លោក Donald Trump វាយ​ប្រហារ​អ្នកស្រី​ Hillary Clinton ដោយ​ពិភាក្សា​ពី​កាម​តណ្ហា​​​របស់​លោក Bill Clinton

លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានចាប់ផ្តើមផែនការមួយដើម្បីបង្ខូចកិត្តិយសលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យដោយប៉ុនប៉ងយកការមិនចេះលាក់អាថ៌កំបាំងខាងកាមតណ្ហារបស់លោកអតីតប្រធានាធិបតី Bill Clinton ជាបញ្ហាសំខាន់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។

នៅក្នុងសម្ភាសន៍មួយជាមួយកាសែត New York Times លោក Trump បាននិយាយថាលោកមានជំនឿថាការវាយប្រហារអវិជ្ជមានទាំងនេះនឹងជួយឱ្យលោកមានការគាំទ្រច្រើនជាងមុនពីពួកស្ត្រីអ្នកបោះឆ្នោតដែល ២ភាគ៣នៃស្ត្រីទាំងនេះមិនចូលចិត្តលោកទេ នេះបើតាមការស្ទង់មតិ។

Loading...

លោក Trump បាននិយាយថា «Hillary មានចិត្តកំណាច ក៏ប៉ុន្តែខ្ញុំអាចមានចិត្តកំណាចអាក្រក់ជាងគាត់ទៅទៀត»។

លោក Trump បាននិយាយសម្តៅដល់ស្វាមីលោកស្រីដែលបានបម្រើការជាប្រធានាធិបតីស.រ.អា.ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០១ ថា «Hillary Clinton បានរៀបការជាមួយអ្នករំលោភបំពានលើស្ត្រីខ្លាំងជាងគេបំផុតតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រនយោបាយ»។

លោក Trump បានថ្លែងប្រាប់សារព័ត៌មាន New York Times ថា «Hillary ជាអ្នកជួយឱ្យមានការរំលោភបំពានទាំងនេះហើយបន្ទាប់មកគាត់បានវាយប្រហារពួកស្ត្រីដែល Bill Clinton បានធ្វើប៉ះពាល់។ ខ្ញុំយល់ថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់ប្តីប្រពន្ធពីរនាក់នេះ ហើយនេះជាអ្វីដែលខ្ញុំកំពុងពិចារណាលើកយកមកនិយាយថែមទៀតនៅពេលខាងមុខឆាប់ៗនេះ»។

ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Clinton បានខិតខំព្យាយាមទប់ទល់នឹងការវាយប្រហាររបស់លោក Trump ដោយបានផ្សាយសំឡេងរបស់លោក Bill Clinton ពិភាក្សាអំពីជីវភាពជាស្វាមីភរិយាជាមួយលោកស្រី Hillary Clinton។

ការវាយប្រហារតាមពាក្យសម្តីរបស់លោក Trump មានឡើងទោះបីជាមានការពិតជាក់ស្តែងអំពីអាពាហ៍ពិពាហ៍ដំបូងរបស់លោក Trump ក្នុងចំណោមអាពាហ៍ពិពាហ៍ទាំងបីលើករបស់គាត់បានចប់ដោយការលែងលះគ្នា បន្ទាប់មហាសេដ្ឋីអចលនទ្រព្យនេះមានទំនាក់ទំនងខាងស្នេហាជាមួយនឹងស្ត្រីម្នាក់ទៀតដែលបានក្លាយទៅជាប្រពន្ធទីពីររបស់គាត់៕

ប្រភព៖ VOA