យុវជន​គោរព​ប្រតិបត្តិ​ឪពុក​ម្ដាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ក្រៅ​អំពី​ការ​ប្រារព្ធ​ភ្ជុំ​បិណ្ឌ ដែល​នាំ​យក​ចង្ហាន់​និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីវត្ត​អារាម ឪពុកម្ដាយ​គឺ​ជា​ជម្រើស​ដំបូង​ដែល​កូន​ចៅ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ប្រើ​ឱកាស​នេះ​ធ្វើ​បុណ្យ​ជូន​លោក​ទាំង​ពីរ​ជា​ការ​តប​ស្នង​សង​គុណ។

ពាក្យ​ថា​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ បាន​ដាស់​តឿន​ក្រើន​រំលឹក​ដល់​កូន​ខ្មែរ ដែល​មាន​ន័យ​ប្រៀបធៀប​ថា ធ្វើ​បុណ្យ​ទាន់​លោក​អ្នក​មាន​គុណ​ទាំង​ពីរ​នៅ​រស់ នៅ​ហូប​បាន។ អំពើ​នេះ​មិន​សំដៅ​តែ​ធ្វើ​បុណ្យ​ជូន​លោក​ទាំង​ពីរ​នៅ​ពេល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ​ទេ គឺ​អាច​ធ្វើ​ជូន​គាត់​គ្រប់​ពេល​វេលា។

ប៉ុន្តែ​នៅ​ឱកាស​នេះ គឺ​ជា​ពេលវេលា​ដ៏​វិសេស​វិសាល​មួយ ដែល​កូនៗ​ត្រូវ​តែ​នឹក​ឃើញ​ហើយ​គោរព​ប្រតិបត្តិ​ជូន​លោក​ទាំង​ទ្វេ ដោយសារ​ជា​ពេលវេលា​បាន​សម្រាក​ពី​ការងារ និង​ការ​រក​ទទួលទាន។

អង្គុយ​រង់ចាំ​រថយន្ត​ឈ្នួល នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ យុវជន សៀង ប៉ូឡូញ ក្នុង​វ័យ ៣១​ឆ្នាំ ពាក់​អាវ​ក​ឌុប​ពណ៌​ស​ក្រឡា​ឆ្នូត មាន​ស្ពាយ​កាបូប​នៅ​នឹង​ខ្លួន ថ្លែង​ថា ដោយ​ក្ដី​នឹក​រលឹក​ដោយសារ​គាត់​ចាកចេញ​មក​ធ្វើការ​នៅ​ភ្នំពេញ រាល់​ពេល​មាន​ពិធី​បុណ្យ​ធំៗ​យ៉ាង​ហោច​ណាស់ ១​ឆ្នាំ ២​ដង គាត់​តែង​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​ពិសេស​អ្នក​ម្ដាយ៖ «គោល​បំណង​ទៅ​លេង​អ្នក​ម្ដាយ និង​ក្រុម​គ្រួសារ​ញាតិ​មិត្ត​បង​ប្អូន។ អ្នក​ធ្វើការ​ចំណាក​ស្រុក​អ៊ីចឹង​ទៅ និយាយ​រួម​ឱកាស​មាន​តែ​ម្ដង មាន​ថវិកា​បន្តិចបន្តួច​ជូន​គាត់ យើង​ធ្វើ​ម៉េច​ឲ្យ​គាត់​សប្បាយ​ចិត្ត»

យុវជន​ប្រុស​ស្រី​ជា​ច្រើន​បាន​ឈរ​ត្រៀបត្រា​រង់ចាំ​រថយន្ត​ដឹក​ជញ្ជូន​ពួកគេ​ទៅ​ស្រុក​កំណើត ខ្លះ​ទិញ​នំ​ចំណី ផ្លែ​ឈើ​ដែល​គេ​យក​មក​លក់​នៅ​នឹង​ចំណត និង​ខ្លះ​អង្គុយ​រង់ចាំ​លើ​រថយន្ត។ សំណើច​ក្អាកក្អាយ​បាន​លាន់​លឺ​ចេញ​មក​ក្រៅ​រថយន្ត៖ «សំឡេង​សើច»។ ពួក​គេ​និយាយ​ចំអែចំអន់​គ្នា​លេង​បណ្ដើរ និង​សើច​លេង​បណ្ដើរ ទាំង​អ្នក​ជិះ និង​ព្រូ​ឡាន។

