ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ខេត្ត​ស្ទឹងត្រែង​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​កើន​ឡើង

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​កើន​ឡើង​ជាង​ឆ្នាំ​មុន ខណៈ​សក្ដានុពល​តំបន់​ទេសចរណ៍​ធម្មជាតិ​ខេត្ត​ភាគ​ឦសាន​នេះ បាន​កើន​ឡើង។ ទន្ទឹម​នឹង​នេះ ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង ទទួល​ស្គាល់​ថា មាន​ភ្ញៀវ​មក​ស្នាក់នៅ​ច្រើន​ខុស​ពី​ថ្ងៃ​ធម្មតា។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង សម្ដែង​មោទនភាព​ចំពោះ​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ក្រោយ​ភ្ជុំ​បិណ្ឌ។ ការ​កើន​ឡើង​នេះ ពួក​គេ​ចាត់​ទុក​ថា​ជា​ប្រភព​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម ការ​លក់​ម្ហូប​អាហារ និង​លក់​សម្ភារៈ​អនុស្សាវរីយ៍ ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ តុលា ថា ទោះ​បី​ជា​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង កើន​ឡើង​ក្តី តែ​អាជ្ញាធរ​បាន​ជូន​ដំណឹង​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទាំងអស់​រក្សា​តុល្យភាព​តម្លៃ ឬ​មិន​ឲ្យ​ដំឡើង​ថ្លៃ​ទេ ផ្អែក​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ទេសចរណ៍។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា ភាគច្រើន​មក​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល សហគមន៍​អេកូ​ទេសចរណ៍​បូរី​អូរ​ស្វាយ រមណីយដ្ឋាន​បក្សី​មេគង្គ និង​រមណីយដ្ឋាន​អូរឫស្សី​កណ្ដាល។

លោក អ៊ន់ ប៉ោសឿន កត់​សម្គាល់​ថា កន្លង​ទៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បាន​បង្កើត​យុទ្ធនាការ​មួយ​ផ្ដោត​សំខាន់​អប់រំ​អនាម័យ​បរិស្ថាន និង​កាតព្វកិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ ប្រយោជន៍​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន​ធម្មជាតិ ឬ​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​នានា​ក្នុង​ខេត្ត​នេះ៖ «អត្ថប្រយោជន៍​ទី​១ គឺ​គាត់​ទទួល​បាន​ចំណូល​ភ្លាមៗ​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ទៅ​លេង គឺ​គាត់​មាន​ចំណូល។ សហគមន៍​ដែល​យើង​បាន​រៀបចំ គាត់​មាន​កម្លាំង​ពលកម្ម គាត់​មាន​ការងារ​ធ្វើ គាត់​មាន​ឱកាស​ការងារ រក​ការងារ​បាន​ធ្វើ​តាម​រយៈ​សេវាកម្ម​ទេសចរណ៍​ហ្នឹង។ ហើយ​ទី​បី ចូលរួម​ចំណែក​សំខាន់ គឺ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ទៅ​លើ​ធនធាន​ធម្មជាតិ ព្រោះ​យើង​ផ្ដោត​សំខាន់​អេកូ​ទេសចរណ៍​សហគមន៍ ទេសចរណ៍​ធម្មជាតិ។ ចឹង​គាត់​យល់​ដឹង​ផ្នែក​ធម្មជាតិ គាត់​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​សណ្ឋាគារ​នៅ​ខេត្ត​ស្ទឹងត្រែង គិត​ជា​មធ្យម ១៧​ដុល្លារ ហើយ​ផ្ទះ​សំណាក់ ១២​ដុល្លារ​ស្នាក់នៅ​រយៈពេល ១​យប់។ លើស​ពី​នេះ ខេត្ត​ស្ទឹងត្រែង មាន​សណ្ឋាគារ​ចំនួន​៦ និង​ផ្ទះ​សំណាក់​៣៦ និង​មាន​បន្ទប់ ៧៧២​បន្ទប់។

ម្ចាស់​សណ្ឋាគារ​ទន្លេ​មាស លោក សៀង ចន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ តុលា ថា ភ្ញៀវ​ទេសចរ​បាន​មក​ស្នាក់នៅ​សណ្ឋាគារ​របស់​លោក​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ថ្ងៃ​ទី​១ តុលា ពេញ​ទាំងអស់ ឬ​ច្រើន​ជាង​ថ្ងៃ​ធម្មតា ហើយ​លោក​បាន​យក​តម្លៃ​បន្ទប់​ដូច​ថ្ងៃ​ធម្មតា ក៏ប៉ុន្តែ​ភ្ញៀវ​មួយ​ចំនួន​មាន​គ្នា​ច្រើន​បាន​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​នីមួយៗ ហួស​ពី​អ្វី​ដែល​សណ្ឋាគារ​របស់​លោក​បាន​កំណត់ ដូច្នេះ​លោក​បាន​យក​តម្លៃ​លើស ៥​ដុល្លារ។ លោក​បន្ត​ថា សណ្ឋាគារ​របស់​លោក​មាន​បន្ទប់​ស្នាក់នៅ​ចំនួន ៤៨​បន្ទប់៖ «បើ​និយាយ​ទៅ បើ​សិន​ជា​គិត​តម្លៃ គឺ​គិត​ធម្មតា តែ​ដោយ​យើង​ឡើង ៥​ដុល្លារ​ទៅ​លើ​គេ​អត់​មាន​កន្លែង​គេង គឺ​គេ​គេង ៥ ទៅ ៦​នាក់​ក្នុង​មួយ​បន្ទប់។ ខាង​ក្រោយ​ផ្ទះ​ពូ ពូ​បាន​រៀប​ជា​តុ​សម្រាប់​គេ​មក​ជា​គ្រួសារ​ចឹង គេ​ហូប​នៅ​ខាង​ក្រោយ ពូ​រៀប​តុ​ដាក់​ឲ្យ​គេ ពេល​ទៅ​ញ៉ាំ​ជួប​ជុំ​គ្រួសារ​អត់​បាន​គិត​លុយ​ទេ»

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្ត​នេះ​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ក្រោយ​ភ្ជុំ​បិណ្ឌ​រយៈពេល ២​ថ្ងៃ ឆ្នាំ​២០១៦ មាន​ចំនួន ២.៧១៤​នាក់ កើន​ឡើង ៦% ធៀប​នឹង​ឆ្នាំ​២០១៥។ ចំណែក​ភ្ញៀវ​បរទេស​ចំនួន ២៥​នាក់។

ខេត្ត​ស្ទឹងត្រែង មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន ២៧​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៧​កន្លែង​ដែល​ផ្តល់​សក្ដានុពល​ខ្លាំង គឺ​រមណីយដ្ឋាន​ធម្មជាតិ​បុប្ផា​ភ្លុក រមណីយដ្ឋាន​អូរឫស្សី​កណ្ដាល សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល សហគមន៍​អេកូ​ទេសចរណ៍​បូរី​អូរ​ស្វាយ រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង សហគមន៍​អេកូ​ទេសចរណ៍​វើន​សៀន និង​សហគមន៍​អេកូ​ទេសចរណ៍​អាហារ​ត្មាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។