៩ យ៉ាង ស្បែកស្អាតដោយមិនបាច់ប្រើគ្រៀងសំអាង

6 Videos


១. កម្ចាត់កោសិកាស្បែកចាស់ ដើម្បីស្បែកស និង ទន់រលោង
ការខាត់ស្បែកជាប្រចាំ ពិតជាអាចជួយឱ្យស្បែកទន់រលោងបានមួយកម្រិត ប៉ុន្តែប្រសិនបើអ្នកចង់ឱ្យស្បែកកាន់តែសរលោងនោះ អ្នកគួរប្រើផលិតផលផ្សំពីជាតិគីមីយូរៗម្តង អាចមួយឬពីរដងក្នុងមួយសប្តាហ៍ ។ ផលិតផលខាត់
ស្បែក ដែលគួរប្រើ ត្រូវផ្សំពីអាស៊ីតគ្លីកូលីក (glycolic acid) ទើបអាចជួយសម្អាតស្បែកបានស្អាត ជ្រៅ និង សព្វសាច់ មានន័យថា កម្ចាត់ធូលី ខ្លាញ់ បាក់តេរី និង កម្ទេចកម្ទីកខ្វក់នានាដែលអាចជាបុព្វហេតុបណ្តាលឱ្យកើតមុន ។ បន្ទាប់ពីខាត់ហើយ កុំភ្លេចប្រើទឹកផ្កាកូលាប ហើយពេលចេញដើរត្រូវប្រើគ្រីមបម្រុងស្បែកការពារកម្តៅថ្ងៃផង ។

២. កុំមើលរំលងគ្រីមលាបការពារកម្តៅថ្ងៃដែលមាន SPF
កម្តៅថ្ងៃធ្វើឱ្យសរសៃឈាមតូចឆ្មារដែលខូចប្រែជាពណ៌ស្រអាប់ខ្មៅ ដូចនេះហើយទើបអ្នកត្រូវប្រើគ្រីមការពារកម្តៅថ្ងៃ ទោះជាមិនមែនជាពេលទៅលេងសមុទ្ទក៏ដោយ ។ ប្រសិនបើត្រូវចេញក្រៅក្រោមកម្តៅថ្ងៃ គួរប្រើគ្រីមការពារកម្តៅថ្ងៃដែលមាន SPF 50 ពីព្រោះទោះជាមេឃមានពពកបាំងបិទ ក៏ជាក់ស្តែងកាំរស្មីយូវី អាចជ្រៀតចេញតាមពពកបានដល់ទៅ ៨០ភាគរយ ។

៣. ស៊ិចជាឱសថ
គួរកុំភ្លេចចំណាយពេលជាមួយគូស្នេហ៍ក្នុងបន្ទប់តែពីរនាក់ ពីព្រោះការរួមភេទក៏ជាបច្ច័យល្អក្នុងការបំបាត់ស្នាមជ្រីវជ្រួញ និង ស្នាមរយីករយាកនៃស្បែកដែរ ។ ការរួមភេទបង្កើននូវបរិមាណអ័រម៉ូនជួយពង្រឹង និង បន្តឹងស្បែកមុខ ។ អ័រម៉ូនស្ត្រេស៍អាចបំបាត់សារធាតុខូឡាជេន និង ធ្វើឱ្យស្បែកស្ងួត លេចចេញនូវស្នាមជ្រួញ តែរួមភេទអាចជួយកែខៃបញ្ហាស្ត្រេសបានដោយសារអ័រម៉ូនអុកស៊ីតូស៊ីនត្រូវបានបញ្ចេញនៅពេលរួមភេទ ហើយអ័រម៉ូននេះជាភ្នាក់ងារកម្ចាត់អ័រម៉ូនស្ត្រេស ។

