មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់​៥នាក់​មកឆ្លង​ស្ពាននេះ​ពេល​យប់

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​​ កាលពីយប់ថ្ងៃទី២៩ កញ្ញា ២០១៦ ​ស្ថិតត្រង់ចំណុចទំនប់បង្ហៀរទឹក ក្និងភូមិដំណាក់កកោះ ឃុំសំរោង​លើ ​ស្រុក​អង្គ​ស្នួល ​​ខេត្តកណ្តាល ខណៈមួយគ្រួសារមានគ្នា៥នាក់ (ឪពុក ប្រពន្ធ និងកូន) ជិះម៉ូតូមួយគ្រឿងក៏រអិលដួលចូល​អូរទឹក បណ្តាល​ឱ្យ​ក្មេងប្រុសលង់បាត់ម្នាក់ ។

ជនរងគ្រោះទាំង៥នាក់ ១-ឈ្មោះផាត់ ចិន ភេទប្រុស ​(អ្នកបើក) ២-ឈ្មោះសាយ ពេញ (ប្រពន្ធ) ៣-ឈ្មោះចិន ប៊ុនភី អាយុ៤ឆ្នាំ (កូន) ៤-ឈ្មោះចិន ប៊ុនថា ភេទប្រុស អាយុ២ឆ្នាំ (កូន) និង៥-ឈ្មោះ ចិន ប៊ុនថេត ភេទប្រុស អាយុ១ឆ្នាំ (កូនបាត់ខ្លួន) ពួកគេមានទីលំនៅ​ក្នុងភូមិ‌‌ព្រែកឃុំចំប៉ីស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូ១គ្រឿង​ម៉ាក​គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

ប្រភពបន្តថា ​ជនរងគ្រោះឈ្មោះ​ផាត់ ចិន បានបើកម៉ូតូ១គ្រឿង​ម៉ាកគុបមូល បានឌុបប្រពន្ធនិងកូនចំនួន​៤នាក់​ ដោយបើកឆ្លងកាត់ផ្លូវស្ពាន​ទំនប់បង្ហៀរទឹក ដើម្បី​មក​លេង​ឪពុកម្តាយ នៅភូមិត្រពាំកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះមក​ដល់ទំនប់បង្ហៀរទឹក ក៏រអិលបានដួលម៉ូតូធ្លាក់ចូល​អូរ ធ្វើ​ឱ្យ​ក្មេង​ម្នាក់​ឈ្មោះចិន ប៊ុនថេត ចាប់មិនទាន់ ក៏ធ្លាក់ចូលអូរបាត់តែម្តង ។ ​

​ករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងលើបានទទួលព័ត៌មាននៅម៉ោង០៦ព្រឹកថ្ងៃទី៣០ កញ្ញា ២០១៦ រហូតដល់ម៉ោង០៨ និង១០នាទី កម្លាំងសម្ថកិច្ចនិងប្រជាពល​រដ្ឋ​​កំពុងតាមរក តែពុំទាន់ឃើញម៉ូតូ និងក្មេងនោះទេ ។