កាក់​ ?

អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​លុយ​កាក់​សម្រាប់​ការ​ចាយ​វាយ​ ក្នុង​គ្រួសារ​ក៏​ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​ដៃ​គូ​ផង​ដែរ​ ។

៣. តើ​ការ​ចំណាយ​ណា​ខ្លះ​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ថវិកា​របស់​អ្នក​ទាំង​ពីរ​ ?

អ្នក​ទាំង​ពីរ​ត្រូវ​គិត​គូរ​អំពី​ការ​ចំណាយ​ ដោយ​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​ភាគរយ​សម្រាប់​ការ​ចំណាយ​ នីមួយៗ​ ដូចជា​ ចំណាយ​រឿង​ម្ហូបអាហារ​ សំលៀក​បំពាក់​ មធ្យោបាយ​ធ្វើ​ដំណើរ​ សង​បំណុល​ និង​សម្ភារៈ​ប្រើ​ប្រាស់​ជា​ដើម​ ។ នៅ​ក្នុង​ថវិកា​របស់​អ្នក​ទាំង​ពីរ​ ក៏​ត្រូវ​មាន​ចំណែក​សម្រាប់​តៀម​ទុក​ក្នុង​ការ​ ចំណាយ​ ដែល​មិន​បាន​គិត​ទុក​ជា​មុន និង ចំណែក​សម្រាប់​ការ​សន្សំ​ទុក​ផង​ដែរ​ ។

៤. តើ​អ្នក​ទាំង​ពីរ​មាន​គោល​ដៅ​វិជ្ជាជីវៈ​បែប​ណា​ ?

អ្នក​ទាំង​ពីរ​ត្រូវ​គិត​ជា​មុន​ថា​ អ្នក​ទាំង​ពីរ​នឹង​នៅ​បន្ត​ធ្វើ​ការ​របស់​ខ្លួន​ដដែល​ ឬ​យ៉ាង​ណា​ ? ចុះ​ប្រសិន​ បើ​ការងារ​អ្នក​ទាំង​ពីរ​មិន​ស៊ីគ្នា​ តើ​អ្នក​នៅ​បន្ត​ធ្វើ​ឬ​យ៉ាង​ណា​ ? តើ​តម្រូវ​ឲ្យ​ម្នាក់​ត្រូវ​ធ្វើ​ការ​រក​ប្រាក់​ចំណូល​ សម្រាប់​គ្រួសារ​ ហើយ​ម្នាក់​ទៀត​នៅ​ផ្ទះ​ ឬ​យ៉ាង​ណា​ ? ចុះ​ក្នុង​ករណី​ដែល​មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​ សុខភាព ឬ​អ្នក​ទាំង​ពីរ​មាន​កូន​ តើ​អ្នក​ទាំង​ពីរ​នៅ​បន្ត​ធ្វើ​ការ​ ឬ​មាន​ម្នាក់​ត្រូវ​ឈប់​ពី​ការងារ​ ?

៥. តើ​ជីវភាព​បែប​ណា​ដែល​អ្នក​ទាំងពីរ​មាន​លទ្ធភាព​ និង​តើ​ជីវភាព​បែប​ណា​ដែល​អ្នក​ទាំង​ពីរ​ ចង់​បាន​ ?

ជា​ការ​ពិត​ការ​រស់​នៅ​ក្នុង​ជីវភាព​កម្រិត​ខ្ពស់​ ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន​ ដែល​អាច​នាំ​មក​នូវ​ ការ​ស្រ្តេស និង​សម្ពាធ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ ។ ចំណែក​ឯ​ការ​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​ល្មម​ នោះ​អ្នក​ទាំង​ពីរ​ មិន​ចាំ​បាច់​ចំណាយ​ច្រើន​ មិន​មាន​ស្រ្តេស​ច្រើន​ និង​មិន​សូវ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ។ ដូចនេះ​អ្នក​ទាំង​ពីរ​ គួរ​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ​ ។

៦. តើ​អ្នក​មាន​គម្រោង​ចំពោះ​ការ​ចូល​និវត្តន៍​របស់​អ្នក​ទាំង​ពីរ​បែប​ណា ?

ប្រសិន​បើ​អ្នក​ទាំង​ពីរ​មាន​គោល​បំណង​ក្នុង​ការ​ចូល​និវត្តន៍​លឿន​ហើយ​មាន​បំណង​ក្នុង​ការ​ធ្វើ​ ដំណើរ​កម្សាន្ត​ច្រើន​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចូល​និវត្តន៍​នោះ​អ្នក​ទាំង​ពីរ​ត្រូវ​ខំ​ធ្វើ​ការ​រក​លុយ​ឲ្យ​បាន​ ច្រើន​និង​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​អាច​សម្រេច​គោល​បំណង​បាន​ ។ ដូច្នេះ​ការ​រក​ ប្រាក់​ចំណូល​ និង​ការ​សន្សំ​លុយ​កាក់​ ក្នុង​កម្រិត​ណា​ក៏​ត្រូវ​កំណត់​ដោយ​គោល​បំណង​នៃ​ការ​ចូល​និវត្តន៍​ របស់​អ្នក​ទាំង​ពីរ​ដែរ​ ។

​សំណួរ​ខាង​លើ​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ដែល​កំពុង​ឈាន​ទៅ​រក​ជីវិត​អាពាហ៍ ពិពាហ៍​ ដូច្នេះ​អ្នក​ទាំង​ពីរ​ មិន​ត្រូវ​មើល​រំលង​វា​ឡើយ​ ព្រោះ​វា​ក៏​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​កំណត់​អំពី​ភាព​ ជោគជ័យ​ ឬ​បរាជ័យ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ដែរ​ ។

ប្រែសម្រួល ៖ Sophany
ប្រភព ៖

  • គូ​ស្នេហ៍​ទាំង​ឡាយ​គួរ​ឆ្លើយ​នឹង​ ៦ សំណួរ​ពាក់ព័ន្ធ​នឹង​លុយ​កាក់​នេះ​ឲ្យ​បាន​សិន​មុន​នឹង​រៀបការ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: