ក្មេង​ជន​ភៀស​ខ្លួន​ជាង​ 10,000 នាក់​បាន​បាត់​ខ្លួន​

អង្គភាព​ប៉ូលិស​​ស៊ើបការ​សហភាព​អឺរ៉ុប​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​ ២ ឆ្នាំ​កន្លង​មក​នេះ​ មាន​ក្មេង​ជន​ភៀស​ខ្លួន​ជាង​ 10,000 នាក់​​ប្រហែល​ជា​បាន​បាត់​ខ្លួន​ បន្ទាប់​ពី​បាន​មក​ដល់​ទឹក​ដី​អឺរ៉ុប​ ។ អង្គភាព​ប៉ូលិស​អឺរ៉ុប​បាន​លើក​ឡើង​ថា​ មាន​ក្មេង​ងាយ​រង​គ្រោះ​រាប់​ពាន់​នាក់​ បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​នឹង​មន្ត្រី​អាជ្ញាធរ​ហើយ​ ។ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​ប៉ូលិស​អឺរ៉ុប​ បាន​បង្ហាញ​ពី​ចំនួន​ក្មេង​ជន​ភៀស​ខ្លួន​​ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​បាត់​ខ្លួន​ នៅ​ក្នុង​ទឹក​ដី​អឺរ៉ុប​ ។ ក្នុង​នោះ​ដែរ​ មាន​ការ​ព្រមាន​ថា​ ក្មេង​ទាំង​អស់​នោះ​ ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ និង​យក​ធ្វើ​ជា​ទាសករ​ ។
ប្រធាន​មន្ត្រី​ប៉ូលិស​អឺរ៉ុប​ Europol បាន​ឲ្យ​ដឹង​ថា​ មិន​មែន​ក្មេង​ដែល​បាត់​ខ្លួន​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​កេង​ប្រវ័ញ្ច​នោះ​ទេ​ ពោល​គឺ​មាន​ក្មេង​មួយ​ចំនួន​ ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុម​គ្រួសារ​នៅ​អឺរ៉ុប​ គ្រាន់​តែ​យើង​មិន​ដឹង​ថា​ ពួកគេ​នៅ​ទីណា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ និង​កំពុង​នៅ​ជាមួយ​អ្នក​ណា​ប៉ុណ្ណោះ​​ ។

ចំណែក​មន្ត្រី​នៅ​អ៊ីតាលី​ បាន​ព្រមាន​ថា​ នៅ​ក្នុង​ខែ​​ឧសភា ឆ្នាំ ២០១៥​ មាន​ក្មេង​ជិត​ 5000 នាក់​បាន​បាត់​ខ្លួន​ពី​មជ្ឈមណ្ឌល​ទទួល​ជន​ភៀស​ខ្លួន​ ។ ជា​មួយ​គ្នា​នេះ​ នៅ​ក្នុង​ខែ តុលា​ អាជ្ញាធរ​នៅ​ក្នុង​ភាគ​ខាង​កើត​ប្រទេស​ស៊ុយអែត​ បាន​និយាយ​ថា​ មាន​ក្មេង​ជន​ភៀស​ខ្លួន​ និង​ក្មេង​ជំទង់​ ដែល​គ្មាន​អ្នក​មក​ជាមួយ​ ចំនួន​ប្រហែល​ 1000 នាក់​បាន​បាត់​ខ្លួន​ ។

អ្នក​នាំ​ពាក្យ​របស់​ Europol បាន​ធ្វើ​ការ​បញ្ជាក់​អំពី​ចំនួន​​ប៉ាន់​ប្រមាណ​នៃ​ជនភៀសខ្លួន​វ័យ​ក្មេង​ ដែល​បាន​បាត់​ខ្លួន​ ថា​ ភាគ​ច្រើន​នៃ​ពួកគេ​បាន​បាត់​ខ្លួន​បន្ទាប់​ពី​បាន​មក​ដល់​ប្រទេស​ក្រិក​ ដែល​ជា​ច្រក​ចូល​ដំបូង​សម្រាប់​ជន​ភៀសខ្លួន​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​ជនភៀសខ្លួន​ ១ លាន​នាក់​ដែល​បាន​មក​ដល់​ទឹកដី​អឺរ៉ុប​តាម​ទូក​កាល​ពី​ឆ្នាំ​ ២០១៥​ ហើយ​អាជ្ញាធរ​ត្រូវ​បាន​គេ​រិះគន់​ថា​ មិន​អាច​ធ្វើ​ការ​ចុះ​បញ្ជី​ និង​ត្រួតពិនិត្យ​ការ​មក​ដល់​របស់​ជនភៀសខ្លួន​ឲ្យ​បាន​ល្អ​​ ។

Europol ដដែល​បាន​លើក​ឡើង​ថា​ ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​នៅ​អឺរ៉ុប​ ឥលូវ​ងាក​មក​ចាប់​អារម្មណ៍​លើ​ជន​ភៀសខ្លួន​វិញ​ ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ក្រុម​នេះ​បាន​ចាប់​យក​ ជនភៀសខ្លួន​ដែល​មក​តែ​ម្នាក់​ឯង​ ជា​ពិសេស​ក្មេង​ ឲ្យ​ទៅ​ធ្វើ​ការងារ​ក្នុង​ផ្នែក​ផ្លូវ​ភេទ​ ធ្វើ​ជា​ទាសករ​ និង​ធ្វើ​ការងារ​ក្នុង​សកម្មភាព​ខុស​ច្បាប់​ផ្សេង​ទៀត​​ ។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ជន​ភៀសខ្លួន​ លោក​ Leonard Doyle បាន​ឲ្យ​ដឹង​ថា​ ចំនួន​ក្មេង​ 10,000 នាក់​ដែល​បាន​បាត់​នេះ​ គួរ​ឲ្យ​តក់​ស្លុត​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ហើយ​លោក​ជឿ​ថា​ ក្មេង​ទាំង​នោះ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​កេងប្រវ័ញ្ច​ ។ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ សហភាព​អឺរ៉ុប​ នឹង​ប្រឹងប្រែង​ស្វែងរក​ក្មេង​ទាំង​នោះ​ ផ្ដល់​ជំនួយ​ដល់​ពួកគេ​​ និង​ជួយ​ឲ្យ​ពួកគេ​បាន​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ពួកគេ​វិញ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​​ ៖ Express

  • ក្មេង​ជន​ភៀស​ខ្លួន​ជាង​ 10,000 នាក់​បាន​បាត់​ខ្លួន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: