ចំណូលបានពីការលក់ប័ណ្ណទស្សនា តំបន់អង្គរ ​ក្នុងខែកញ្ញាមានជាង៣.៦លានដុល្លារ ខណៈ ៩ខែលក់បានជាង ៤៤លានដុល្លារ

(សៀមរាប)៖ អត្រាភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន ១៣០,៨៥៦នាក់ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៤.៧២ភាគរយ។

សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ​ បានបញ្ជាក់ថា «ភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលមាន ១៣០,៨៥៦នាក់ បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ ប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥កើនឡើង ៤.៧២ភាគរយ»។

ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹង ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ ចំនួនភ្ញៀវទិញប័ណ្ឌចូលមាន ១,៥៦៣,១៧២នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង ២.៥៧ភាគរយ រីឯចំណូលវិញ មាន ៤៤,៤០៧,៩៤០ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង២.៥៦ភាគរយ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកដែរថា  ការ​ណែនាំ​ទិស​ដៅ​ទស្សនា មើល​សកម្មភាព​នានា​របស់​ភ្ញៀវ​ទេសចរ ពន្យល់​ណែនាំ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា ផ្សេង​ៗ​ដែល​កើតឡើង​ ជាយថាហេតុ​ក្នុង​ការ​ទស្សនា​ នៅ​តំបន់​អង្គរ ។

សកម្មភាព​ដែល​ភ្នាក់ងារទេសចរណ៍​តែងតែ​យកចិត្តទុកដាក់ និង​ជួប​ជា​ប្រចាំ គឺ​ការ​ជួយ​សង្គ្រោះ​ភ្ញៀវ​ពេល​មាន​គ្រោះថ្នាក់ ការ​រើស​បាន​របស់​ភ្ញៀវ និង​ទប់ស្កាត់​ករណី​ភ្ញៀវ​ប្រព្រឹត្ត​មិន​សមរម្យ​នៅ​ក្នុង​ពេល​ទស្សនា ។ យោង​តាម​របាយការណ៍​សកម្មភាព​ការងារ​នៅ​ខែសីហា ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ក្រុមការងារ​ជួយ​សង្គ្រោះ​ភ្ញៀវ​បាន​ចំនួន​១៥​ករណី​ដែល​រង​របួស​ដោយ​រអិល ជំពប់​ជើង បណ្តាល​ឱ្យ​ដួល គ្រេច ថ្លោះ​ដៃជើង ងងឹតមុខ ចុកពោះ ប៉ះ​ក្បាល​នឹង​ហោជាង ឬ​រោងទង និង​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក ។ បញ្ហា​ទាំងនេះ​មិន​មាន​ច្រើន​ទេ​នៅ​តំបន់​អង្គរ ដែល​ពេល​ខ្លះ​កើតឡើង ដោយសារ​ភ្ញៀវ​ធ្វេសប្រហែស​ មិន​គោរព​តាម​ការ​ណែនាំ ឬ​ស្លាក​សញ្ញា​ហាមឃាត់ និង​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ជាដើម ។

ទោះជា​យ៉ាងណា​ក្តី ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នៅ​នឹង​កន្លែង​ចំពោះ​ករណី ស្រាល​ៗ រីឯ​ករណី​ធ្ងន់​គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សង្គ្រោះ​បឋម និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​ជាប់​ខ្លួន​ស្រាប់ ។ ដោយឡែក​ចំពោះ​ការ​រើស​បាន​របស់របរ​ភ្ញៀវ​ដែល​ភ្លេច ឬ​ជ្រុះ​នៅ​តាម​បណ្តា​ប្រាសាទ​វិញ គឺ​មាន​១៨​ករណី ក្នុង​នោះ​រក​ឃើញ​១៥​ករណី និង​រក​មិនឃើញ​៣​ករណី​។ ឯ​ករណី​រក​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ដាក់​ពាក្យបណ្តឹង​នៅ​អង្គភាព​នគរបាល​ទេសចរណ៍ ។

សម្ភារ​ដែល​ភ្ញៀវ​ភ្លេច និង​បាត់​ជា​ទូទៅ​មាន​ដូច​ជា​៖ ទូរ​សព្ទ​ដៃ កាបូបស្ពាយ កាបូប​លុយ ម៉ាស៊ីន​ថត កាត​អេ​ធី​អ៊ឹម លិខិតឆ្លងដែន ជើង​ទម្រ​ម៉ាស៊ីន​ថត ។ ក្នុង​ករណី​រក​ឃើញ​សម្ភារ ហើយ​រក​ម្ចាស់​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ប្រគល់​ជូន​នគរបាល​ទេសចរណ៍​ជា​អ្នករក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​មក​ទាក់ទង ។ រាល់​សកម្មភាព​ទាំងនេះ​ទទួល​បាន​នូវ​ការ​អរគុណ និង​កោតសរសើរ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មិន​ដាច់​ពី​មាត់ ព្រមទាំង​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​ទំនុកចិត្ត​មក​លើ​ភ្នាក់ងារ ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​ផង ។

ក្រៅពី​នោះ ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​២៨​ករណី​ផង​ដែរ ដូច​ជា​៖ ការ​បង្ហោះ Drone ថតរូប​បង្ហាញ​ម៉ូ​ដ បម្រុង​ថតរូប​លើក​បដា​ជា​ភាសាបរទេស ឡើង​កន្លែង​ហាមឃាត់ និង​គ្រោះថ្នាក់ ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ថតរូប​កាយវិការ​មិន​សមរម្យ ថតរូប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ជក់បារី​ជាដើម ។

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​លើ​គ្រប់​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​តំបន់​អង្គរ ពិសេស​គឺ​សន្តិសុខ សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​សំដៅ​ធ្វើ​យ៉ាងណា​គឺ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ចង់​មក​ម្តងទៀត ជា​ពិសេស​ជួយ​យកចិត្តទុកដាក់​ពេល​ភ្ញៀវ​មាន​បញ្ហា ដែល​នេះ​ជា​សន្តាន​ចិត្ត​ដែល​ខ្មែរ​មាន​តាំងពី​ដូនតា​មក ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចំណូលបានពីការលក់ប័ណ្ណទស្សនា តំបន់អង្គរ ​ក្នុងខែកញ្ញាមានជាង៣.៦លានដុល្លារ ខណៈ ៩ខែលក់បានជាង ៤៤លានដុល្លារ

ចំណូលបានពីការលក់ប័ណ្ណទស្សនា តំបន់អង្គរ ​ក្នុងខែកញ្ញាមានជាង៣.៦លានដុល្លារ ខណៈ ៩ខែលក់បានជាង ៤៤លានដុល្លារ

ចំណូលបានពីការលក់ប័ណ្ណទស្សនា តំបន់អង្គរ ​ក្នុងខែកញ្ញាមានជាង៣.៦លានដុល្លារ ខណៈ ៩ខែលក់បានជាង ៤៤លានដុល្លារ