៤. ហាត់ប្រាណ និងទម្លាប់សកម្មកុំឱ្យរាងកាយស្ពឹកស្រពន់
គួរហាត់ប្រាណជាទៀងទាត់ និង បំបាត់ចោលរាល់ទម្លាប់ស្ពឹកស្រពន់ គេងតំអក់លើសាឡុង និង សំកុកមុខទូរទស្សន៍រាប់ម៉ោង ។ ការហាត់ប្រាណជួយបង្កើនសមត្ថភាពសួត ជំរុញចរន្តឈាមដើម្បីដឹកជញ្ជូនរាល់ជីវជាតិក្នុងអាហារទៅកាន់សរីរាង្គក្នុងរាងកាយ រួមទាំងស្បែកផង ថែមទាំងកាត់បន្ថយការរលាកនានាបានទៀតផង ។

៥. ប្រើម្សៅផាត់តិចតួច
ការតុបតែងមុខបែបធម្មជាតិ ដូចជា យុវវ័យ មើលទៅស្រស់ថ្លា និង សខ្ចី ពិតជាមិនទាមទារឱ្យប្រើម្សៅផាត់ច្រើនពេកនោះទេ ព្រោះថាការប្រើម្សៅផាត់ច្រើនពេក នឹងធ្វើឱ្យផ្ទៃមុខស្រអាប់ និងមានស្នាមកកម្សៅ ។ ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ ក៏កាន់តែចៀសវាងផាត់មុខក្រាស់ៗទៅទៀត ។ ជម្រើសល្អ គួរប្រើគ្រីម SPF 15 ដែលមានពណ៌សាច់ និង ប្រើគ្រីមការពារកម្តៅថ្ងៃជាការស្រេច ។

៦. ម៉ាសបិតមុខ
ម៉ាស ពិតជាមានប្រយោជន៍សម្រាប់ស្បែកមុខជាខ្លាំង គឺ ទ្វេរដង ឬ លើសពីនេះ ។ អ្នកគួរប្រើម៉ាសបិតមុខដែលមានគ្រឿងផ្សំជួយផ្តល់សំណើម បន្ទន់ និង បន្តឹងស្បែកមុខ ហើយអាចប្រើនៅពេលយប់មុនចូលគេង ឬ ពេលថ្ងៃទំនេរក៏បាន ប៉ុន្តែកុំភ្លេចមើលការណែនាំថាត្រូវលាងមុខភ្លាមៗក្រោយពេលបិតរួច ឬ មិនចាំបាច់លាងមុខ ។

៧. ប្រយ័ត្នរបបអាហារ
របបអាហារស្បែក គឺអាហារសម្បូរប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជាអាហារចម្រាញ់ពីទឹកដោះគោ សាច់ទ្រូងមាន់ ស៊ុត សាច់គោជាដើម ។ អាហារទាំងនេះ នឹងជួយបំបាត់ចំណងអាហារ រក្សាអារម្មណ៍ល្អ និង បំបាត់ស្ត្រេស ថែមទាំងជួយឱ្យស្បែកស្រស់ស្អាតទៀត ។ ប្រូតេអ៊ីនជាភ្នាក់បង្កើនអង់ស៊ីម និង អ័រម៉ូននានាដើម្បីឱ្យស្បែកភ្លឺថ្លា ។

៨. លំហាត់ផ្លូវដង្ហើម
ការដកដង្ហើមជាកត្តាសុខភាពចម្បងមួយ ដែលមិនគួមើលរំលង ។ អ្នកគួរហាត់ផ្លូវដង្ហើម ដោយដកដង្ហើមចូលវែងៗតាមច្រមុះ ហើយដកដង្ហើមចេញតាមមាត់ ប្រមាណជា ពីរបីនាទី ដើម្បីកាត់បន្ថយស្ត្រេស៍ និង ការពារការចាស់មុនអាយុ ។

៩. សម្រាកកាយលំហែចិត្ត
វាមិនត្រូវការពេលវេលាច្រើនពេកនោះទេ គ្រាន់តែ ចំណាយពេលបន្តិចបន្តួចលំហែចិត្តខ្លះ ដូចជា ក្រឡេកមើលផ្កា ឬ ថើបផ្កា ដុតទៀនបង្កើនបរិយាកាស ងូតឬត្រាំទឹកក្តៅ ជាដើម ៕ លក្ខិណា