អ្វី​ជា​ឧបសគ្គ​ធំ​បី​ក្នុង​ទំនាក់ទំនង​ចិន​-​ជប៉ុន​? និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-02-2016, 8:00 pm         708

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្វី​ជា​ឧបសគ្គ​ធំ​បី​ក្នុង​ទំនាក់ទំនង​ចិន​-​ជប៉ុន​?តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មក មហាអំណាច​តំបន់​អាស៊ី​ពីរ គឺ​ចិន​និង​ជប៉ុន មិនដែល​ត្រូវ​គ្នា​ពិតប្រាកដ​ឡើយ​។ ប្រទេស​ទាំងពីរ​នៅតែ​បន្ត​សំឡឹង​មើលគ្នា​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត បើទោះជា​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច​បាន​ទាញ​មហាអំណាច​ទាំងពីរ​ឲ្យ​ចូល​កៀក​គ្នា និង​ត្រូវការ​គ្នា​ទៅវិញទៅមក​ក៏ដោយចុះ​។ ជម្លោះ​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងកើត និង​បញ្ហា​ប្រវត្តិសាស្ត្រ​នៃ​ការសម្លាប់​រង្គាល​ជនជាតិ​ចិន​នៅ​ក្រុង​ណាន​ជី​ង ពី​សំណាក់​ទាហាន​ជប៉ុន គឺជា​ឧបសគ្គ​រារាំង​ទំនាក់​ទំនាក់​គួរ​ទុកចិត្ត​រវាង​មហាអំណាច​ទាំងពីរ​។​

​នរណាៗ​ក៏​ដឹង​ដែរ​ថា ចិន និង​ជប៉ុន មើលមុខ​គ្នា​មិនសូវ​ចំឡើយ បើទោះជា​មហាអំណាច​ទាំងពីរ​នេះ​ពឹងពាក់​គ្នា​ខ្លាំង​លើ​វិស័យសេដ្ឋកិច្ច​ក៏ដោយចុះ​។ ភាព​ល្អូកល្អិន​ដែល​មានតែ​សម្បក​ក្រៅ​នេះ បង្កប់​ដោយ​គំនិត​សង្ស័យ​គ្នា​ទៅវិញទៅមក ហើយ​ជានិច្ច​កាលនោះ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ដល់​កម្រិត​ដែល​គួរ​ឲ្យ​បារម្ភ​ដែរ​។ ការទាមទារ​ដែន​អធិបតេយ្យភាព​លើ​កោះ Senkaku (​ចិន​ហៅថា Diaoyu) និង​សកម្មភាព​អតីតកាល​របស់​ជប៉ុន​នៅ​ក្រុង​ណាន​ជី​ង ជា​ស្រមោល​អន្ធ​កាល​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​

១. ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត នៅតែ​មិនទាន់​ដាច់ស្រេច​
​តាមពិតទៅ កោះ Senkaku ត្រូវបាន​ជប៉ុន​គ្រប់គ្រង​ទៅហើយ ប៉ុន្តែ​ចិន​នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន និង​ថែមទាំង​ប្រកាស​ក្ដែ​ងៗ​ថា កោះ​នេះ​ជា​របស់ខ្លួន​ទៅទៀត ព្រមទាំង​ហៅថា កោះ Diaoyu ទៀតផង​។ រៀងរាល់​លើក ឲ្យ​តែមាន​នាវា ឬ​កប៉ាល់​នេសាទ​ចិន​ចូល​ក្បែរ​ដែន​កោះ​នោះ ក្រុង​តូ​ក្យូ មិន​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ ដោយ​ចោទប្រកាន់​ក្រុង​ប៉េកាំង​ថា បាន​រំលោភ​ដែន​អធិបតេយ្យ​របស់ខ្លួន​។​

​យ៉ាងណាមិញ គេ​តែង​សង្កេតឃើញ​មាន​កប៉ាល់​ចិន​រាប់រយ​គ្រឿង នៅតែ​ចូល​កៀក​កោះ​នោះ​ដដែល ដែល​សកម្មភាព​ចុងក្រោយ​នោះ​ធ្វើ​ឲ្យ​ជប៉ុន​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។ ជាការ​ឆ្លើយតប ជប៉ុន​ក៏​ដាក់​ផ្ញើ​កំណត់​ទូត​ជាច្រើនលើក​ទៅ​ឲ្យ​ចិន ដោយ​អះអាង ដែន​អធិបតេយ្យ​របស់ខ្លួន​ត្រូវបាន​ឈ្លានពាន​ម្ដង​ហើយ​ម្ដងទៀត​ពី​សំណាក់​កប៉ាល់​ឆ្មាំ​ការពារ​ឆ្នេរ​របស់​ចិន​។​
​នៅ​ថ្ងៃទី​២៤ ខែសីហា កន្លងទៅ ប្រមុខ​ការទូត​ជប៉ុន ក៏បាន​ទទូច​ឲ្យ​ប្រមុខ​ការទូត​ចិន ធ្វើយ៉ាងណា​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់ និង​ចៀសវាង​សកម្មភាព​បែបនេះ​កើតឡើង​ម្ដងទៀត​។

