៥ ជម្រើសបំបាត់ក្លិនខ្លួនទទួលបានភាពស្និទ្ធស្នាល

6 Videos


ក្លិនខ្លួនគឺជាបញ្ហាមួយគួរឲ្យរំខានជាខ្លាំងព្រោះវាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តនិងធ្វើឲ្យអ្នកដទៃមិនចង់នៅក្បែរថែមទៀត ។ ហេតុនេះអ្នកគួរស្វែងយល់ជាមុនថា ហេតុអ្វីទើបបណ្តាលឲ្យមានក្លិនខ្លួន ? និងរកវិធីកម្ចាត់ឲ្យបានត្រឹមត្រូវ…។

+មូលហេតុធ្វើឲ្យកើតមានក្លិនខ្លួន
ក្លិនខ្លួនកើតឡើងដោយសារតែក្រពេញញើសផលិតសារធាតុពណ៌សល្អក់ចេញមកហើយនៅពេលប៉ះនឹងបាក់តេរីនៅលើស្បែកទើបវាបណ្តាលឲ្យមានក្លិនមិនល្អ ជាពិសេសនៅបរិវេណកន្លៀតៗផ្អាប់សើមដូចជាក្លៀកឬគន្លាក់ជើងជាដើម ។ ក្រៅពីនេះអ័រម៉ូនជាពិសេសចំពោះស្ត្រីវ័យជំទង់ដែលកំពុងតែ មានការប្រែប្រួលអ័រម៉ូនខ្លាំងក៏អាចបណ្តាលឲ្យមានក្លិនខ្លួនបាន ។

ក្រៅពីនេះអាកាសធាតុក៏មានចំណែកធ្វើឲ្យមានក្លិនខ្លួនដែរ ជាពិសេសពេលអាកាសធាតុក្តៅតែម្តងដូចនេះអ្នកគួរពាក់អាវណាដែលខ្យល់ចេញចូលបានល្អ ឆាប់ស្ងួតញើស ។ ម្យ៉ាងទៀតអារម្មណ៍តានតឹង ខឹងឬភ័យរន្ធត់អាចជំរុញដល់ក្រពេញញើសឲ្យបញ្ចេញញើសច្រើនជាងធម្មតា ។ រីឯអាហារមួយចំនួនក៏មានចំណែកធ្វើឲ្យកើតក្លិនខ្លួនដែរ ដូចជាសាច់សត្វ ស៊ុត ថ្លើម រុក្ខជាតិពពួកសណ្តែក ខ្ទឹមបារាំង ខ្ទឹមស និង គ្រឿងទេសនានា ។ ម្យ៉ាងទៀតក៏បណ្តាលមកពីការលេបថ្នាំផ្សះប្រភេទខ្លះដែរ ។

+វិធីកម្ចាត់ក្លិនខ្លួន
១-ងូតទឹកសម្អាតខ្លួនឲ្យស្អាត ដោយប្រើសាប៊ូកម្ចាត់មេរោគ បាក់តេរីនិងផលិតផលបំបាត់ក្លិនខ្លួន ។
២-ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះពេលខ្លះត្រូវប្រើថ្នាំផ្សះដើម្បីជួយសម្លាប់បាក់តេរីឬអាចចាក់បូថក់ស៍(Botox)ដើម្បីបន្ថយបរិមាណញើសឲ្យតិចជាងមុនដោយវាមានប្រសិទ្ធភាពប្រហែល ៦ ខែ ។
៣-ប្រើវិធី O-Laser ដើម្បីកម្ចាត់ក្រពេញញើសក្រោមក្លៀកដោយមិនចាំបាច់បំផ្លាញសរសៃឈាមឬស្បែកឡើយ ។
៤-ប្រើកាំរស្មី RF ទៅក្រោមស្បែកបរិវេណក្រោមក្លៀកដើម្បីកុំឲ្យ ក្រពេញញើសធ្វើការខ្លាំងពេក ។
៥-ប្រសិនបើមានក្លិនខ្លួនខ្លាំងអ្នកគួរធ្វើការវះកាត់ឬបូមខ្លាញ់់បរិវេណក្រោមក្លៀកចេញ ៕