“ទេសចរ​ជាតិ​មក​លេង​តំបន់​អង្គរ​ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​មាន​កំណើន​គួរ​សម”

នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្រៅ​តែ​ពី​ទៅ​ជួបជុំ​សាច់ញាតិ​ដើម្បី​ធ្វើ​បុណ្យទាន ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​តំបន់​រមណីយដ្ឋាន​បុរាណ​នានា ក្នុង​ខេត្ត​សៀមរាប ដែរ។

នៅ​តាម​ដង​ផ្លូវ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា គឺ​មាន​មនុស្ស​កុះករ ខ្លះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ខ្លះ​ទៀត​បាន​ដឹក​ក្រុម​គ្រួសារ​ទៅ​រក​កន្លែង​កម្សាន្ត។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប អះអាង​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​ឆ្ងាយៗ បាន​នាំ​គ្នា​មក​លេង​ខេត្ត​សៀមរាប ដើម្បី​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​អង្គរ មាន​ចំនួន​ច្រើន​លើស​ពី​ពេល​ធម្មតា។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​ថា តាំង​ពី​២​ថ្ងៃ​មុន រហូត​មក​ដល់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ បាន​នាំ​គ្នា​មក​កម្សាន្ត​នៅ​តំបន់​អង្គរ មាន​ចំនួន​ច្រើន​ខុស​ពី​ពេល​ធម្មតា ក៏​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បូក​តួលេខ​ចំនួន​អ្នក​ទេសចរណ៍​ជាតិ​ទាំង​នោះ​បាន​ថា ប៉ុន្មាន​នៅ​ឡើយ​ទេ។

លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង សណ្ឋាគារ និង​ផ្ទះសំណាក់​ជា​ច្រើន​របស់​ខេត្ត​សៀមរាប គឺ​មាន​ចំនួន​ភ្ញៀវ​ពេញ នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា៖ «ខ្ញុំ​មើល​នៅ​តាម​ផ្ទះ​សំណាក់ និង​ដង​ផ្លូវ​ឃើញ​ឡាន ភាគ​ច្រើន​មក​ពី​ភ្នំពេញ។ ព្រឹក​មិញ​គ្រាន់​តែ​អ្នក​ដើរ​រក​ញ៉ាំ​អាហារ​ពេល​ព្រឹក រក​អត់​បាន ម្ចាស់​ហាង​បិទ​ទៅ​វត្ត​អស់»

ពូន​​ភ្នំ​ខ្សាច់ សៀមរាប ៨៥៥
ពលរដ្ឋ​នៅ​​ខេត្ត​សៀមរាប ពូន​ភ្នំ​ខ្សាច់​នៅ​វត្ត​មួយ ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth

​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប ទទួល​ស្គាល់​ថា នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ពិត​ជា​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ ច្រើន​ខុស​ពី​ពេល​ធម្មតា​បន្តិច​មែន។

បុគ្គលិក​ផ្នែក​គិត​លុយ​របស់​សណ្ឋាគារ​សុវណ្ណ​អង្គរ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ អ្នកស្រី សេង សៀន មាន​ប្រសាសន៍​ថា ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប គឺ​ពិត​ជា​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន។ សណ្ឋាគារ​របស់​គាត់​ដែល​មាន​បន្ទប់​ចំនួន ៣៤ គឺ​ភ្ញៀវ​បាន​ចូល​ស្នាក់​នៅ​អស់ ហើយ​មាន​ភ្ញៀវ​ខ្លះ នៅ​តែ​មក​សួររក​បន្ទប់​ស្នាក់​នៅ​ថែម​ទៀត៖ «ឆ្នាំ​នេះ​ភ្ញៀវ​មក​ពេញ​បន្ទប់ ហើយ​ក៏​មាន​អ្នក​មក​រក​បន្ទប់​ថែម​ទៀត ប៉ុន្តែ​មិន​ច្រើន​ប៉ុន្មាន​ទេ។ គ្រាន់​តែ​ថា ឆ្នាំ​នេះ​ពលរដ្ឋ​ខ្មែរ​មក​លេង​ខេត្ត​សៀមរាប គឺ​ចំនួន​ច្រើន​ជាង​រាល់​ឆ្នាំ»

​បើ​ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ ដែល​មក​លេង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​កើន​ឡើង​ជាង​ពេល​ធម្មតា​ក្តី ក៏​សណ្ឋាគារ និង​ផ្ទះសំណាក់ ភាគ​ច្រើន​មិន​បាន​ដំឡើង​ថ្លៃ​បន្ទប់​ទេ គឺ​បន្ទប់​មួយ​តម្លៃ ១៥​ដុល្លារ ដូចជា​ពេល​ធម្មតា។

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​អង្គរវត្ត​វិញ មិន​មាន​ការ​កើន​ឡើង​ទេ​ នៅ​រដូវ​ភ្ជុំបិណ្ឌ គឺ​ក្នុង ១​ថ្ងៃៗ មាន​ចំនួន​ពី ៤.០០០ ទៅ ៤.៥០០​នាក់។

​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ភាគ​ច្រើន​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​​នៅ​តាម​ទី​វត្ត។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ឆ្ងាយៗ ព្រម​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​ផង បាន​នាំ​គ្នា​ដើរ​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត និង​រមណីយដ្ឋាន​ដទៃ​ទៀត ដូចជា​នៅ​តំបន់​ត្រាវ​កុដិ នៅ​ភ្នំ​គូលែន និង​នៅ​បារាយណ៍​ទឹក​ថ្លា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។