កញ្ញា សុភា អាយុ ២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ កំពុង​អង្គុយ​លើ​រថយន្ត​ឈ្នួល​រង់ចាំ​ចេញ​ដំណើរ​ទៅ​ស្រុក​កំណើត​ទៅ​ខេត្ត​កំពង់ចាម ថ្លែង​ថា ទោះ​ធ្វើ​បុណ្យ​នៅ​នឹង​វត្ត​តែ​នាង​មិន​ភ្លេច​ធ្វើ​ជូន​ឪពុក​ម្ដាយ​ជា​មុន​នោះ​ទេ។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​នាង​គឺ​បន់ស្រន់​ឲ្យ​មាតាបិតា​មាន​អាយុ​យឺនយូរ​មាន​សុខភាព​ល្អ៖ «ខែ​ភ្ជុំ​ចូល​ឆ្នាំ​អ៊ីចឹង ទៅ​លេង​ម៉ែ​ឪ​បង​ប្អូន ធ្វើ​បាយ​សម្ល​ទៅ​វត្ត​ជូន​ឪពុកម្ដាយ​ទៅ​វត្ត​ទៅ​អី ជូន​ថវិកា​ជូន​បាយ​ម្ហូប​អី​ទៅ និង​ប៉ង​ឲ្យ​គាត់​មាន​សេចក្ដី​សុខ»

ឈរ​ក្រៅ​រថយន្ត​ឈ្នួល​ដែល​រង់ចាំ​ដឹក​អ្នក​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម យុវជន​វ័យ ២០​ឆ្នាំ​គត់ ស្លៀក​ខោ​ខោវប៊យ ពាក់​អាវ​យឺត និង​ស្បែក​ជើង​ឃ្លុប​បែប​ស៊ីវិល័យ មាន​អាជីព​ជា​ជាង​ច្នៃ​ម៉ូត​គ្រឿង​អលង្ការ យុវជន ស៊្រន់ លីហេង ថ្លែង​ថា ឆ្នាំ​នេះ គាត់​មាន​ចិត្ត​អន្ទះសា​ជាង​រាល់​ឆ្នាំ​ដោយ ព្រោះ​តែ​គាត់​មាន​ការងារ​រវល់​ធ្វើ​ច្រើន​ស្ទើរ​ខកខាន​មិន​បាន​ទៅ​ស្រុក​កំណើត។

យុវជន​ដដែល​ថា គាត់​បាន​នាំ​យក​ថវិកា និង​អាហារ​ហូប​ចុក​ដែល​អ្នក​មាន​គុណ​ទាំង​ពីរ​ចង់​ទទួលទាន រួម​ទាំង​ទិញ​របស់​របប និង​សំលៀក​បំពាក់​ជូន​លោក​ទាំង​ពីរ​ផង៖ «ខ្ញុំ​ទិញ​គ្រឿង​សមុទ្ទ​ផ្ញើ​គាត់ ប៉ា​គាត់​ចង់​ញុំាំ គាត់​ចង់​បាន​សំលៀកបំពាក់ ខ្ញុំ​ទិញ​ឲ្យ​គាត់​បាន​ខោ​បី​ដែរ ហើយ​និង​ខោអាវ​ឲ្យ​អា​កូន ១​កំផ្លេ​ដែរ។ មាន​អារម្មណ៍​ថា ពេល​ដែល​យើង​នៅ​ជិត​ម៉ែ​ឪ​ធ្វើ​អ្វី​មួយ​ត្រូវ​អារ​កាត់​ពី​គាត់​ពេល​អត់​លុយ​អ៊ីចឹង ម៉ាក់​កូន​ដប់​ដុល្លារ កូន​ម្ភៃ​ដុល្លារ។ ខ្ញុំ​នៅ​ទីនេះ​ខ្ញុំ​បែក​គាត់ ៤​ឆ្នាំ​ហើយ ពេល​ណា​ខ្ញុំ​អត់​លុយ​យើង​ខំ​ប្រឹង​ខ្លួន​ឯង​ពេល​និយាយ​ទៅ​នឹក​គាត់​ខ្លាំង​មែន​ទែន»