២. ការសម្លាប់​រង្គាល​នៅ​ណាន​ជី​ង ជា​ដំបៅ​មិនទាន់​សះស្បើយ​
​ក្រៅពី​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងកើត អំពើ​អមនុស្សធម៌​របស់​ទាហាន​ជប៉ុន​នៅ​សម័យ​សង្គ្រាម ក៏​ធ្វើ​ឲ្យ​ចិន​មិន​ទុកចិត្ត​ជប៉ុន​ដែរ​។ ការសម្លាប់​រង្គាល​ប្រជាជន​ចិន​នៅ​ទីក្រុង​ណាន​ជី​ង​នៅ​ឆ្នាំ​១៩៣៧ ដោយ​ទាហាន​ចក្រពត្តិ​ជប៉ុន គឺជា​មូល​ហេតុដែល​ចិន​មិន​ទុកចិត្ត​ជប៉ុន​។ ប្រជាជន​ចិន​រាប់សែន​នាក់ ត្រូវបាន​កងទ័ព​ជប៉ុន​សម្លាប់​ដោយ​គ្មាន​ប្រណី មិន​ថា​ស្ត្រី កុមារ ឬ​មនុស្ស​ចាស់​អ្វី​ឡើយ​។ ហើយ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​នេះ នៅតែ​បន្ត​ដក់​ក្នុង​ចិត្ត​ប្រជាជន​ចិន​ដដែល​។

​បញ្ហា​នេះ ប៉ះពាល់​ខ្លាំង​ដល់​ការកសាង​ទំនុកចិត្ត​ឡើងវិញ​រវាង​មហាអំណាច​ទាំងពីរ​នេះ ដ្បិត​ចិន​នៅតែ​សង្ស័យ​ជប៉ុន ជាពិសេស​គំនិត​ជាតិនិយម​របស់​ថ្នាក់ដឹកនាំ​ជប៉ុន ដែល​ព្យាយាម​បំបាត់​អតីតកាល​ដ៏​អាក្រក់​នេះ​។ វា​ច្បាស់​ណាស់​ថា ព្រឹ​ត្ត​ការណ៍​នៅ​ក្រុង​ណាន​ជី​ង ក្លាយជា​ដំបៅ ដែល​មិន​ងាយ​នឹង​រក​ថ្នាំ​មក​ព្យាបាល​ឡើយ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ទាំង​ចិន ទាំង​ជប៉ុន មិន​ទុកចិត្ត​គ្នា​ផង​នោះ​។​

​មកដល់​ត្រឹមនេះ គេ​ក៏​មិនត្រូវ​ភ្លេច​ពី​សំណុំរឿង​ទី​សក្ការ Yasukuni ដែរ​។ វិហារ Yasukuni ជាទី​តម្កល់​ឈ្មោះ​ទាហាន​ជប៉ុន ដែល​បាន​លះបង់​ជីវិត​ក្នុងអំឡុងពេល​សង្គ្រាម ដែល​ក្នុងនោះ​ក៏មាន​ឈ្មោះ​មេទ័ព​ជប៉ុន​ជាច្រើនរូប​ដែលជា​ឧក្រិដ្ឋជន​សង្គ្រាម​ដែរ​។ ក្រុង​ប៉េកាំង តែងតែ​បង្ហាញ​ជំហរ​មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទស្សនកិច្ច​ណាមួយ​របស់​ថ្នាក់ដឹកនាំ​ជប៉ុន​បច្ចុប្បន្ន​ទៅកាន់​វិហារ​នោះ​។​

​សម្រាប់​ចិន ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រលឹង​បុព្វបុរស​នៅ​វិហារ Yasukuni គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ ចិន ចាត់ទុក​សកម្មភាព​នេះ ជាការ​ប្រមាថមើលងាយ ជាន់ឈ្លី​ព្រលឹង​ជន​ជាតិចិន​រាប់សែន​នាក់ ដែល​ត្រូវ​កងទ័ព​ជប៉ុន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នោះ​។ ពេលខ្លះ បញ្ហា​នេះ ក៏​ឈានដល់​ទំនាស់​ការទូត​ផងដែរ ដោយ​ចិន តែង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ជប៉ុន គោរព​ប្រជាជន​ខ្លួន​ដែល​ត្រូវ​ទាហាន​ជប៉ុន​សម្លាប់​ផង​។       

