ក្លឹប​ Roma ជួប​រឿង​ខក​ចិត្ត​នៅ​ឥណ្ឌូនេស៊ី​

Jakarta : កីឡាករ​៥​រូប​របស់​ក្លឹប​ Roma បាន​ខក​ខាន​ការ​ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ទីក្រុង​ចាកាតា​បន្ទាប់​ពី​ពួក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ​ចូល​ទឹក​ដី​ឥណ្ឌូនេស៊ី​ហើយ​ត្រូវ​បង្ខំ​ចិត្ត​ហោះ​ទៅ​ទឹក​ដី​អ៊ីតាលី​វិញ​ភ្លាមៗ​ ។

ក្លឹប​ Roma បាន​ទៅ​ដល់​អាកាស​យានដ្ឋាន​នៅ​ក្នុង​ទីក្រុង​ចាកាតា​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ដែល​នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ក្លឹប​ដែល​មក​កាន់​ទឹកដី​ឥណ្ឌូនេស៊ី​តែ​បែរ​ជា​មាន​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​ដោយ​សារ​តែ​មន្ត្រី​អន្តោប្រវេសន៍​មិន​អនុញ្ញាត​ឲ​កីឡាករ​ចំនួន​៥រូប​គឺ​កីឡាករ​ Gervinho , Seydou Doumbia , Victor Ibarbo , Adem Ljajic និង​ Antonio Sanabria ចូល​ទឹក​ឥណ្ឌូនេស៊ី​ឡើយ​ ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ទាំង​នោះ​បាន​និយាយ​ថា​ « កីឡាករ​ដែល​មិន​អាច​ទទួល​បាន​ទិដ្ឋាការ​ព្រោះ​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​បាន​បញ្ជាក់​ដោយ​ប្រទេស​​ដែល​មិន​មាន​ការ​ឯកភាព​ជាមួយ​ឥណ្ឌូនេស៊ី​ »។ គួរ​បញ្ជាក់​ថា​កីឡាករ​ Gervinho និង​ Doumbia មក​ពី​ប្រទេស​កូឌីវ័រ​ ,  Ibarbo មក​ពី​កូឡុំប៊ី​ , Sanabria មក​ពី​ប៉ារ៉ាហ្គាយ​ និង​ Ljajic មក​ពី​ស៊ែ​ប៊ី​ ។

នាយក​ប្រតិបត្តិ​ក្លឹប​ Roma បាន​និយាយ​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ថា​ « យើង​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​គាំទ្រ​នៅ​ព្រលាន​យន្តហោះ​ នៅ​តាម​បណ្តោយ​ដង​ផ្លូវ​ ប៉ុន្តែ​យើង​បាន​ជួប​នឹង​ខក​ចិត្ត​ដោយ​សារ​តែ​កីឡាករ​របស់​យើង​៥​រូប​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ក្នុង​ប្រទេស​នេះ​ » ៕

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