ស្វែងយល់​ពី​ពិធី​បុណ្យ​មាឃ​បូជា​

មាឃបូជា​ គឺជា​ពិធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​សម្រាប់​ព្រះពុទ្ធសាសនា​ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់​ពីរ​ គឺ
​ទី១​ រំលឹក​ដល់​ចតុរង្គ​សន្និបាត​នៃ​ព្រះ​ភិក្ខុសង្ឃ​ទាំង​១២៥០​ អង្គ​នា​ថ្ងៃ​១៥ កើត​ខែ​មាឃ​ នៅ​ក្នុង​វត្ត​វេឡុវ៉ន ឋិត​ក្នុង​កលន្ទកនិវាបស្ថាន​ ក្រុង​រាជ​គ្រឹះ​ មកធរដ្ឋ​ ក្នុង​សម័យ​សព្វថ្ងៃ​នេះ​សំដៅ​ត្រង់​ប្រទេស​ឥណ្ឌា​ ដែល​ហៅ​ថា​ ប៊ីហារ​ (ពិហារ)។
ទី​២ រំលឹក​ដល់​ថ្ងៃ​ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ​ គឺ​ពេល​នោះ​ព្រះអង្គ​មាន​ព្រះជន្ម​ បើ​គិត​តាម​ខែ​នៅ​ខ្វះ​៨ ខែ បើ​គិត​តាម​ថ្ងៃ​នៅ​ខ្វះ​ ៨៨​ថ្ងៃ​ទៀត​ នឹង​គម្រប់​៨០​វស្សា​គត់​ ដែល​ព្រះ​អង្គ​នឹង​ផុត​អាយុ​សង្ខារ​​។
គួរ​បញ្ជាក់​ថា ក្នុង​ថ្ងៃ​មហាសន្និបាត​ដូច​លើក​ឡើង​ខាង​លើ​​​​នោះ​ដែរ​ ក៏​ជា​​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​ នា​ប្រទេស​ឥណ្ឌា​ កាល​ពី​៥៨៨​ឆ្នាំ​មុន​គ្រិស្តសករាជ​ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​​ចំនួន​ ៩​ខែ​គត់ ក្នុង​ឋានៈ​ជា​អង្គការ​សាសនា​​ ដោយ​មាន​​ព្រះ​សង្ឃ​ចំនួន​ ១២៥០​ អង្គ​ ​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​​ចូលរួម​។

ស្វែងយល់​ពី​ពិធី​បុណ្យ​មាឃ​បូជា​

នៅ​ក្នុង​មហាសន្និបាត​នោះ​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​នូវ​គោលការណ៍​ចំនួន​ ១១ ប្រការ​ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំង​អស់​ យក​ជា​វិថី​ជីវិត​ និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត ឲ្យ​បាន​យល់​ដឹង​ពី​ព្រះពុទ្ធសាសនា​ ។ គោលការណ៍​ទាំង​១១​នេះ​ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា “ឱវាទ​បាដិមោក្ខ ” ដែល​ពុទ្ធសាសនិកជន​ម្នាក់ៗ​ ត្រូវ​យក​មក​សិក្សា​ និង​អនុវត្ត​តាម។
តាម​រយៈ​គោលការណ៍​ទាំង​១១ ប្រការ​នេះ​ គេ​អាច​ទាញ​យក​មេរៀន​ពី​ពិធី​បុណ្យ​មាឃបូជា​ ដូច​ខាង​ក្រោម​៖
១. ក្នុង​ឋានៈ​ជា​បរិស័ទ​ ការ​ប្រតិបត្តិ​តាម​ប្រការ​ទាំង​១១​នេះ​ នឹង​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ប្រាកដ​។
២. ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ ការ​មាន​គោល​បំណង​រួម​ និង​គោលដៅ​ដូច​គ្នា​ និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នា​នេះ នឹង​អាច​នាំ​មក​នូវ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​។
៣. ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​​នៅ​ក្នុង​សង្គម​​ ឬ​ជាតិ​មួយ​ ដែល​ព្យាយាម​ស្វែងរក​នូវ​ឱកាស​ ដើម្បី​រក្សា​សន្តិភាព​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នោះ​ ការ​គោរព​តាម​គោលការណ៍​ទាំង​១១ ប្រការ​នេះ​ នឹង​កាត់​បន្ថយ​បាន​នូវ​អស្ថិរភាព​ ជម្លោះ​ និង​អំពើ​ហិង្សា​ដែល​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​។
៤. ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា​ ការ​ប្រព្រឹត្ត​តាម​គោលការណ៍​នេះ​ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ ការ​ផ្តល់​កិត្តិយស​​ដល់​គ្នា​ និង​ការ​រស់​នៅ​ជុំ​គ្នា​ក្នុង​ឋានៈ​ជា​មនុស្ស​ជាតិ​បាន​ បើ​ទោះ​ជា​មាន​សាសនា​ខុស​គ្នា​ក៏​ដោយ​។
៥. ក្នុង​ឋានៈ​ជា​អន្តរជាតិ​ ការ​គោរព​តាម​គោលការណ៍​នេះ​ នឹង​នាំ​មក​នូវ​និរន្តរភាព​ របស់​មនុស្ស​ជាតិ​ បរិស្ថាន​ធម្មជាតិ​ ពិភព​សត្វ​ និង​អាកាសធាតុ​ដ៏​យូរ​អង្វែង​បាន​ ដោយ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា​ដើម្បី​រស់​នោះ​ឡើយ​ ។
សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​រីករាយ​ជ្រះថ្លា​ និង​ទាញ​យក​ប្រយោជន៍​ពី​ពិធី​បុណ្យ​មាឃបូជា​ទាំង​អស់​ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ និង​ព្រះ​ពុទ្ធសាសនា​ ។
សម្រួល​ដោយ​ ៖ Sophany
ប្រភព ៖

​​​