ឈានចូលវ័យចំណាស់ ត្រូវប្រយ័ត្នជាមួយជំងឺទាំង ៥

6 Videos


ពេលឈានចូលវ័យចំណាស់ជំងឺផ្សេងៗក៍ចូលមកបៀតបៀនច្រើនពិសេសជំងឺ៥យ៉ាងខាងក្រោមដែលគួរប្រយ័ត្ន…។
១.ជំងឺធាត់
ភាពធាត់ជាជំងឺមួយកើតឡើងដោយសារការកកផ្តុំនៃថាមពលដែលបានមកពីអាហារទទួលទានលើសពីតម្រូវការនៃរាងកាយនិងមានការកកផ្ដុំក្នុងទម្រង់នៃជាតិខ្លាញ់យូរៗទៅនឹងបង្ហាញឲ្យឃើញតាមរយៈការកើនឡើងនៃទម្ងន់ខ្លួន ។ នៅពេលអាយុកាន់តែច្រើនឱកាសទម្ងន់ខ្លួនកើនឡើងមានច្រើនព្រោះការប្រើកម្លាំងពេលកម្មតិច ការទទួលទានអាហារនៅដដែល ។ ដូច្នេះបើិមិនគ្រប់គ្រងការទទួលទានអាហារទេទម្ងន់ខ្លួននឹងកើនឡើងជាលំដាប់ ។

ជំងឺធាត់ ជាកត្តាប្រឈមនឹងជំងឺផ្សេងៗជាច្រើនទៀតដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ខ្វះឈាម ជំងឺពាក់ព័ន្ធនឹងសន្លាក់…ជាដើម ។ មនុស្សទូទៅតែងមានការប្រែប្រួលនៃទម្ងន់ខ្លួននិងសង្កេតឃើញថាចាប់ផ្ដើមធាត់នៅពេលអាយុប្រមាណ ៣៥-៤០ ឆ្នាំ ។ ការថែទាំសុខភាពមិនឱ្យទម្ងន់ខ្លួនកើនឡើងលើសកម្រិតតាំងពីមុនពេលឈានចូលវ័យចំណាស់ បញ្ហាជំងឺផ្សេងៗ នឹងកើនឡើងតិចឬនៅពេលមានទម្ងន់ខ្លួនលើសកម្រិតហើយត្រូវព្យាយាមគ្រប់គ្រងអាហារ រៀបចំអាហារដែលមានគុណប្រយោជន៍ខ្ពស់ថាមពលទាប ដើម្បីជួយបន្ថយទម្ងន់ខ្លួននិងជួយបន្ថយបញ្ហាសុខភាពបានដែរ ។

២.ជំងឺខ្វះឈាម
ជំងឺខ្វះឈាមពេលខ្លះហៅថាជំងឺស្លេកស្លាំងកើតឡើងដោយសារការទទួលទានអាហារដែលខ្វះជាតិដែករយៈពេលយូរឬអាចបណ្ដាលមកពីការបាត់បង់ឈាមក្នុងបរិមាណមិនច្រើនដែលពិនិត្យរកមិនឃើញ ប៉ុន្តែកើនឡើងរុាំរ៉ៃរយៈពេលយូរដូចជាចេញឈាមក្នុងពោះវៀនឬក្នុងក្រពះជាដើម ។ ជំងឺនេះធ្វើមនុស្សមានវ័យចំណាស់មានសភាពស្លេកស្លាំង រាងកាយល្ហិតល្ហៃ (ប្រព័ន្ធការពារជំងឺចុះខ្សោយ ធ្វើឱ្យងាយនឹងឈឺផ្កាត់ ។ គួរទទួលទានអាហារដែលមានជាតិដែកខ្ពស់ ដូចជាសាច់សត្វផ្សេងៗដើម្បីឲ្យបានទទួលជាតិដែកគ្រប់គ្រាន់ ។

