ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ភ្ជុំ​បិណ្ឌ​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥

រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ឆ្នាំ​២០១៦ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ថយ​ចុះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ ការ​បើកបរ​ដោយ​ហួស​ល្បឿន​កំណត់ ជា​មូលហេតុ​ធំ​ជាង​គេ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នា​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។

របាយការណ៍​អគ្គនាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ តុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៤២​លើក ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន ១៩​នាក់ ដោយ​ថយ​ចុះ​ចំនួន ២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ចំនួន​អ្នក​របួស​មាន ៦៩​នាក់។ តួលេខ​នេះ​ថយ​ចុះ​ចំនួន ៣០​នាក់​នៅ​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ដោយឡែក​សម្រាប់​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១ តុលា ជា​ថ្ងៃ​ភ្ជុំ​ចុង​ក្រោយ មាន​ករណី​គ្រោះថ្នាក់ ១៦​ករណី ដោយ​មាន​មនុស្ស​ស្លាប់ ៧​នាក់ ហើយ​របួស ១៩​នាក់។

ខេត្ត​ព្រៃវែង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​ក្នុង​ពេល​ភ្ជុំ​បិណ្ឌ ដែល​គ្រោះថ្នាក់​កើត​ឡើង​ចំនួន ៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ និង​របួស ៥​នាក់។ នៅ​ខេត្ត​បន្ទាយមានជ័យ គ្រោះថ្នាក់​មាន ១​ករណី ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់។ ចំណែក​នៅ​ខេត្ត​កំពង់ចាម មាន​មនុស្ស​ស្លាប់ ២​នាក់​ក្នុង​គ្រោះថ្នាក់ ៣​លើក។ ក្រឡេក​មើល​ខេត្ត​ព្រះសីហនុ កណ្ដាល ស្វាយរៀង សៀមរាប ក្រចេះ កំពង់ធំ តាកែវ កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ មាន​អ្នក​ស្លាប់​ម្នាក់​ក្នុង​មួយ​ខេត្ត។ អ្នក​ស្លាប់​ភាគច្រើន កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ និង​ផ្លូវ​ជាតិ​លេខ​៧។

ចំពោះ​មូលហេតុ​វិញ គ្រោះថ្នាក់​ភាគច្រើន​បណ្ដាល​មក​ពី​បើកបរ​លើស​ល្បឿន​កំណត់ បន្ទាប់​មក​គ្រោះថ្នាក់​ដោយសារ​ការ​ប្រជែង​គ្រោះថ្នាក់ ការ​បើកបរ​មិន​គោរព​សិទ្ធិ ការ​បើកបរ​ដោយ​គ្រឿង​ស្រវឹង ការ​បត់​គ្រោះថ្នាក់ ការ​បើកបរ​ពេល​ងងុយ​ដេក យានយន្ត​មាន​បញ្ហា និង​កត្តា​អាកាសធាតុ​មិន​ល្អ។

ទាក់ទង​នឹង​របាយការណ៍​នេះ លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ស្វាគមន៍​ចំពោះ​ការ​ថយ​ចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ លោក​ថា នេះ​បង្ហាញ​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។

ទោះ​បី​ជា​យ៉ាង​ណា លោក អ៊ា ចរិយា ស្នើ​ឲ្យ​ទាំង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ បន្ត និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។