៣. ការ​លូកដៃ​របស់​ជប៉ុន​ចូល​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​

​ក្រៅពី​បញ្ហា​ធំ​ទាំងពីរ​ខាងលើ​នោះ ទំនាក់ទំនង​ចិន​-​ជប៉ុន កំពុងតែ​ប្រឈម​នឹង​ឧបសគ្គ​ថ្មី​មួយទៀត គឺ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ តាមពិតទៅ ជប៉ុន​មិនមែនជា​ភាគី​ជម្លោះ​នៃ​សំណុំ​រឿងនេះ​ទេ ប៉ុន្តែ​ជប៉ុន​ចូលមក​ពាក់ព័ន្ធ​បញ្ហា​នេះ ដោយសារ​ការអូសទាញ​របស់​អាមេរិក ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន ហើយក៏​មិនមែនជា​ភាគី​ជម្លោះ​ដូច​ជប៉ុន​ដែរ​។ 

​ចិន និង​ប្រទេស​អាស៊ាន​បួន​ទៀត​មាន​វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី ទើប​ជា​ភាគី​ជម្លោះ​នេះ​។ ប៉ុន្តែ​អាមេរិក មិនអាច​អោបដៃ​ឈរ​មើល​បាន ព្រោះ​ហ្វីលីពីន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ដែរនោះ មិនអាច​ប្រជែង​ជាមួយ​ចិន​បានឡើយ​។ ដូច្នេះ​ទើប​អាមេរិក ប្រឹង​អូសទាញ​ជប៉ុន​ចូលមក​ជាប់​ពាក់ព័ន្ធ​ដែរ​ទៅ​។  

​ដោយសារ​មាន​អាមេរិក​ជា​ខ្នងបង្អែក​នោះ ហ្វីលីពីន ក៏​ប្ដឹងទៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ ឲ្យ​កាត់ក្ដី​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ឯកតោភាគី​តែម្ដង​។ បន្ទាប់ពី​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​ចេញ​សាលក្រម​សម្រេច​ឲ្យ​ចិន​ចាញ់ក្ដី​នោះ ចិន​ក៏​ប្រកាស​មិន ទទួលយក​ការសម្រេច​នេះឡើយ ប៉ុន្តែ​ក្រុង​តូ​ក្យូ ស្នើ​ឲ្យ​ក្រុង​ប៉េកាំង​ទទួលយក​ការសម្រេច​នេះ ដោយ​អះអាងថា មាន​លក្ខណៈ​ចងភ្ជាប់​ផ្លូវច្បាប់​។

​យ៉ាងណាក្ដី ចិន​ប្រាប់​ជប៉ុន​វិញ​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​រឿងនេះ ព្រោះ​ជប៉ុន​ក៏​មិនមែនជា​ភាគី​ជម្លោះ​អ្វី​ដែរ ហើយ​ចិន​ក៏មាន​ជំហរ​របស់ខ្លួន​រួចហើយ​ដែរ គឺ​ការចរចា​ដោយផ្ទាល់​ជាមួយ​ភាគី​ជម្លោះ​នីមួយៗ ដោយ​គ្មាន​ការ​លូកដៃ​ពី​ភាគី​ទី​បី​ណាមួយ​ឡើយ​។ ប៉ុន្តែ​ជប៉ុន ក៏​មិន​ព្រម​ដក​ដៃ​ដោយ​ងាយ​ដែរ ពោលគឺ ជប៉ុន នៅ​បន្ត​សម្មភាព​ប្រឆាំងនឹង​ចិន​ទាំង​ផ្នែក​ការទូត និង​យោធា​។ ជាក់ស្តែង​នោះ ជប៉ុន បានប្រកាស​ផ្តល់​សម្ភារ​យោធា​ទៅ​ឲ្យ​វៀតណាម និង​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន​ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​។

​សរុបមក ការស្ដារ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ចិន និង​ជប៉ុន មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដ្បិត​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​មើលគ្នា​ដោយ​ប្រុងប្រយ័ត្ន និង​បន្ត​យក​អតីតកាល​មក​ពាក់ព័ន្ធ​នឹង​ស្ថានភាព​បច្ចុប្បន្ន​។ និយាយ​លើ​ផ្នែក​សេដ្ឋកិច្ច ចិន​ត្រូវការ​ជប៉ុន ឯ​ជប៉ុន​ក៏ត្រូវ​ការ​ចិន​ដូចគ្នា ប៉ុន្តែ​ការសង្ស័យ​គ្នា​ទៅវិញទៅមក​នេះ ធ្វើ​ឲ្យ​ការមិនទុកចិត្ត​នៅតែ​បន្ត​កើតមាន​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​រហូតមក​៕