ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្យ៍ ស្នើ​ឲ្យ​មាន​អន្តរាគមន៍​មួក​ខៀវ នៅ​ស៊ីរី

យ៉ាងហោចប្រទេសចំនួន ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ បាន​ទាមទារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ចូល​អន្តរាគមន៍ ដើម្បី​ការ​ឈប់​បាញ់​មួយ នៅ​ក្រុង​អាឡិប ភាគពាយ័ព្យ​នៃ​ប្រទេសស៊ីរី។
ប្រទេស​នៅ​ឈូង​សមុទ្រ​ពែរ្យ៍ ស្នើ​ឲ្យ​មាន​អន្តរាគមន៍​មួក​ខៀវ នៅ​ស៊ីរី

ផ្សែងឆេះខ្មួលខ្មាញ់ នៅពីលើក្រុងអាឡិប ភាគពាយ័ព្យនៃប្រទេសស៊ីរី។ (រូបថតឯកសារ)

បណ្ដាប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សាសហប្រតិបត្តិការ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ហៅ​កាត់​តាម​ភាសាអង់គ្លេស «GCC» បានទាមទារ កាលពីថ្ងៃសៅរ៍ទី១ ខែតុលានេះ ស្នើសុំឲ្យអង្គការ​សហ​ប្រជា​ជាតិ ធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យមានបទឈប់បាញ់មួយ សម្រាប់ក្រុងអាឡិប (Alep ស្ថិត​ក្នុង​ភាគពាយ័ព្យ​នៃប្រទេស)។ ក្រុមប្រទេសទាំងនោះ បានចាត់ទុក​ការវាយលុក​ធ្វើឡើង ពីសំណាក់​កងទ័ព​ស្និត​នឹងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយយោធា​រ៉ូស្ស៊ីនោះ ថាជា«ការរំលោភបំពាន ដោយជាក់ស្ដែង ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ»។

ប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សា «GCC» រួមមាន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន កូវ៉េត អូម៉ាន កាតា និងប្រទេស​អេមៀរ៉ាតអារ៉ាប់រួម។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន «SPA» របស់ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បានឲ្យដឹងថា អគ្គលេខាធិការនៃក្រុមប្រឹក្សា «GCC» សូមទាមទារឲ្យ ក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការ​សហប្រជាជាតិ ធ្វើអន្តរាគមន៍«ជាបន្ទាន់» ដើម្បីបញ្ឈប់នូវការ«រំលោភបំពាន» នៅលើក្រុងអាឡិប និង​បញ្ចប់​ការ​ឈឺចាប់​វេទនា របស់ប្រជាជនស៊ីរី។

ក្នុងសេចក្ដីប្រកាស​ព័ត៌មាននោះ បានស្នើសុំឲ្យអង្គការសហប្រជាជាតិ តម្រូវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍​ឲ្យ​បាន នូវដំណោះស្រាយទាំងឡាយ ​របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានសម្រេច ក្នុងពេលកន្លងមក សម្រាប់​វិបត្តិ​ស៊ីរី។

បទឈប់បាញ់ ដែលបានប្រកាសធ្វើ​ទាំងចម្រូងចម្រាស កាលពីពីរ​សប្ដាហ៍កន្លងទៅ បានជួប​នឹង​ភាព​បរាជ័យ បន្ទាប់ពីមានការផ្ទុះអាវុធ នៅថ្ងៃទី១៩ ខែកញ្ញាកន្លងមក មុននឹងការទម្លាក់គ្រាប់បែក​ ត្រូវបាន​ធ្វើ​ឡើង​វិញ​​សឹង​មិន​លួសពេល ទៅលើបណ្ដាសង្កាត់នៃទីក្រុង អាឡិប ដែលសម្បូរ ទៅដោយអ្នករស់នៅ ជា​ក្រុម​ប្រឆាំង។

អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក បានថ្លែងឲ្យដឹង កាលពីដើមសប្ដាហ៍នេះថា ស្ថានភាពដ៏អាក្រក់​នៅ​ក្រុង​អាឡិប អាចនឹងជំរុញឲ្យបណ្ដាប្រទេស នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ធ្វើការឧបត្ថម្ភក្រុមប្រឆាំងស៊ីរី ដោយ​ការ​បំពាក់​អាវុធ​ធុនមធ្យម ទៅឲ្យក្រុមនេះ ដើម្បីការពារខ្លួន។ អាវុធធុនមធ្យមនោះ អាចជាកាំជ្រួចរយៈខ្លី ដែល​មាន​លទ្ធភាព​ល្មម នឹងបាញ់ទម្លាក់​យន្ដហោះទម្លាក់គ្រាប់បែក របស់កងទ័ពស៊ីរី និងរ៉ូស្ស៊ីបាន។

ចំណែក​ឯប្រទេសបារាំងវិញ ដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការ​សហ​ប្រជា​ជាតិ បានថ្លែងឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុននេះថា ខ្លួនកំពុងសិក្សា​ទៅលើដំណោះស្រាយ ស្ដីពីបទ​ឈប់​បាញ់​មួយ សម្រាប់ក្រុងអាឡិប ដើម្បីដាក់ជូនក្រុមប្រឹក្សាសន្តិសុខអនុម័ត្រ ក្នុងពេលខាងមុខ៕