សារព័ត៌មាន​អង់គ្លេស​ BBC ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ Facebook របស់​សម្ដេច​ ហ៊ុន​ សែន​

ថ្មីៗ​នេះ​​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​អង់គ្លេស​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពី​ការ​ប្រើ​ប្រាស់​ Facebook របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​ដាក់​ចំណង​ជើង​ថា​ Cambodian Leader’s Love-Hate Relationship With Facebook ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ ទំនាក់​ទំនង​ដែល​មាន​ទាំង​ការ​ស្រលាញ់​ និង​ការ​ស្អប់​របស់​មេដឹកនាំ​កម្ពុជា​ ជាមួយ​និង​Facebook ។

សារព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ថា​ បុរស​ខ្លាំង​ ហ៊ុន​ សែន​ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ ក្រោម​កណ្ដាប់​ដៃ​ដែក​របស់​ខ្លួន​រយៈពេល​ ៣០​ ឆ្នាំ​មកនេះ​ ឥលូវ​កំពុង​ងាក​មក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ ។ ជាមួយគ្នា​នេះ​ដែរ​ BBC ក៏​បាន​រំលឹក​ផង​ដែរ​ថា Facebook បាន​ក្លាយ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ ២០១៣​ ដែល​គណបក្ស​ប្រឆាំង​បាន​ប្រើ​ប្រាស់​ បណ្ដាញ​សង្គម​មួយ​នេះ​ ធ្វើ​ជា​ឧបករណ៍​ឃោសនា​នយោបាយ​ រហូត​អាច​ដណ្ដើម​ប្រជាប្រិយភាព​ពី​គណបក្ស​កាន់​អំណាច​ ដោយ​ក្នុង​នោះ​​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​បាត់បង់​អាសនៈ​ក្នុង​សភា​ដល់​ទៅ​ ២២ អាសនៈ​ ហើយ​បច្ចុប្បន្ន​នេះ​ Facebook បាន​ក្លាយ​ជា​មធ្យោបាយ​សំខាន់​ទី​ពីរ​ បន្ទាប់​ពី​ទូរទស្សន៍​ ដែល​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​ ។

សារព័ត៌មាន​អង់គ្លេស​ BBC ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ Facebook របស់​សម្ដេច​ ហ៊ុន​ សែន​

BBC បាន​បន្ថែម​ទៀត​ថា​ លោក ហ៊ុន​ សែន​ ទើប​តែ​បាន​ទទួល​ស្គាល់​ទំព័រ​ Facebook ​ដែល​​បាន​ដាក់​ឈ្មោះ​របស់​លោក​ជា​យូរ​មក​ហើយ​នោះ​ នៅ​ក្នុង​ខែ​ កញ្ញា​ នេះ​ទេ​ ពោល​គឺ​នៅ​ពេល​ដែល​មាន​អ្នក​Like ចំនួន​ ១​លាន​នាក់​​ ។ បន្ទាប់​ពី​ពេល​នោះ​មក​ លោក​បាន​​ដាក់​ឲ្យ​មាន​នូវ​ Live Address នៅ​លើ​ទំព័រ​ Facebook របស់​លោក​ Post រូប​ថត Selfies ព្រម​ទាំង​ធ្វើ​ការ​ Upload នូវ​ឯកសារ​សំខាន់ៗ​ផ្សេងៗ​ និង​រូប​ថត​ផ្សេងៗ​រាប់​តាំង​ពី​រូប​ចៅ​ៗ​របស់​លោក​ ដល់​រូប​មិត្ត​របស់​លោក​ដែល​ឈឺ​ជាដើម ហើយ​បច្ចុប្បន្ន​នេះ​ ទំព័រ​ Facebook របស់​លោក​មាន​ អ្នក​ Likeចំនួន​ ១.៧ លាន​នាក់ និង​កំពុង​បន្ត​រាប់​ទៀត​ ។

សារព័ត៌មាន​នេះ​បាន​បន្ត​ដោយ​លើក​ឡើង​នូវ​សំដី​របស់​លោក​ អ៊ូ​ រិទ្ធី​ អ្នក​អត្ថាធិប្បាយ​នយោបាយ​ ដែល​ថា​ លោក​ ហ៊ុន​ សែន​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ Facebook តែ​ហាក់​មិន​សូវ​ផ្តល់​សេរី​ភាព​ក្នុង​ការ​និយាយ​ស្តី​ ហើយ​ថា​ លោក​ ហ៊ុន​ សែន​ ព្យាយាម​ភ្ជាប់​ខ្លួន​ទៅ​នឹង​ Facebook តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​ព្យាយាម​បំបាក់​អ្នក​ដែល​ប្រឆាំង​នឹង​រូប​លោក​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ BBC​ បាន​លើក​ឡើង​នូវ​សម្តី​របស់​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​និយាយ​ថា​ លោក​អាច​ដឹង​ភ្លាមៗ​ក្នុង​ពេល​ ៧​ ម៉ោង​នូវ​អ្នក​ណា​ដែល​រិះគន់​លោក​ដោយ​ប្រើ​ពាក្យ​អាក្រក់​ ហើយ​ថា​ ការ​លាក់​បាំង​ព័ត៌មាន​ខ្លួន​ក្នុង​ Facebook មិន​អាច​ជួយ​ការពារ​បាន​ទេ ។

ស្រប​គ្នា​នឹង​ចំណុច​នេះ​ BBC បាន​រំលឹក​ឡើង​នូវ​ ការ​ចាប់​ខ្លួន​និស្សិត​អាយុ​ ២៥​ ឆ្នាំ​​ម្នាក់​ដែល​បាន​សរសេរ​នៅ​ក្នុង Facebook របស់​ខ្លួន​ថា​ ចង់​បបួល​ប្រជាជន​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ កាល​ពី​ខែ​ សីហា​ ហើយ​នឹង​ការ​បញ្ជា​របស់​សម្តេច​ ហ៊ុន​ សែន​ ឲ្យ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ប្រឆាំង​ពី​បទ​ក្លែង​ឯកសារ​រដ្ឋាភិបាល​ហើយ​ផ្សាយ​នៅ​ក្នុង​​ Facebook ជាដើម។ ​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ដែល​ជេរប្រមាថ​ មើលងាយ​រូប​លោក​ ព្រមទាំង​ព្រមាន​ចំពោះ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ងប់ងុល​ដែល​បាន​កែ​រូបថត​ភរិយា​របស់​លោក​ទៅ​ជា​លក្ខណៈ​មិន​សមរម្យ​ហើយ​ដាក់​ចូល​ក្នុង​ Facebook នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ ​។
សារព័ត៌មាន​អង់គ្លេស​ BBC ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ Facebook របស់​សម្ដេច​ ហ៊ុន​ សែន​

  • សារព័ត៌មាន​អង់គ្លេស​ BBC ចាប់​អារម្មណ៍​ការ​ប្រើប្រាស់​ Facebook របស់​សម្ដេច​ ហ៊ុន​ សែន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: