ទេសចរ​​និង​សង្គម​ស៊ីវិល​សាទរ​​ចំពោះ​ការ​​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរសមុទ្រ​មួយ​ចំនួន​នៅ​ក្រុង​ព្រះសីហនុ

ប្រជាពលរដ្ឋ និង​ទេសចរ សាទរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ ឈាន​ដល់​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន និង​បើក​ស្ពាន​តេជោ​មរកត ឬ​ស្ពាន​កោះពស់ ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល ត្រូវ​វាយ​កម្ទេច​សំណង់​រឹងមាំ​ផ្សេងៗ ដែល​កំពុង​សង់​នៅ​តាម​ឆ្នេរសមុទ្រ និង​ត្រូវ​រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ច្រើន​ទៀត ដែល​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង ហើយ​អភិវឌ្ឍន៍​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត។

ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​បាន​កោត​សរសើរ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​ថា កំពុង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​សោភណភាព​មាន​សួន​ច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ មាន​សោភណភាព​ល្អ​ជា​បណ្ដើរៗ​មក​ដល់​ពេល​នេះ។

​ភ្ញៀវ​ជាតិ​បាន​ស្វាគមន៍​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​សហការ​អភិវឌ្ឍ​តំបន់​ឆ្នេរ និង​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​មួយ​ចំនួន​ឲ្យ​មនុស្ស​អាច​ដើរ​ឆ្លង​កាត់ ឬ​អាច​មើល​ឃើញ​ទឹក​សមុទ្រ​ពី​ចម្ងាយ​មាន​ដូចជា​ឆ្នេរ​ឯករាជ្យ និង​បើក​ឲ្យ​ពលរដ្ឋ​អាច​ដើរ​ឆ្លងកាត់​ស្ពាន «តេជោ​មរកត ឬ​ស្ពាន​កោះពស់» ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​កញ្ញា នៅ​តំបន់​ឆ្នេរ​មួយ​ចំនួន ភ្ញៀវ​ទេសចរ​ជាតិ​ភាគ​ច្រើន​បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​សង្កេត​ឃើញ​ថា ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ និង​កំពុង​អភិវឌ្ឍ​ខេត្ត ពិសេស​តំបន់​ឆ្នេរសមុទ្រ​មួយ​ចំនួន​ឲ្យ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​អភិវឌ្ឍ​ឲ្យ​មាន​សួន​ច្បារ​ប្រកប​ដោយ​សោភណភាព។ ពួកគេ​សាទរ​ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ ពិសេស​រដ្ឋាភិបាល​ដែល​បាន​ជ្រោមជ្រែង​ឈាន​ដល់​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ខ្លះ​ដែល​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មានទ្រព្យ​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង​ដែក ឬ​ថ្ម​ទុក​ចោល ដាក់​ឲ្យ​ពួកគេ​ចូល​កម្សាន្ត និង​ងូត​ទឹក​សមុទ្រ​បាន​ទូលំទូលាយ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ពេល​នេះ។

ទន្ទឹម​គ្នា​នេះ មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ដែល​ចូល​មក​ដល់​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ត្រូវ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ដែល​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​បិទ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍន៍​តំបន់​នោះ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដាក់​ជូន​សាធារណជន​ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​​ថ្ងៃ​អនាគត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​រិះគន់ ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ពិសេស​រដ្ឋាភិបាល​ដែល​អនុវត្ត​ការងារ​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មិន​ទាន់​ស្មើភាព​រវាង​ពលរដ្ឋ​សាមញ្ញ​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ។

