គាត់​ស្អប់​ចៅហ្វាយ​នាយ​របស់​គាត់​យ៉ាង​ខ្លាំង​ដែល​ព្រងើយ​កន្តើយ​ដាក់​គាត់​ប៉ុន្តែ​នៅ​ពេល​ដឹង​ការ​ពិត​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក

និទានពីបុរសក្រីក្រដែលធ្វើការជាអ្នកយាមនៅក្នុងផ្ទះវីឡារបស់អ្នកមានម្នាក់ដែលស្អប់ចៅហ្វាយនាយរបស់គាត់យ៉ាងខ្លាំងព្រោះតែ ចៅហ្វាយរបស់គាត់តែងតែព្រងើយកន្តើយដាក់គាត់ ដែលគាត់គិតថាចៅហ្វាយគាត់ជាមនុស្សឆ្មើងឆ្មៃ នឹងមើលងាយគាត់។

ជារៀងរាល់ថ្ងៃ គាត់តែងតែចេញទៅបើកទ្វារ និងទទួលចៅហ្វាយនាយរបស់ខ្លួនដោយការញញឹមញញែមជាមួយនឹងពាក្យស្វាគមន៍ដ៏រាក់ទាក់ ប៉ុន្តែចៅហ្វាយគាត់មិនដែលអើពើនឹងការរាក់ទាក់របស់គាត់នោះទេ ។

ថ្ងៃមួយចៅហ្វាយនាយគាត់បានឃើញគាត់កំពុងបើកថង់សំរាមដែលនៅខាងក្រៅទ្វារដើម្បីរកម្ហូបអាហារ ប៉ុន្តែចៅហ្វាយគាត់មិនបានរវីរវល់នឹងគាត់នោះទេ និងធ្វើដូចជាមិនបានឃើញអ្វី ដែលធ្វើឲ្យគាត់មានការអន់ចិត្ត និងខឹងជាមួយនឹងចៅហ្វាយរបស់គាត់យ៉ាងខ្លាំង។

នៅថ្ងៃបន្ទាប់គាត់ក៏បានចេញខាងក្រៅរបងនៅកន្លែងដដែលដើម្បីរកមើលក្រែងមានអាហារនៅសល់ សម្រាប់យកទៅផ្ញើប្រពន្ធ កូន។ ពេលទៅដល់កន្លែងនោះគាត់ស្រាប់តែប្រទះឃើញថងក្រដាសមួយ ដែលមើលទៅមានសភាពស្អាត នៅក្នុងនោះមានអាហារដែលស្រស់ និងវិចខ្ចប់យ៉ាងស្អាត ដូចជាទើបនឹងទិញមកថ្មីៗអញ្ចឹង។ ប៉ុន្តែគាត់មិនខ្វល់ថាតើនរណាជាអ្នកទុកវានៅទីនេះនោះទេ គាត់គិតតែសប្បាយចិត្តជាមួយនឹងអាហារទាំងនេះ។

នៅថ្ងៃបន្ទាប់គាត់ក៏ទៅកន្លែងដដែលនោះទៀត ហើយគាត់ក៏បានឃើញថងក្រដាសជាមួយនឹងអាហារស្រស់ទៀត ដែលយូរៗទៅវាក្លាយទៅជារឿងប្រចាំថ្ងៃរបស់គាត់ដែលត្រូវទៅយកអាហារនៅកន្លែងនោះអស់រយៈពេល ២ ឆ្នាំ ប៉ុន្តែគាត់មិនខ្វល់ខ្វាយថាតើវាបានមកដោយរបៀបណានោះទេ។

នៅថ្ងៃមួយនៅក្នុងផ្ទះវីឡាមានបញ្ហាដ៏ធំមួយកើតឡើងគឺ ចៅហ្វាយរបស់គាត់បានបាត់បង់ជីវិត ដែលភ្ញៀវជាច្រើនបានមកចូលរួមបុណ្យសពនោះ បុរសដែលជាអ្នកយាមមិនសូវជារវីរវល់នោះទេ ព្រោះតែការខឹងស្អប់ចៅហ្វាយរូបនោះ ហើយគាត់នៅតែបន្តទៅយកអាហារនៅកន្លែងដដែលនោះ ប៉ុន្តែនៅពេលទៅដល់គាត់មិនបានឃើញអាហារទៀតទេ គាត់បានគិតថាប្រហែលជាភ្ញៀវណាម្នាក់ជាអ្នកយកទៅហើយ។

រំលងបាន ៤ ទៅ ៥ ថ្ងៃគាត់នៅតែមិនឃើញអាហារនៅកន្លែងដដែលនោះទៀត គាត់ក៏សម្រេចចិត្តលាឈប់ ព្រោះតែប្រាក់ខែមិនគ្រប់គ្រាន់ ហើយក៏គ្មានអាហារសម្រាប់ឲ្យគាត់យកទៅផ្ញើប្រពន្ធកូនទៀត ។ នៅពេលនោះគាត់ក៏បានសុំប្រពន្ធរបស់ចៅហ្វាយខ្លួនដើម្បីអនុញ្ញាតលាឈប់ ដោយប្រាប់មូលហេតុថាប្រាក់ខែមិនគ្រប់គ្រាន់។ ប្រពន្ធរបស់ចៅហ្វាយស្ដាប់ហើយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសួរទៅគាត់វិញថា “ហេតុអ្វីរយៈពេល ២ ហើយមិនដែលឭគាត់រអ៊ូរទាំពីប្រាក់ខែរបស់ខ្លួន ទើបតែពេលនេះទៅវិញ” ។

គាត់ក៏សម្រេចចិត្តប្រាប់ការពិតពីរឿងម្ហូបអាហារដែលគាត់តែងតែទទួលបានជារៀងរាល់ថ្ងៃនៅក្រៅរបងផ្ទះវីឡានោះ ហើយនេះហើយនេះជាមូលហេតុដែលគាត់អាចទ្រទ្រង់ជីវភាពរាល់ថ្ងៃរបស់គាត់ជាមួយនឹងប្រាក់ខែដ៏តិចតួចនោះ ប៉ុន្តែមួយរយៈចុងក្រោយនេះគាត់មិនបានទទួលអាហារទៀតនោះទេ។ គ្រាន់តែស្ដាប់ចប់ប្រពន្ធរបស់ចៅហ្វាយក៏បានសួរថា ” តើអ្នកចាំទេថា តើអ្នកលែងទទួលបានអាហារចាប់តាំងពីពេលណា? ” គាត់ក៏បានឆ្លើយថាចាប់តាំងពីប្ដីរបស់លោកស្រីស្លាប់មកម្ល៉េះ ។

គ្រាន់តែឆ្លើយបានបន្តិចគាត់ក៏ចាប់ផ្ដើមគិត “ហេតុអ្វីអញភ្លេចគិតថាតើអ្នកណាជាអ្នកយកអាហារទាំងនោះទុកឲ្យខ្លួន” គិតដល់ត្រឹមនេះប្រពន្ធរបស់ចៅហ្វាយក៏បានពោលថាទាំងទឹកភ្នែកថា ” នៅពេលនេះខ្ញុំរកឃើញមនុស្សទី ៧ ហើយ ដែលប្ដីរបស់ខ្ញុំបានយកអាហារទៅទុកឲ្យ ខ្ញុំស្វែងរកបាន ៦ នាក់ហើយ ហើយនៅថ្ងៃនេះខ្ញុំអាចរកមនុស្សទី ៧ ឃើញហើយ” ។ បន្ទាប់ពីដឹងថាអាហារទាំងនោះគឺចៅហ្វាយនាយជាអ្នកទុកឲ្យ គាត់ក៏បានសម្រេចចិត្តមិនឈប់វិញ ប៉ុន្តែគាត់នៅតែឆ្ងល់ថាហេតុអ្វីចៅហ្វាយរបស់គាត់ព្រងើយកន្តើយដាក់ខ្លួន តែបែរជាទុកអាហារឲ្យខ្លួនទៅវិញ។

ចាប់ពីថ្ងៃនោះមកកូនប្រុសរបស់ចៅហ្វាយគាត់ក៏បានយកអាហារទៅឲ្យគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែគាត់តែងតែចាប់អារម្មណ៍ថាកូនប្រុសចៅហ្វាយនាយរបស់គាត់គឺមានចារិតដូចឪពុកគេអញ្ចឹង គឺមិនដែលឆ្លើយតបនឹងពាក្យអរគុណដែលគាត់និយាយទៅកាន់ពេលយកអាហារមកឲ្យគាត់នោះទេ។ នៅថ្ងៃមួយគាត់ក៏បាននិយាយពាក្យអរគុណយ៉ាងឭ បន្ទាប់កូនប្រុសរបស់ចៅហ្វាយគាត់ក៏បានឆ្លើយតបថា “សូមកុំអន់ចិត្តណាបើសិនជាខ្ញុំមិនបានឆ្លើយតបជាមួយអ្នក ព្រោះតែខ្ញុំមានបញ្ហាត្រចៀកគឺស្ដាប់មិនសូវឭដូចជាឪពុកខ្ញុំអញ្ចឹង” ។ គ្រាន់តែស្ដាប់ចប់គាត់ ក៏បានសម្រក់ទឹកភ្នែកដោយមិននិយាយអ្វីទាំងអស់ ។

តាមរយៈរឿងនេះវាចង់បង្ហាញយើងថា សូមកុំវាយតម្លៃនរណាម្នាក់តាមរយៈសម្បកក្រៅ ឬ គ្រាន់តែឃើញពីអាកប្បកិរិយារបស់គេ ដោយយើងមិនដឹងពីមូលហេតុច្បាស់លាស់ ៕

  • គាត់​ស្អប់​ចៅហ្វាយ​នាយ​របស់​គាត់​យ៉ាង​ខ្លាំង​ដែល​ព្រងើយ​កន្តើយ​ដាក់​គាត់​ប៉ុន្តែ​នៅ​ពេល​ដឹង​ការ​ពិត​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: