តើ​ហេតុ​អ្វី​ចាំបាច់​មាន​ពិធី​បណ្ដែត​ដូនតា​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច?

បុណ្យ​ភ្ជុំ​បិណ្ឌ និង​ពិធី​កាន់​បិណ្ឌ ជា​បុណ្យ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ពលរដ្ឋ​ដែល​គោរព​ព្រះពុទ្ធសាសនា ឲ្យ​តែ​ដល់​ហេមន្តរដូវ​នេះ​ហើយ មិន​ថា​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​ឡើយ ពួក​គេ​តែង​ចំណាយ​ពេល និង​សន្សំ​ថវិកា​ធ្វើ​បុណ្យ​ទាន ជាពិសេស​ដើម្បី​បាន​ជួបជុំ​សាច់ញាតិ​សម្រាប់​ពិធី​ដ៏​មាន​សារសំខាន់​មួយ​នេះ។ ក៏ប៉ុន្តែ​មាន​ពិធី​មួយ​ដែល​ចាំបាច់ និង​មិន​អាច​ខ្វះ​បាន​ដែរ​នោះ​ក្នុង​ចំណោម​ពិធី​ផ្សេង​ទៀត គឺ​ការ​បណ្ដែត​ដូនតា។

តើ​ហេតុ​អ្វី​ចាំបាច់​មាន​ពិធី​បណ្ដែត​ដូនតា​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច?

អ្នក​ជំនាញ​ខាង​កិច្ចការ​សាសនា​ពន្យល់​ថា តាម​ពិត​ពិធី​បណ្ដែត​ដូនតា​នេះ​ពុំ​មាន​ក្នុង​គម្ពីរ​ដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ទេ ប៉ុន្តែ​ពិធី​នេះ​គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ជំនឿ និង​ទំនៀមទម្លាប់​សុទ្ធសាធ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ។

រស់នៅ​ភូមិ​ច្រកស្រអែម ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក ទូច ម៉ុន ឲ្យ​ដឹង​ថា ពិធី​ដែល​ចាំបាច់​នៅ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ ពលរដ្ឋ​ទៅ​ទទួល​បាន​មហា​កុសល​ច្រើន​នោះ គឺ​មាន​តែ​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ ព្រម​ទាំង​ឪពុក​ម្ដាយ។ លោក​បន្ត​ថា ការ​រៀបចំ​ឲ្យ​មាន​ពិធី​បណ្ដែត​ដូនតា​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច​នេះ ដែល​គេ​តែង​ធ្វើ​ជា​ប្រចាំ​នោះ គឺ​ជា​ពិធី​ខាង​ក្រៅ​ព្រះពុទ្ធសាសនា​ទៅ​វិញ​ទេ។ ថ្វី​បើ​ពិធី​នេះ​មិន​មែន​ជា​កិច្ចការ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ក៏ដោយ​ចុះ លោក ទូច ម៉ុន បញ្ជាក់​ថា ជា​ពិធី​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ លោក​បន្ត​ថា «នេះ​ជា​ទម្លាប់​មួយ​ដែល​ជួយ​ដល់​ពួក​សត្វ​ដែល​គ្មាន​ទីពឹង ឬ​អ្នក​ដែល​អាច​ទទួល​បាន​តាម​បែប​សែន​ព្រេន។ តាម​ពិត​ទៅ សំដៅ​ទៅ​លើ​ពពួក​ព្រាយ​កន្ទោង​ខៀវ​ដែល​ចេះ​ស៊ី​ខ្ទុះ​ឈាម»

សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​តំណាល​ថា មាន​ឈ្មួញ​សំពៅ​ប្រមាណ ៥០០​សំពៅ។ ថ្ងៃ​មួយ ពួក​គេ​បាន​ធ្វើ​ដំណើរ​ដល់​កាត់​សមុទ្រ គាប់​ជួន​ពេល​នោះ​ថ្ងៃ​រៀប​លិច​ផង ក៏​ឈ្មួញ​សំពៅ​ទាំង ៥០០​សំពៅ​នោះ​រក​កន្លែង​ចត​មុន​នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​នៅ​ព្រឹក​ស្អែក។

ជា​អកុសល​ក្នុង​ពេល​រាត្រី ពពួក​ប្រេត​ដែល​ដាច់​ចំណី​អស់​ជាច្រើន​លាន​ឆ្នាំ​ណាស់​មក​ហើយ បាន​ចេញ​រក​ចំណី ក៏​ឃើញ​មនុស្ស​នៅ​លើ​សំពៅ​កំពុង​តែ​ដេក​លង់លក់។ ភ្លាម​នោះ ពពួក​ប្រេត​អរ​ផង និង​សប្បាយ​ចិត្ត​ផង ក៏​ចាប់​មនុស្ស​ទាំងនោះ​ធ្វើ​ជា​ចំណី។ ប៉ុន្តែ​ជា​សំណាង​ល្អ មាន​នាយ​ឈ្មួញ​សំពៅ​ម្នាក់​ហ៊ាន​ប្ដូរ​ជីវិត ដោយ​គាត់​គិត​ថា បើ​នៅ​តែ​យ៉ាង​នេះ មនុស្ស​ទាំងអស់​នឹង​ត្រូវ​ក្លាយ​ជា​ចំណី​ប្រេត​ហើយ។ រំពេច​នោះ បុរស​ជា​នាយ​សំពៅ សុំ​អង្វរ​ពពួក​ប្រេត ដោយ​លើក​ហេតុផល​ថា បើ​មនុស្ស​ទាំងនេះ​ក្លាយ​ជា​ចំណី​ហើយ គឺ​បាន​តែ​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​បើ​ទុក​ឲ្យ​ពួក​គេ​ស្វែងរក​ចំណី​ឲ្យ​វិញ ប្រេត​នឹង​អាច​បាន​ហូប​ជា​ប្រចាំ។

បុរស​នាយ​សំពៅ​សួរ​ទៅ​ពួក​ប្រេត​ថា បើ​ពួក​យើង​សន្យា​នឹង​លោក​យ៉ាង​នេះ​ទៅ​ហើយ តើ​លោក​ជ្រើសរើស​ផ្លូវ​ណា? សុខ​ចិត្ត​យក​ពួក​យើង​ធ្វើ​ជា​ចំណី​ឲ្យ​បាន​តែ​មួយ​ចម្អែត ឬ​ក៏​សុខ​ចិត្ត​ទុក​ជីវិត​ពួក​យើង​ដើម្បី​ឲ្យ​ទៅ​រក​អាហារ​ជូន​វិញ?

ពពួក​ប្រេត​បាន​ឮ​សំណើ​នៃ​នាយ​ឈ្មួញ​ដូច្នេះ​ហើយ ក៏​គិត​មួយ​សន្ទុះ រួច​សម្រេច​ដោះលែង​ពួក​ឈ្មួញ ហើយ​ផ្ដាំផ្ញើ​ថា «កាល​បើ​ពួក​អ្នក​បាន​ទៅ​ដល់​ស្រុក​ទេស​ខ្លួន​ហើយ ចាំ​ផ្ញើ​ឲ្យ​ពួក​យើង​ចុះ។ កាលណា​មាន​ខ្យល់​ជំនោរ​ធ្លាក់​មក​ពី​ទិស​ខាង​ជើង អ្នក​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ក្បូន​ផ្ទុក​ធញ្ញជាតិ និង​អាហារ​គ្រប់​យ៉ាង មាន​លាជ សណ្ដែក ល្ង ដូង អំបុក ចេក ជាដើម បណ្ដែត​តាម​ខ្សែ​ទឹក​មក​ឲ្យ​យើង​ចុះ មិន​បាច់​នាំ​មក​ផ្ទាល់​ទេ ជំនោរ​ខ្យល់​នឹង​បញ្ជូន​មក​ដល់​យើង​ហើយ»

ក្រុម​ឈ្មួញ​សំពៅ​ទាំង ៥០០​សំពៅ កាល​បើ​បាន​រួច​ទុក្ខ​សោក​បែប​នេះ​ហើយ លុះ​ទៅ​ដល់​ភូមិ​ស្រុក​ជួបជុំ​គ្រួសារ ហើយ​ត្រូវ​នឹង​ពេល​ជិត​ដល់​រដូវ​ភ្ជុំ​ដែល​ទឹក​ឡើង​ជា​លំដាប់​ផង អ្នក​ដែល​បាន​សន្យា​នឹង​ប្រេត​ទាំងនោះ ក៏​នាំ​គ្នា​ធ្វើ​នំនែក​រក​ចេក​អំពៅ លាជ ស្រូវ អង្ករ ផ្លែ​ឈើ ដែល​មាន​ក្នុង​រដូវ​នោះ ធ្វើ​ពោងពាយ ហើយ​ដាក់​បណ្ដែត​បញ្ជូន​ទៅ​ឲ្យ​ប្រេត​តាម​ខ្សែ​ទឹក​រាល់​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​នេះ។

សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​រៀបរាប់​ទៀត​ថា មនុស្ស​សម័យ​មុន​គោរព​ពាក្យ​សច្ចៈ​ល្អ​ណាស់ បើ​និយាយ​សន្យា​ថា​ដូចម្ដេច​ហើយ មិន​ហ៊ាន​បំពាន​ទេ។ ចំណេរ​ត​មក អ្នក​ស្រុក​ក៏​នាំ​គ្នា​ធ្វើ​តៗ​មក​ទៅ​ជា​ទំនៀមទម្លាប់​ដោយ​យល់​ថា «ធ្វើ​បុណ្យ​បណ្ដែត​ស្រូវ​អង្ករ​ទៅ​ឲ្យ​ដូនតា ដែល​ទៅ​កើត​ជា​ប្រេត​ស្ថិត​នៅ​ឯ​ស្រុក​ទន្លេ​ស្ងួត​កន្ទួត​មួយ​ដើម» នៅ​ក្នុង​ហេមន្តរដូវ គឺ​ជា​ប្រការ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។

យោង​ទំនៀមទម្លាប់​នេះ​ហើយ ទើប​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ពិធី​បណ្ដែត​ដូនតា ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជំនឿ​ទៅ​លើ​បុណ្យ​បាប តែង​រៀបចំ​មិន​ដែល​ខ្វះ​ចន្លោះ​ឡើយ។ ជា​រួម ពិធី​បណ្ដែត​ដូនតា​នេះ គឺ​គេ​តែង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច។

នៅ​ក្នុង​ថ្ងៃ​ដែល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្លង​ចប់​សព្វគ្រប់​ហើយ ពេល​យប់​ពលរដ្ឋ​ចាប់​ផ្ដើម​រៀបចំ​កន្ទោង បាយ ទឹក នំ​ចំណី និង​ល្ង​ជាដើម ដាក់​ក្នុង​ទូក​តូច​មួយ មុន​នឹង​ត្រូវ​បណ្ដែត​វេលា​ទៀប​ភ្លឺ។ តាំង​ពី​សម័យ​បុរាណ​ត​រៀង​មក គេ​មាន​តំណម​មួយ​ដាច់ខាត គឺ​របស់​របរ នំ​អន្សម ម្ហូប ចំណី ដែល​ហូប​មិន​អស់ ឬ​សេសសល់​ក្រោយ​បណ្ដែត​រួច គឺ​ហាម​យក​ចូល​ផ្ទះ​វិញ។ កាលណា​បើ​គេ​ហូប​មិន​អស់​ហើយ របស់​របរ​ដែល​សល់​ពី​បណ្ដែត​ហើយ​នេះ គេ​តែង​លាក់​ទុក​នៅ​តាម​គុម្ពោត​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ងាយ​ទៅ​រក​ហូប​ពេល​ក្រោយ​ទៀត។

ព្រះ​គ្រូ​រតនៈ​វិសុទ្ធ ឆាត សុឆេត គង់​នៅ​វត្ត​បទុមវតី ព្រះអង្គ​មាន​ថេរ​ដីកា​ថា តាម​ពិត​ពិធី​បណ្ដែត​ដូនតា​នេះ គឺ​ជា​ពិធី​មួយ​ដែល​ពលរដ្ឋ​តែង​រៀបចំ​តាម​បែប​ព្រហ្មញ្ញសាសនា ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ ហើយ​ពិធី​បែប​នេះ ពលរដ្ឋ​នៅ​ប្រទេស​ឥណ្ឌា ក៏​នៅ​តែ​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ព្រះតេជព្រះគុណ​បន្ត​ថា «ធ្វើ​ពិធី​នេះ​តាម​លំនាំ​សាសនា​ព្រហ្ម។ គេ​នៅ​តែ​ធ្វើ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​នៅ​ទីក្រុង​ប៉ារាណាជី ប្រទេស​ឥណ្ឌា ក្នុង​ពេល​បច្ចុប្បន្ន។ គេ​គិត​ថា​កាលណា​បណ្ដែត​ទៅ​ញាតិ​របស់​គេ​បាន​ទទួល ហើយ​ញាតិ​របស់​គេ​បាន​ទៅ​កាន់​សុគតិភព ប៉ុន្តែ​នៅ​ក្នុង​ព្រះពុទ្ធសាសនា អ្នក​ហ្នឹង​ដែល​បាន​ទទួល​ក៏​ពិត​មែន ប៉ុន្តែ​មិន​អាច​រួច​ចាក​អំពី​អបាយ​ហ្នឹង​បាន​ទេ»

