​ភ្ញៀវទេសចរ​ចិន​ពិតជារីករាយ​ ដែលរកឃើញអីវ៉ាន់វិញ

ខេត្តសៀមរាប​ ៖​ កម្លាំង​នគ​របាល​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​តំបន់​ផាប់​ស្ទ្រី​ត (Police Box)​ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ភ្ញៀវ​ទេសចរជនជាតិ​ចិន​មួយ​​ក្រុម នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា ​​២០១៦ ថា ​បាន​ភ្លេច​កាបូប និង​របស់របរ​មួយ​ចំនួន​នៅ​លើ​រ៉ី​ម៉ក​ម៉ូតូ​កង់បី រួច​យក​មក​​​ធ្វើការ​ប្រគល់​ជូន​ពួក​​ម្ចាស់វិញ ដើម្បី​ធានា​​​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ នៅ​ក្នុង​ក្រុង​សៀមរាប​។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច​មក លោក​វរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល ដោយ​ប្រើប្រាស់​វិធានការ​ជំនាញ ធ្វើការ​ស្រាវជ្រាវ រក​ឃើញ​ម្ចាស់​រ៉ូ​ម៉ក ហើយ​បាន​នាំ​យក​នូវ​កាបូប និង​របស់របរ​មួយ​ចំនួន​មក​ប្រគល់​ជូន​ភ្ញៀវ​ជនជាតិ​ចិន​វិញ​រួចរាល់​ហើយ ដោយ​ពុំ​មាន​បាត់បង​របស់​អ្វី​ឡើយ​ ។

​សម្ភារ​ដែល​ភ្ញៀវ​បរទេស​​ភ្លេច​នៅ​លើរ៉ឺម៉ក​ម៉ូតូ​កង់​បី​នោះ​មាន​ លិខិតឆ្លងដែន​ចំនួន​​៣​ក្បាល​, ទូរស័ព្ទ​ដៃ​ម៉ាក Huawei ​១​គ្រឿង​, កាបូប​ប្រាក់​​១ ក្នុង​នោះ​មាន​ប្រាក់​១​ពាន់​វ៉ុ​ន​​ និង​សម្ភារ​ជា​ច្រើន​ទៀត​។ នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​កងកម្លាំង​នគរបាល​ខេត្តសៀមរាប ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ជា​ស្នងការ​នគរបាល​ខេត្ត រួម​ទាំង​ម្ចាស់​រ៉ូ​ម៉ក​ម៉ូតូ​កង​បី ផង​ដែរ​។

​ទ​ង្វើ​ដ៏​ល្អ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ទំនុកចិត្ត​មក​លើកងកម្លាំង​នគរបាល​​យើង ក៏​ដូច​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​ទស្សនា​​ក្នុង​ខេត្តសៀមរាប​​បន្ថែម​ទៀត ដោយ​ពុំ​មានកា​រ​ភ័យ​ខ្លាច​ឡើយ ហើយ​ជនជាតិ​ចិន​ទាំងនោះ​​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើ ចំពោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ ដែល​បាន​ខិតខំ​ប្រឹងប្រែង រក​របស់របរ​ទាំងនេះ​​ មក​ប្រគល់​ជូន​គាត់​វិញ​ ៕