ទេយ្យទាន​និង​ចង្ហាន់​ដែល​ពុទ្ធបរិស័ទ​និយម​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ

បើ​ទោះ​បី​ជា​រវល់​នឹង​ការងារ​រក​ស៊ី ឬ​ធ្វើ​ស្រែ​ចម្ការ​យ៉ាង​ណា ក៏​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ឆ្លៀត​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​អារាម ជាពិសេស​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ តើ​ទេយ្យទាន និង​ចង្ហាន់​ណា​ខ្លះ​ដែល​ប្រជា​ពុទ្ធបរិស័ទ​និយម​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ?

រយៈពេល ១៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៦ ដែល​ជា​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ មាន​ប្រជា​ពុទ្ធបរិស័ទ​ជាច្រើន​ទៅ​វត្ត​ធ្វើ​បុណ្យ និង​ធ្វើ​ទាន។

ការ​ធ្វើ​បុណ្យ​ទាន​តាម​រយៈ​ព្រះសង្ឃ និង​យាយ​ជី ឬ​តា​ជី​នៅ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​នោះ គឺ​និយម​ធ្វើ​ទៅ​តាម​បែប​ផែន​ផ្សេងៗ​គ្នា។

កំពុង​អង្គុយ​លើ​បង់​ក្នុង​បរិវេណ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ដោយ​មាន​ចានស្រាក់ និង​ធូប​កាន់​នឹង​ដៃ​ផង​នោះ លោកស្រី ជៀម សឿន មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ១៥​ថ្ងៃ​នៃ​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ លោកស្រី​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​យ៉ាង​ហោច​ចំនួន ៧​វត្ត។ លោកស្រី​ថា ចីវរ​គ្រឿង​ប្រើប្រាស់​សម្រាប់​ព្រះសង្ឃ​ដែល​ជា​ទេយ្យទាន​នោះ លោកស្រី​ធ្វើ​ទៅ​តាម​លទ្ធភាព។

លោកស្រី ជៀម សឿន បន្ថែម​ថា ចំពោះ​ចង្ហាន់​ដែល​លោកស្រី និង​គ្រួសារ​និយម​ធ្វើ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ដល់​លោក​ឪពុក និង​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​នោះ ដូចជា ស្ងោរ​ម្រះ ឆា​មីសួ ខ​ជើង​ជ្រូក និង​មុខ​ម្ហូប​មួយ​ចំនួន​ទៀត​ដែល​ប្រើ​សាច់​ច្រើន គឺ​សាច់ញាតិ​លោកស្រី​ចូល​ចិត្ត​ហូប​ណាស់​កាល​ពី​នៅ​រស់។ លោកស្រី​ត្រូវ​ធ្វើ​មុខ​ម្ហូប​ទាំងនេះ​ផ្លាស់ប្ដូរ​គ្នា​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ៖ «យើង​ធ្វើ​តម្រូវ​ទៅ​តាម​សាច់ញាតិ និង​ដូនតា​ចូល​ចិត្ត​អី​ធ្វើ​ហ្នឹង​ឲ្យ​គាត់​ទៅ។ លោក ជិន ជេដ្ឋា៖ មាន​ដូរ​មុខ​ម្ហូប​អី​ទេ? មាន​ដូរ​ដែរ ជួនកាល​ទៅ​បិណ្ឌ​ណា​ផ្សេង​ទៅ មាន​សម្លការី ច្រើន​ឆា​មី ឆា​បន្លែ​គ្រប់​មុខ​អ៊ីចឹង​ទៅ»

ចំណែក​លោកស្រី សេង អ៊ន ឲ្យ​ដឹង​ថា ចំពោះ​គ្រួសារ​លោកស្រី មិន​ធ្វើ​ចង្ហាន់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ដែល​បាន​ស្លាប់​ទៅ ឬ​ព្រះសង្ឃ​នោះ​ទេ គឺ​ឲ្យ​តែ​មុខ​ម្ហូប​ដែល​លោកស្រី​យល់​ថា​ឆ្ងាញ់ និង​គេ​និយម នោះ​លោកស្រី​នឹង​ធ្វើ​ដូច្នោះ​ដែរ។ លោកស្រី​ថា ការ​ធ្វើ​បែប​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​ផង និង​ត្រូវ​ទៅ​នឹង​ការ​ចូល​ចិត្ត​របស់​បង​ប្អូន និង​ឪពុក​ម្ដាយ​របស់​លោកស្រី​ដែល​នៅ​រស់​ផង​ដែរ៖ «ឧទាហរណ៍​ថ្ងៃ​នេះ​ខ្ញុំ​ស្ងោរ​ម្រះ ដល់​ពេល​ខ្ញុំ​ទៅ​វត្ត​ផ្សេង​មាន​សម្ល​ផ្សេង​អ៊ីចឹង​ទៅ។ ដល់​ពេល​ថ្ងៃ​ភ្ជុំ​ធំ អ៊ីចឹង​ខ្ញុំ​ស្ល​ការី ឬ​ប្រហុក​ចំហុយ​អ៊ីចឹង​ទៅ ព្រោះ​អី​ម៉ាក់​ប៉ា​យើង​ចូល​ចិត្ត​ធ្វើ​ហ្នឹង​ទៅ»

ដោយឡែក​ពុទ្ធបរិស័ទ​ខ្លះ​ទៅ​ផ្សារ​ទិញ​ថ្នាំ ឬ​ច្រាស​ដុស​ធ្មេញ និង​សម្ភារៈ​ដែល​ព្រះសង្ឃ​ប្រើប្រាស់ ដើម្បី​ធ្វើ​ជា​ទេយ្យទាន​ប្រគេន​ចំពោះ​ព្រះសង្ឃ ប៉ុន្តែ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខ​ម្ហូប​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ និង​តម្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​នៃ​សាច់ញាតិ​ដែល​បាន​ស្លាប់​ណា​ម្នាក់​ឡើយ គឺ​ពួក​គេ​ត្រូវ​ទិញ​ម្ហូប​ស្រាប់​ដែល​លក់​នៅ​ផ្សារ ឬ​រៃ​លុយ​គ្នា​ទិញ​ត្រី​សាច់​ធ្វើ​ម្ហូប​ណា​មួយ​មុខ​រួម​គ្នា​តែ​ម្ដង។

លោក ង៉ែត ស្រៀង ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទេពធីតា​រាម បាន​ដឹក​កូន​ចៅ និង​បង​ប្អូន​ប្រមាណ ១០​នាក់​ដោយ​រ៉ឺម៉ក​ទៅ​វត្ត​ដើម្បី​យក​ចង្ហាន់ ទឹក​សុទ្ធ និង​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ ឲ្យ​ដឹង​ថា ដោយ​មិន​សូវ​មាន​ពេល និង​ថវិកា ទើប​ក្រុម​គ្រួសារ​គាត់​សម្រេច​ស្ល​ចាប់​ឆាយ​មួយ​ខ្ទះ​ធំ ដើម្បី​រំលែក​ដួស​ដាក់​ស្រាក់​ប្រគេន​ព្រះសង្ឃ ចំណែក​បច្ច័យ ឬ​ទេយ្យទាន​ធ្វើ​ទៅ​តាម​លទ្ធភាព​ម្នាក់ៗ៖ «បើ​ទៅ​វត្ត​ផ្សេង​ផ្លាស់​ម្ហូប​ផ្សេង។ បាន​ថា​ផ្លាស់ ព្រោះ​ចង់​ឲ្យ​វា​ប្លែក​ដូច​ថា​នៅ​វត្ត​នេះ ស្ងោរ​ហើយ​ទៅ​វត្ត​ណោះ យើង​ស្ល​ការី ម្ជូរ​គ្រឿង​អ៊ីចឹង​វិញ​ទៅ។ បើ​យើង​ឧទ្ទិស​ចំ​បាន​ទៅ​ដល់​ដូច​ថា​អ្នក​ដែល​ស្លាប់​ទៅ​ឈ្មោះ ក ឧទ្ទិស​ចំ​ឈ្មោះ ក អ៊ីចឹង​ទៅ​បាន​ទៅ​ដល់ បើ​ថា​អត់​នឹក​រំឭក​ទេ អត់​ដល់»

ទាក់ទង​នឹង​ការ​វេរ​ចង្ហាន់ និង​ការ​និយម​ធ្វើ​ចង្ហាន់​របស់​ប្រជា​ពុទ្ធបរិស័ទ​នេះ ប្រធាន​គណៈកម្មការ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព លោក សៀង អ៊ីម សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ពុទ្ធបរិស័ទ​និយម​ធ្វើ​ចង្ហាន់​ដូចៗ​គ្នា​ស្ទើរ​រាល់​ថ្ងៃ​នៃ​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ដោយ​មិន​គិត​ពី​មុខ​ម្ហូប​ដែល​ញាតិ​សន្ដាន​កាល​នៅ​រស់​ចូល​ចិត្ត​នោះ​ទេ។ ចង្ហាន់​ភាគច្រើន​មាន​ដូចជា​ឆា​មី ឬ​ខ​សាច់​ជ្រូក ជាដើម៖ «ឆា​មី ចាប់​ឆាយ ខ​ម្រះ ខ​ទំពាំង ស្ល​ការី មាន​តែ​ប៉ុណ្ណឹង​ឯង! ដូច​មិន​សូវ​ឃើញ​មុខ​ម្ហូប​ប្លែក​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ដែល​បាន​ស្លាប់​ទៅ ស្រាប់​តែ​បាត់​អស់​ទៅ ឃើញ​តែ​មាន​ប៉ុន្មាន​មុខ​ហ្នឹង​មក​សព្វថ្ងៃ»

ទោះ​បី​ជា​យ៉ាង​ណា ព្រះសង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ ថា​ការ​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ ការ​និយម​ធ្វើ ឬ​មិន​ធ្វើ​ម្ហូប​ណា​មួយ​ដែល​អ្នក​ស្លាប់​ចូល​ចិត្ត ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ និង​ជា​ទម្លាប់​របស់​ពុទ្ធបរិស័ទ​ប៉ុណ្ណោះ។ ការ​ធ្វើ​បុណ្យ​ទាន​តាម​ឱវាទ​ព្រះពុទ្ធ​អង្គ ឬ​ដោយ​ការ​ពិចារណា​សម​ហេតុផល ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មាន​សេចក្ដី​ស្ងប់​ក្នុង​ចិត្ដ ជា​រឿង​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។