សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​បុណ្យ​ភ្ជុំ​ធំ នៅ​វត្ត​វាំង​ចាស់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបុណ្យភ្ជុំធំ នៅវត្តហរិរក្សារាជិនី ហៅវត្តវាំងចាស់ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃនេះជាថ្ងៃបុណ្យភ្ជុំធំដែលជាថ្ងៃចុងក្រោយ។ ខ្ញុំ និងភរិយាកំពុងធ្វើដំណើរទៅវត្តវាំងចាស់ ដើម្បីចូលរួមពិធីបុណ្យនៅទីនោះ។ សូមឧទ្ទិសកុសលទាំងអស់ជូនជនរួមជាតិ សូមប្រកបតែសេចក្តីសុខ»។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវគ្រឿងសក្ការៈបូជាមួយចំនួន ថ្វាយចំពោះព្រះរតនៈត្រ័យ និងនាំយកចង្ហាន់ទេយ្យទាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងបច្ច័យប្រគេនព្រះសង្ឃ រាប់បាត្របង្សុកូល ឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនចំពោះបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅ ។
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងប្រទេសកម្ពុជា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ឆ្នាំនេះបុណ្យភ្ជុំបិណ្ឌមានការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនានា៕
សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​បុណ្យ​ភ្ជុំ​ធំ នៅ​វត្ត​វាំង​ចាស់