ពលករ​នៅ​ខេត្ត​បាត់ដំបង​ដែល​មក​ពី​ថៃ​សម្រុក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រោយ​ថ្ងៃ​ភ្ជុំ​បិណ្ឌ

នៅ​ថ្ងៃ​ទី​២ តុលា ដែល​ជា​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំបូង បន្ទាប់​ពី​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈពេល​ពីរ​ថ្ងៃ​មក នៅ​ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ជាពិសេស​ពលករ​ចំណាក​ស្រុក​ដែល​វិល​ត្រឡប់​មក​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ នាំ​គ្នា​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ។

នៅ​ពេល​រសៀល​ថ្ងៃ​ទី​២ តុលា នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ មាន​ពលរដ្ឋ​ជាច្រើន​នាក់ ខ្លះ​ឈរ និង​ខ្លះ​ទៀត​អង្គុយ​ក្រោម​ដើម​ឈើ​ខាង​មុខ​សាលា​រៀន​វត្ត​ព្រែកក្រូច ដើម្បី​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​នេះ។

ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​មួយ​សប្ដាហ៍ ពាក់​អាវ​យឺត​ដៃ​ខ្លី អង្គុយ​រង់ចាំ​ចុះ​ឈ្មោះ​នៅ​ខាង​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សាលា​បឋម​សិក្សា​វត្ត​ព្រែកក្រូច លោក ឆម ឈុន ថ្លែង​ថា លោក​មក​ដល់​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ពីរ​នាក់​ប្រពន្ធ​ប្រមាណ​ម៉ោង​មួយ​រសៀល។

បុរស​វ័យ ៣៧​ឆ្នាំ​រូប​នេះ​និយាយ​ដោយ​សម្ដី​មួយៗ​ទៀត​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ​មាន​សារសំខាន់​ដល់​រូប​លោក​ជា​ខ្លាំង ទើប​លោក​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​ពីរ​នាក់​ប្រពន្ធ ដើម្បី​ឲ្យ​ទាន់​ចុះ​ឈ្មោះ​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «ខ្ញុំ​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​រយៈ​ការ​ស្ដាប់​វិទ្យុ​អាស៊ីសេរី តែ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក ព្រោះ​អី​នៅ​សល់​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ទីក្រុង​បាងកក»

ចំណែក​ប្រពន្ធ​កម្មករ​សំណង់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រូប​នេះ ខណៈ​អង្គុយ​ផ្អែក​ជញ្ជាំង​សាលា​រៀន​មុខ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត លោកស្រី ជិន សារិត ប្រាប់​អាស៊ីសេរី ថា នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​រាល់​ហើយ លោកស្រី​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ​នៅ​ថ្ងៃ​ទី​៣ តុលា តាម​រយៈ​មេ​ខ្យល់​ក្នុង​តម្លៃ ១.៥០០​បាត ឬ​ប្រមាណ ១៨​ម៉ឺន​រៀល​ក្នុង​ម្នាក់៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក​កំណើត។ ខ្ញុំ​ដឹង​តាម​រយៈ​មើល​ហ្វេសប៊ុក (Facebook) ផង ហើយ​បង​ប្អូន​នៅ​ផ្ទះ​គាត់​ទូរស័ព្ទ​ទៅ​ប្រាប់​ផង»

ប្រធាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​ព្រែកនរិន្ទ លោក ដាំ ដារា ពាក់​អាវ​ស​ដៃ​វែង តែង​ខ្លួន​ស្រដៀង​ជា​គ្រូបង្រៀន​សិស្ស អង្គុយ​នៅ​លើ​កៅអី​មុខ​ច្រក​ចូល​ការិយាល័យ​ចុះ​ឈ្មោះ មាន​ប្រសាសន៍​ថា ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២ តុលា មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​ចុះ​ឈ្មោះ​កន្លង​ទៅ គឺ​មាន​តាំង​ពី​ព្រឹក​រហូត​ទល់​រសៀល។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ប្រមាណ ៣០​ភាគរយ​ជា​ពលករ​មក​ពី​ប្រទេស​ថៃ៖ «បាទ! អ្នក​ដែល​មក​ចុះ​ឈ្មោះ​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រែកនរិន្ទ តែ​ពួក​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ឆ្ងាយ ហើយ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ ហើយ​ព្រឹក​មិញ​នេះ មាន​អ្នក​ខ្លះ​គាត់​ប្រញាប់​ទៅ​ធ្វើ​ការ​វិញ ហើយ​សុំ​ខ្ញុំ​ចុះ​ឈ្មោះ​មុន ខ្ញុំ​ក៏​អនុញ្ញាត​ឲ្យ​គាត់​ទៅ»

លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២ តុលា ប្រមាណ ៣០០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​ឃុំ​ព្រែកនរិន្ទ ជាង ១​ម៉ឺន​នាក់​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ។

ប្រធាន​លេខា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​ថា មាន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ លោក​ថា​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​តួលេខ​ពិត​ប្រាកដ​អ្នក​ដែល​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២ តុលា នៅ​ឡើយ។

របាយការណ៍​លេខា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង បង្ហាញ​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ គិត​ត្រឹម​ថ្ងៃ​ទី​២៩ កញ្ញា សរុប​ជាង ២៧​ម៉ឺន​នាក់ (២៧១.៧៦៣​នាក់)។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា រហូត​មក​ទល់​ពេល​នេះ បាន​ជាង​មួយ​ខែ​ហើយ នឹង​ត្រូវ​បញ្ចប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។