ប្រពន្ធកាប់ប្រហារប្តី ព្រោះតែទូរស័ព្ទតម្លៃជាង១០ដុល្លារ​

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​ប្តី​ត្រូវ​​​រង​របួសធ្ងន់ ហើយបានបញ្ជូនទៅកាន់​មន្ទី​រពេទ្យ​ភ្លាមៗ ដើម្បីសង្គ្រោះ បន្ទាប់​ពី​ត្រូវ​​ស្ត្រីជាប្រពន្ធ​ប្រមឹក​ដេញ​កាប់​ត្រូវ​២​កាំបិត ក្នុងជម្លោះ​​​ផឹកស៊ី និង​បាត់​ទូរស័ព្ទ​ដៃ មានតម្លៃ​ជាង​១០​ដុល្លារ ដែល​ហេតុ​ការ​ណ៏​នេះ​ ​កើតឡើង​កាលវេលា​ម៉ោង​០១​ថ្ងៃ​ទី​០២​ តុលា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ថានីយរថភ្លើង​ក្រុងព្រះសីហនុ ​​ក្នុងភូមិ​៣​ស្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​។

យោង​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានសង្កាត់​លេខ​៣​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះអ៊ុយ ផានិត អាយុ​៤០​ឆ្នាំ​ មានមុខ​របរ​ចុះទូក​ក្តាម ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​​​​ដៃដល់ឈ្មោះពេជ្រ ស្រី​ល័​ក្ខ អាយុ​៣៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​៣​ស្កាត់​លេខ​៣ ​ខេត្ត​ព្រះ​សីហ​នុ បាន​យក​កាំបិតប៉័ងតោដេញ​កាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ (​ដាច់​សរ​សៃ​.ក​ដៃ និង​ស្មារ​ខាងឆ្វេង​មួយ​កាំបិត​) ​ហូ​រឈាម​សន្លប់​ស្តូ​ក​ ​។

​ជុំវិញ​បញ្ហា​ដេញ​កាប់​ប្តី​នេះ​ផង​ដែរ ស្ត្រីដៃដល់បាន​​រៀបរាប់​ថា មូលហេតុ​ដែល​ដេញ​កាប់​ប្តី​ គឺមក​ពី​ប្តី​ធ្វើ​ឱ្យបាត់​ទូរស័ព្ទ​តម្លៃ​ជាង​​១០​ដុល្លារ ហើយ​ប្តី​បាន​រករឿង​ឈ្លោះ រហូត​យក​​ដុំ​ឥដ្ឋ​ដេញ​គប់​មក​លើ​រូប​គាត់ ទើប​គាត់​ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​អ្នក​ជិតខាង​កាប់​វិញ​តែ​ម្តង​។