ជនជាតិ​ដើម​ភាគ​តិច​នៅ​​ស្ទឹងត្រែង​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី

ជនជាតិ​ដើម​ភាគតិច​កួយ និង​ពលរដ្ឋ​ខ្មែរ​នៅ​ខែត្រ​ស្ទឹងត្រែង ដែល​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា បាន​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​នៅ​វត្ត​នានា​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃ​ទី​១ ខែ​តុលា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ពួកគេ។ ទន្ទឹម​នឹង​នេះ ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ក៏​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំង​នេះ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ​ផង​ដែរ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី លោក ថាន់ វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ តុលា ថា បើ​ទោះ​បី​លោក​បណ្ឌិត កែម ឡី ពុំ​មែន​ជា​សាច់​ញត្តិ​របស់​ពួកគេ​ក្ដី តែ​ពួកគេ​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្នេហា​ជាតិ និង​ជា​អ្នក​មាន​គុណូបការៈ​ចំពោះ​ជាតិ​ខ្មែរ។ លោក​រំឭក​ថា លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ដឹកនាំ​ចលនា​យុវជន​ចុះ​ស៊ើប​អង្កេត​ស្ថានភាព​ព្រៃឡង់​ខែត្រ​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៥ ហើយ​លោក​ក៏​ធ្លាប់​បណ្ដុះបណ្ដាល​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ជ្រាប​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការពារ​ធនធាន​ធម្មជាតិ។

លោក​ចាត់​ទុក​ថា សកម្មភាព​ការងារ​របស់​លោក​បណ្ឌិត កែម ឡី មាន​គុណ​ធំធេង​សម្រាប់​ជាតិ​ខ្មែរ និង​បម្រើ​ផលប្រយោជន៍​សាធារណៈ។ លោក ថាន់ វ៉ន រំពឹង​ថា កុសល​បុណ្យ​ដែល​លោក​បាន​ឧទ្ទិស​តាម​រយៈ​ព្រះសង្ឃ​នឹង​បាន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី៖ «ខ្ញុំ​ប៉ង​ប្រាថ្នា​ទី​១ គឺ​ខ្ញុំ​ចង់​ធ្វើ​បុណ្យ ឧទ្ទិស​ដល់​ជី​ដូន​ជីតា ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន។ ទី​ពីរ​មក​ទៀត គឺ​ខ្ញុំ​ចង់​ឧទ្ទិស​ដល់​អ្នក​ការពារ​ជាតិ ឬ​អ្នក​ស្នេហា​ជាតិ ដែល​អនិច្ចកម្ម​ទៅ​ហើយ»

ព្រះតេជព្រះគុណ ហេង សុធន គង់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា លទ្ធិ​ព្រះពុទ្ធ​សាសនា ប្រសិនបើ​បុគ្គល​ណា​យក​ទេយ្យវត្ថុ​មាន​បាយ និង​សម្ល​ជាដើម យក​ទៅ​ប្រគេន​ព្រះសង្ឃ ឬ​បុគ្គល​ប្រតិបត្តិ​សីល​ខ្ជាប់ខ្ជួន ហើយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មគ្គផល​បុណ្យ​ទាំង​នោះ​នឹង​បាន​ទៅ​ដល់​លោក​បណ្ឌិត កែម ឡី៖ «ឥឡូវ​គាត់​មាន​ចង្ហាន់​អ្វី​ខ្លះ​ដើម្បី​ប្រគេន​ដល់​ព្រះភិក្ខុ​សង្ឃ ហើយ​គាត់​ថា បុណ្យ​ទាំង​ឡាយ ឬ​ក៏​ចង្ហាន់​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ប្រគេន​តាម​រយៈ​ព្រះភិក្ខុ​សង្ឃ​ក្នុង​ពេល​នេះ បំណង​របស់​ខ្ញុំ​គឺ​សូម​ឧទ្ធិស​ចំពោះ​វីរជន​ទាំង​អស់​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ ទី​១ លោក​បណ្ឌិត កែម ឡី ទី​២ គឺ​លោក ឈុត វុទ្ធី ឲ្យ​ចំៗ​ឈ្មោះ​អ៊ីចឹង​គឺ​បាន​ដល់​គាត់​ហើយ»

