សង្គម​ស៊ីវិល​ថា​ពលករ​ក្រៅ​ស្រុក​តិចតួច​ណាស់​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះឆ្នោត​ពេល​ភ្ជុំ​បិណ្ឌ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ឯកភាព​ផ្តល់​ថ្ងៃ​ទី​២ តុលា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ ឲ្យ​បន្ត​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​សម្រួល​ដល់​ពលករ​ខ្មែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​សង្គម​ស៊ីវិល ថា​មាន​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​តិចតួច​ណាស់​ដែល​បាន​ត្រឡប់​មក​ស្រុក​ចុះ​ឈ្មោះ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២ តុលា ថា ពលករ​ខ្មែរ​នៅ​ថៃ តិច​ជាង ៣​ភាគរយ​មាន​លទ្ធភាព​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត និង​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក មឿន តុលា បន្ត​ថា កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ អង្គការ​សង់ត្រាល់ បាន​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​បណ្ដាញ​ពលករ​ខ្មែរ​ជាង ១.០០០​នាក់​នៅ​ប្រទេស​ថៃ ហើយ​រក​ឃើញ​ថា ពួក​គេ​គ្រប់​រូប​សុទ្ធតែ​ចង់​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​រស់នៅ​របស់​ពួក​គេ​មិន​អាច​មក​បាន៖ «មាន​ឧបសគ្គ​មួយ​ចំនួន ដូចជា​គាត់​ត្រូវ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ស្រុក​ដើម្បី​ចុះ​ឈ្មោះ។ ទី​ពីរ គឺ​រឿង​គាត់​ពិបាក​សុំ​ច្បាប់ ព្រោះ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ថៃ មិន​មាន​បុណ្យ​ជាតិ​ទេ។ ទី​បី គឺ​ពលករ​យើង​ដែល​អត់​មាន​លិខិត​ឆ្លង​ដែន។ គាត់​ស្រប​ច្បាប់​ដែរ តែ​គាត់​មាន​តែ​ប័ណ្ណ​ស៊ីជម្ពូ។ អ្នក​កាន់​ប័ណ្ណ​ស៊ីជម្ពូ កាលណា​ចេញ​ពី​ប្រទេស​ថៃ គឺ​មិន​អាច​ទៅ​វិញ​បាន​ទេ។ អ៊ីចឹង​មិន​មែន​គាត់​មិន​ចង់​មក​ទេ គាត់​ចង់​មក​ណាស់ តែ​មក​មិន​កើត»

បន្ថែម​ពី​លើ​នោះ ពលករ​ខ្មែរ​នៅ​ថៃ នៅ​តែ​បន្ត​ទទូច​សុំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ប្រទេស​ថៃ ដើម្បី​សម្រួល​ឲ្យ​ពួក​គេ​បាន​ចុះ​ឈ្មោះ​បាន​គ្រប់​គ្នា។

ដើម​ឡើយ ថ្ងៃ​ទី​២ តុលា ត្រូវ​បាន​រាប់​ចូល​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ក្រោយ​ការ​សំណូមពរ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ឲ្យ​បន្ត​ការ​ចុះ​ឈ្មោះ​អំឡុង​ពេល​ភ្ជុំ​បិណ្ឌ ដើម្បី​សម្រួល​ដល់​ពលករ​ក្នុង និង​ក្រៅ​ស្រុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឯកភាព​ធ្វើ​ការ ១​ថ្ងៃ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ថ្ងៃ​ទី​២ តុលា។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា វាយ​តម្លៃ​ជា​បណ្ដោះអាសន្ន​ទៅ​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ភ្ជុំ​បិណ្ឌ នៅ​ថ្ងៃ​ទី​២ តុលា ថា មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​ពលករ​នៅ​ទីក្រុង​ដែល​ទៅ​ភូមិ​កំណើត ហើយ​ធ្វើ​ការ​ចុះ​ឈ្មោះ ប៉ុន្តែ​ពលករ​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស គឺ​មាន​តិចតួច​នៅ​ឡើយ។

គិត​មក​ដល់​ថ្ងៃ​ទី​២៩ កញ្ញា ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា មាន​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​ជាង ៣​លាន ៩​សែន​នាក់​ហើយ បាន​ចុះ​ឈ្មោះ​បោះឆ្នោត ស្មើ​នឹង​ជាង ៤០% នៃ​ចំនួន​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​ទាំងអស់​ជាង ៩​លាន ៦​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។