ជា​ធម្មាចារ្យ និង​ពហូសូត​ផ្នែក​ព្រះពុទ្ធសាសនា​ផង លោក ទូច ម៉ុន ឲ្យ​ដឹង​ថា ការ​ពិត​ពិធី​បណ្ដែត​ដូនតា​នេះ បើ​និយាយ​ពី​រឿង​កម្មផល ការ​បញ្ជូន​ដោយ​មធ្យោបាយ​បែប​នេះ​មិន​បាន​ដល់​ពពួក​ប្រេត​ដែល​ជា​ញាតិ​ឡើយ ក្រៅ​ពី​ធ្វើ​បុណ្យ​តាម​រយៈ​ព្រះសង្ឃ ឬ​អ្នក​មាន​សីល។ ប៉ុន្តែ​ដោយ​ហេតុ​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​រយៈពេល ១៤​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​មនុស្ស​ដែល​នៅ​រស់​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល ហៅ​រក​ពពួក​ប្រេត​ដែល​ជា​ញាតិ​ឲ្យ​មក​ទទួល​ផល ទើប​ថ្ងៃ​ចុង​ក្រោយ​គេ​មាន​ជំនឿ​មួយ​ថា ត្រូវ​តែ​រៀបចំ​ពិធី​បញ្ជូន​ត្រឡប់​ទៅ​វិញ​តាម​មធ្យោបាយ​បែប​នេះ។ លោក​បន្ត​ថា «ឃើញ​ឪពុក​ខ្ញុំ​គាត់​ធ្វើ មុន​នឹង​ភ្ជុំ​គាត់​អញ្ជើញ​ហៅ​មូល​បង​មូល​ប្អូន​គាត់​ហៅ​ចាស់​ទុំ។ ឥឡូវ​នេះ​កូន​ចៅ​ធ្វើ​បុណ្យ​រាប់បាត្រ​បោះ​បាយ​បិណ្ឌ​នៅ​នឹង​វត្ត​ក្នុង​រយៈពេល​ប្រមាណ ១៥​ថ្ងៃ​ហ្នឹង។ ពេល​រួច​រាល់​បុណ្យ​ភ្ជុំ​បិណ្ឌ បាន​បញ្ជូន​ទៅ​វិញ។ នេះ​គ្រាន់​តែ​ជា​ទម្លាប់​មិន​ដឹង​ថា​ច្បាប់​អី​យ៉ាង​ណា​ទេ ប៉ុន្តែ​គ្រាន់​តែ​ទម្លាប់​ធ្វើ​តៗ​មក»

ព្រះតេជព្រះគុណ ឆាត សុឆេត មាន​ថេរ​ដីកា​ថា ការ​ធ្វើ​បុណ្យ​តាម​វិធី​បណ្ដែត​ដូនតា​នេះ ទទួល​បាន​ផល​អានិសង្ស​ដែរ ប៉ុន្តែ​ជា​ផល​ដែល​ទទួល​បាន​មួយ​គ្រាៗ​ប៉ុណ្ណោះ។ ព្រះអង្គ​បន្ត​ថា «មធ្យោបាយ​នេះ​ដល់ ប៉ុន្តែ​មិន​អាច​រួច​ចាក​កំណើត​ទាំងអស់​ហ្នឹង​ទេ។ បាន​មួយ​គ្រាៗ ហាក់​ដូចជា​យើង​ឲ្យ​បាយ​ទៅ​សត្វ​វា​ស៊ី ហើយ​បន្ទាប់​ទៅ​វា​ឆ្អែត បន្ទាប់​ទៅ​វា​ហេវ​ទៀត​ដូច​យើង​អ៊ីចឹង។ ប៉ុន្តែ​បើ​ឲ្យ​រួច​ចាក​ពី​អបាយ​ហ្នឹង​មាន​នរក ប្រេត តិរច្ឆាន អសុរកាយ​ជាដើម​ហ្នឹង គឺ​មិន​រួច​ទេ»

នៅ​ក្នុង​សម័យ​ដើម ពិធី​បណ្ដែត​ដូនតា​នេះ​ពេញ​និយម​សម្បើម​ណាស់ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ តែង​ប្រារព្ធ​ពិធី​នេះ​មិន​ដែល​ខកខាន​ម្ដង​ណា​ឡើយ។ លុះ​ចំណេរ​ក្រោយៗ​មក​ទៀត ពិធី​នេះ​ហាក់​សាបរលាប​បន្តិច​ម្ដងៗ​ទៅ​ហើយ។ ថ្វី​បើ​ការ​បណ្ដែត​ដូនតា​នេះ​ហាក់​មើល​ទៅ​បាន​ស្រក​ស្រុត​បន្តិច ទំនៀមទម្លាប់​នេះ​នៅ​តែ​ជា​ពិធី​ដែល​ចាំបាច់ និង​មាន​សារសំខាន់​នៅ​ឡើយ​ចំពោះ​អ្នក​មាន​ជំនឿ​លើ​បុណ្យ​បាប​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។