៣.ជំងឺបេះដូង និងសរសៃឈាម
ស្ថិតិនៃការកើនជំងឺនេះមានច្រើនបំផុតក្នុងអំឡុងអាយុខ្ទង់ ៤៥ ឆ្នាំ ហើយនឹងកាន់តែធ្ងន់បើមិនបានទទួលការព្យាបាលនិងថែទាំឲ្យបានជាប់លាប់ជាពិសេសការទទួលទានអាហារឲ្យអាហារបានត្រឹមត្រូវព្រោះមូលហេតុមួយនៃការកើតជំងឺគឺការទទួលទានអាហារដែលមានថាមពលខ្ពស់លើសពីតម្រូវការនៃរាងកាយនិងការជ្រើសទទួលទានមិនសមស្របដូច ជាអាហារមានជាតិខ្លាញ់ខ្ពស់រួមទាំងការជក់បារីនិងបានហាត់ប្រាណ ។ ការបង្ការជំងឺនេះគួរធ្វើតាំងពីមុនឈានចូលវ័យចំណាស់ ដោយចៀសវាងអាហារមានជាតិខ្លាញ់ដូចជា សាច់ជ្រូក ៣ ជាន់ ស្បែកទា ស្បែកមាន់ គ្រឿងក្នុងសត្វ អាហារខ្ទិះ ជាដើម ។ ក្រៅពីនេះគួរឈប់ជក់បារីនិងមានការហាត់ប្រាណជាប្រចាំផង ។

៤.ជំងឺទឹកនោមផ្អែម
មនុស្សវ័យចំណាស់ ដែលមានជំងឺទឹកនោមផ្អែម ច្រើនមានទម្ងន់ខ្លួនលើសកម្រិតស្តង់ដារក្នុងអំឡុងអាយុខ្ទង់ ៥០ ឆ្នាំ ចូលចិត្តទទួលទានជាតិស្ករច្រើនហើយការថយចុុះនៃជាតិស្ករក៏មានភាពយឺតយ៉ាវដែរ ។ ជំងឺទឹក នោមផ្អែមរកឃើញក្នុងចំណោមមនុស្សវ័យចំណាស់ដែលមានសមាជិកគ្រួសារកើតជំងឺនេះនិងមានការទទួលទានអាហារច្រើននិងមានទម្ងន់ខ្លួនច្រើនលើស(ធាត់) ។ ការកើតជំងឺទឹកនោមផ្អែមនឹងឈាមទៅកើតជំងឺសរសៃឈាមរឹង និងជំងឺស្ទះសរសៃ ឈាមបានដោយងាយ ។ ដូច្នេះការគ្រប់គ្រងទម្ងន់ខ្លួនឲ្យឋិតក្នុងកម្រិត មាត្រដ្ឋាន មិនឲ្យធាត់ ជាវិធីមួយជួយបង្ការការកើតជំងឺនេះបាន ។

៥.ជំងឺពាក់ព័ន្ធនឹងឆ្អឹង ឬសន្លាក់

មនុស្សវ័យចំណាស់មានការបាត់បង់តុល្យភាពនៃអ័រម៉ូន ធ្វើឲ្យការដុតបំប្លែងអាហារក្នុងរាងកាយមានភាពខុសប្រក្រតី ការបឺតជ្រាបសារធាតុអាហារនិងជាតិខនិជ(ជាពិសេសជាតិកាល់ស្យូម)មានការប្រែប្រួលរអាក់រអួលរហូតឈានទៅរកជំងឺពុកឆ្អឹងធ្វើឲ្យឆ្អឹងស្រួយនិងឆាប់បាក់កើតឡើងចំពោះស្ត្រីអាយុលើសពី ៥០ ឆ្នាំ និងបុរសអាយុលើសពី ៦០ ឆ្នាំរួមទាំងជំងឺរលាកសន្លាក់ ។ ដូច្នេះមនុស្សវ័យចំណាស់គួរទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជាទឹកដោះគោ សាច់សត្វផ្សេងៗ សណ្ដែកគ្រប់ស្ងួតនិងផ្លែឈើដើម្បីជួយប៉ូវឆ្អឹងឲ្យរឹងមាំ ៕