អ្នកស្រី​ឲ្យ​ដឹង​ថា កន្លង​មក​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា តែងតែ​ទៅ​រក​រឿង​ក្រុម​អាជីវករ​មាន​លក្ខណៈ​តូចតាច​នៅ​តាម​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន ដោយ​បាន​វាយកម្ទេច​តូប​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​បំផ្លាញ​ចោល​រាប​ដល់​ដី​អស់​ជា​ច្រើន​តូប​កន្លង​មក។ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា សម្រាប់​សំណង់​រឹងមាំ​សង់​នៅ​ជាប់​ឆ្នេរ ឬ​ជាប់​សមុទ្រ​មាន​ទីតាំងនៅ​ពី​មុខ​បរិវេណ​សាលាខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ថ្មី ឆ្នេរ​មាស ឆ្នេរ​ម្លប់​ជ្រៃ ឆ្នេរ​ហាវៃ ឆ្នេរ​តំបន់​ពយកំពេញ និង​ចុង​ឆ្នេរ​ឯករាជ្យ​ជាដើម ដែល​មាន​ម្ចាស់​ជា​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​វិញ គឺ​អាជ្ញាធរ​មិន​បាន​ទៅ​រំខាន​នោះ​ទេ ហើយ​សំណង់​រឹង​មាំ ឬ​ការ​ប្រកប​អាជីវកម្ម​ដែល​មាន​ខ្នង​បង្អែក​ទាំង​នោះ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​មក​ដល់​ពេល​នេះ៖ «សូម​ឲ្យ​រដ្ឋាភិបាល​បែងចែក​តំបន់ ឬ​ទីតាំង​សម្រាប់​ដាក់​ជូន​ឈ្មួញ​មាន​ទ្រព្យ អ្នក​វិនិយោគ​ធំៗ និង​ទីតាំង​ទុក​សម្រាប់​ពលរដ្ឋ​ធម្មតា​ក្នុង​ការ​ស្ថាបនា​ទីកន្លែង​ប្រកប​របរ​លក់​ដូរ​ចិញ្ចឹម​ជីវិត​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ទីតាំង​ដែល​ពលរដ្ឋ​សាមញ្ញ ឬ​អាជីវករ​លក់​ដូរ​មាន​ថវិកា​តិចតួច​សម្រាប់​អភិវឌ្ឍ​ទីតាំង​របស់​ពួក​គឺ​ត្រូវ​រក្សា​ឲ្យ​នៅ​ដដែល និង​មិន​ត្រូវ​បណ្ដេញ​ឲ្យ​រុះរើ​តម្រូវ​ឲ្យ​សង់​ទីកន្លែង​លក់​ដូរ​ទៅ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​នោះ​ទេ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ​ទីតាំង ឬ​របរ​ពួកគេ​បាន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ជាដើម​មក​ធ្វើ​ដើម​ទុន»។​

ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​គណៈកម្មាធិការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ការងារ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​ពលរដ្ឋ​សាមញ្ញ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​ដោយ​មិន​ត្រូវ​ទុក​ឲ្យ​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មួយ​ចំនួន​អាច​ធ្វើ​សកម្មភាព​បាន​គ្រប់​បែប​យ៉ាង ហើយ​មក​គាប​សង្កត់​តែ​ពលរដ្ឋ​មាន​របរ​តូចតាច​ដូច​ធ្លាប់​អនុវត្ត​កន្លង​មក​នោះ​ទេ។

ទាក់ទិន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ស្វាគមន៍​ដល់​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ពី​គ្រប់​ទិសទី​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ច្រើន​កុះករ។ លោក​ធានា​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ​បាន​ត្រៀម​កម្លាំង​រង់ចាំ​ការពារ​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ជាង​នេះ​ទៀត លោក យន្ត មីន ក៏​បាន​ទទូច​ដល់​ប្រតិបត្តិករ​ទេសចរណ៍​បម្រើ​សេវា​ផ្សេងៗ មាន​ដូចជា​ចំណី​អាហារ និង​ការ​ស្នាក់​នៅ​ជាដើម គឺ​សំណូមពរ​មិន​ត្រូវ​ដំឡើង​តម្លៃ​សេវា​របស់​ខ្លួន​ពី​ភ្ញៀវ​ទេសចរ​ច្រើន​ហួសហេតុ​ពេល​ទេ ហើយ​បើសិនជា​អាច គឺ​ត្រូវ​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​មាន​ប្រាក់​ចំណូល​ទាប អាច​មាន​ឱកាស​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​បាន​ច្រើន និង​រីករាយ​ទាំង​អស់​គ្នា​នា​ឱកាស​បុណ្យ​ភ្ជុំ និង​បុណ្យ​ជាតិ​ធំៗ​ជា​បន្តបន្ទាប់​ទៀត៖ «កម្លាំង​សមត្ថកិច្ច​យើង​គឺ​បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ការពារ​បញ្ហា​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ គឺ​បាន​រៀបចំ​រួច​ជា​ស្រេច​អស់​ហើយៗ ពេល​នេះ ហើយ​នៅ​តាម​ទីកន្លែង​បម្រើ​សេវា​ទេសចរណ៍​ផ្សេងៗ​ជូន​ភ្ញៀវ​ទេសចរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​បំផុត​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់​នោះ ឲ្យ​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ និង​បាន​សំណូមពរ​ស្នើ​មិន​ឲ្យ​ដំឡើង​លើង​តម្លៃ​ខ្ពស់​ហួសហេតុ ឬ​កាត់​កោ​តម្លៃ​ពី​ភ្ញៀវ​ទេសចរ​ខ្ពស់​កប់​ពពក​ពី​សេវា​បម្រើ​របស់​ខ្លួន​ពី​ភ្ញៀវ​ទេសចរ​នោះ​ទេ»

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ទៅ​លើ​ការ​រិះគន់ និង​សំណូមពរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រិះគន់​ទៅ​លើ​ការងារ​អភិវឌ្ឍ​ឆ្នេរសមុទ្រ មិន​ទាន់​ស្មើភាព​រវាង​ពលរដ្ឋ​សាមញ្ញ អ្នក​មាន​ទ្រព្យធន និង​បុគ្គល​មាន​អំណាច។ ប៉ុន្តែ​លោក​បាន​ព្រលយ​ថា រដ្ឋាភិបាល ឬ​គណៈកម្មាធិការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ និង​រដ្ឋបាល​ខេត្ត​នេះ​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​អភិវឌ្ឍ​តំបន់​ឆ្នេរ​មួយ​ចំនួន​ឲ្យ​មាន​សួន​ច្បារ​ភ្លើង​បំភ្លឺ និង​ពង្រីក​ផ្លូវ​ធ្វើ​ដំណើរ​ឲ្យ​បាន​ធំ​ទូលាយ​សម្រាប់​ទទួល​ស្វាគមន៍​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត ពិសេស​នៅ​ពេល​មាន​បុណ្យ​ជាតិ​ធំៗ ដូចជា​បុណ្យ​ឆ្លង​ឆ្នាំ​សកល បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​សមុទ្រ ដែល​រដ្ឋបាល​ខេត្ត​នេះ​ត្រៀម​រៀបចំ​នៅ​ចុង​ឆ្នាំ​២០១៦ នេះ​ជាដើម។

​លោក យន្ត មីន សង្កត់​ធ្ងន់​ថា ការងារ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ និង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​គឺ​កំពុង​រំលេច​រូបរាង និង​បង្ហាញ​សោភណភាព​ជា​បណ្ដើរៗ​ហើយ នៅ​តាម​តំបន់​ឆ្នេរ និង​ខ្សែ​ក្រវាត់​ក្រុង​ព្រះសីហនុ នៅ​ពេល​នេះ ហើយ​នឹង​ឈាន​ដល់​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ នៅ​ពេល​រដ្ឋាភិបាល​បញ្ចប់​ផែនការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ឆ្នេរ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ទាំង​នៅ​លើ​ដី​កោះ និង​ដីគោក។

​យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ អះអាង​ថា នឹង​រង់ចាំ​មើល​សកម្មភាព​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​គណៈកម្មាធិការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ អាច​ឈាន​ដល់​ចុះ​បើក​របង​ថ្ម ឬ​ដែក​ដែល​កំពុង​ហ៊ុមព័ទ្ធ​ឆ្នេរ​ទុកចោល​គ្មាន​ការ​អភិវឌ្ឍ​ជាង ១០​ឆ្នាំ មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ។ ជាង​នេះ​ទៀត ពួកគេ​ក៏​នឹង​រង់ចាំ​មើល​សកម្មភាព​របស់​ក្រុម​ការងារ​រដ្ឋាភិបាល​ក្នុង​ការងារ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ អាច​មាន​លទ្ធភាព ឬ​សមត្ថភាព​រុះរើ​សំណង់​រឹងមាំ​ដែល​ឈ្មួញ​មាន​ទ្រព្យ និង​បុគ្គល​មាន​អំណាច​ខ្លះ កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​សង់​រំលោភ​ដី​ចំណី​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​មាន​សំណង់​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ ជាដើម​ថា តើ​អាច​អនុវត្ត​បាន​ស្មើ​ភាព​គ្នា​រវាង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​បាន​ត្រឹមត្រូវ ឬ​មាន​ប្រសិទ្ធភាព​ត្រឹមត្រូវ​កម្រិត​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។