ក្នុង​សំលៀកបំពាក់​ប្រពៃណី​កាន់​ទេយ្យទាន​នៅ​ក្នុង​ដៃ នាំ​យក​មក​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ​ជាមួយ​ម្ដាយ និង​បងស្រី​ផង កញ្ញា សុខ ធារ៉ា អាយុ ២៧​ឆ្នាំ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​មួយ​រស់​នៅ​រាជធានី​ភ្នំពេញ នាង​ថ្លែង​ថា នៅ​រាល់​ពិធី​បុណ្យ​ទាន​ធំៗ​រាល់​ឆ្នាំ ជា​ពិសេស​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដងៗ នាង​តែងតែ​ជូន​ថវិកា​ដល់​ម្ដាយ ទោះ​តិច ឬ​ច្រើន ដើម្បី​ឲ្យ​គាត់​ធ្វើ​ម្ហូប​យក​ចង្ហាន់​ទៅ​វត្ត និង​រៀបចំ​ស្លា​ដក​ប្រគេន​ព្រះសង្ឃ​ជា​ដើម។ នាង​បន្ត​ការ​ធ្វើ​ដូច្នេះ​មិន​មែន​តែ​ក្នុង​ឱកាស​នេះ​ទេ ប៉ុន្តែ​វា​ជា​ពេល​វេលា​ល្អ​មួយ​ដែល​ពិសេស​ជាង​សព្វ​មួយ​ដង​ដែល​កូនៗ​គួរ​តែ​នឹក​ឃើញ​ដល់​អ្នក​មាន​គុណ៖ «មុន​ពេល​ខ្ញុំ​ទៅ​វត្ត​ខ្ញុំ​ត្រៀម​ម្ហូប​អាហារ​ឲ្យ​គាត់​ហើយ​ខ្ញុំ​មាន​ជា​លុយ​ជូន​គាត់ ហើយ​បបួល​គាត់​មក​វត្ត​ជាមួយ​គ្នា​នៅ​ពេល​គាត់​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ហើយ»

នៅ​បណ្ដា​បុណ្យ​ប្រចាំ ១២​ខែ ខ្មែរ​បាន​ចាត់​ទុក​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​បុណ្យ​ធំ​ជាង​គេ។ ក្រៅ​អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​តាម​ប្រពៃណី ឪពុក​ម្ដាយ​ដែល​នៅ​រស់​រាន​មាន​ជីវិត​នោះ កូន​ចៅ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ ប្រើ​ឱកាស​នេះ​ធ្វើ​បុណ្យ​ជូន​លោក​ទាំង​ពីរ​ជា​ការ​តប​ស្នង​សង​គុណ​ផង​ដែរ។ នេះ​ក៏​ជា​ឱកាស​ឈប់​សម្រាក​ពី​ការងារ​បាន​ជួបជុំ​ញត្តិ​សន្តាន​នៅ​ស្រុក​កំណើត ឬ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​យ៉ាង​សប្បាយ​រីករាយ។

សមាជិក​គណៈកម្មការ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដូនជី សោម ចាន់ថា បាន​ពន្យល់​ថា កូន​ដែល​បាន​គោរព​ប្រតិបត្តិ​ដល់​មាតាបិតា លើក​សរសើរ​ដល់​មាតា​បិតា​នោះ​រមែង​បាន​ទទួល​សុខ​សុភមង្គល​ក្នុង​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។