​មិន​ត្រឹម​តែ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ក្បាលរមាស ប៉ុណ្ណោះ​ទេ ចំណែក​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ជនជាតិ​ភាគ​តិច​ឡាវ ជនជាតិ​ដើម​ភាគ​តិច​ខិះ និង​ជនជាតិ​ភាគ​តិច​ចិន នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែរ។ តែ​ដោយ​ឡែក​ជនជាតិ​ភាគ​តិច​វៀតណាម គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ពុំ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​កួយ មាន​ជំនឿ​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​បែប​ព្រះពុទ្ធ​សាសនា អាច​ជួយ​រំដោះ​បាបកម្ម​ឱ្យ​អ្នក​ស្លាប់​ទៅ​ដោយ​ឧទ្ទិស​មគ្គផល​តាម​រយៈ​ព្រះសង្ឃ។

​គណៈកម្មការ​អាចារ្យវត្ត​វេឡុវ័ន ហៅ​វត្ត​ស្រែឫស្សី លោក ស្វាយ យឹម មើល​ឃើញ​ថា បើទោះបី​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​អន្លង់ក្រមួន ភាគ​ច្រើន​មាន​ជីវភាព​ខ្វះខាត​ក្តី ក៏​ពួកគេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​លក្ខណៈ​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត និង​វីរជន​ស្នេហា​ជាតិ​មួយ​ចំនួន​ឲ្យ​មក​ទទួល​យក​ចំណី​អាហារ​តាម​រយៈ​ព្រះសង្ឃ​ដែល​បាន​បង្សុកូល​បញ្ជូន​ទៅ​ដួង​ព្រលឹង​បុព្វការី​ជន​ទាំង​នោះ ឆាប់​បាន​ចាប់​ជាតិ​ទៅ​កាន់​សុគតិភព។

លោក​មើល​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​កួយ ហាក់​សប្បាយ​រីករាយ​នៅ​គ្រា​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ តែ​បង្កប់​នូវ​ក្ដី​ព្រួយ​បារម្ភ​ដោយសារ​បាត់បង់​ព្រៃឈើ ដែល​ជា​អាយុ​ជីវិត​របស់​ពួកគេ​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ដើម​មក៖ «ឲ្យ​បាន​រួច​រំដោះ​ឋាន​នរក ឲ្យ​មក​នៅ​ឋាន​លើ ឬ​ឋាន​កណ្ដាល​អី ចែក​ឋាន​ទៅ ម៉ែ-ឪ និង​តា​យាយ ចែក​ឋាន​ទៅ​ឲ្យ​បាន​មក​បាយ​ទឹក​ដែល​កូន​ចៅ​មក​ធ្វើ​នេះ»

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ជំនឿ​តៗ​គ្នា ជា​យូរលង់​មក​ហើយ​ថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​យមរាជ​បាន​ដោះលែង​ព្រលឹង​សាច់ញាតិ​របស់​គេ​ដែល​ស្លាប់​ទាំង​អស់ បើ​ទោះ​បី​ជា​ព្រលឹង​ខ្លះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​នរក​ប្រេត​ក្តី ឱ្យ​មក​ទទួល​យក​កុសល​បុណ្យ និង​បាយ​ទឹក នំ​ចំណី ដែល​កូនចៅ​​នៅ​រស់​បាន​ឧទ្ទិស​ឱ្យ​តាម​រយៈ​ព្រះសង្ឃ ក៏ប៉ុន្តែ​ប្រសិន​កូន​ចៅ​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ទេ គឺ​ព្រលឹង​អ្នក​ស្លាប់​ខ្លះ​ដែល​ក្លាយ​ទៅ​ជា​ប្រេត​កំពុង​ស្រេក​ឃ្លាន មិន​បាន​ទទួល​អ្វី​ទាល់តែសោះ​នោះ នឹង​យំ​ទួញ​សោក ព្រម​ទាំង​ដាក់​បណ្ដាសា​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។