១០​យ៉ាង ដើម្បីសម្អាត ថែតក្សា និង ជួយឱ្យថ្លើមរឹងមាំ

6 Videos


ថ្លើមគឺជាសរីរាង្គដ៏មានសារៈសំខាន់នៃរាងកាយមនុស្ស ហេតុនេះហើយសុខភាពថ្លើមគួរត្រូវបានយកចិត្តទុកដាក់ថែរក្សាជាពិសេស ពុំនោះទេសរីរាង្គនានាអាចនឹងបំពេញមុខងារមិនបានល្អ និង ប្រក្រតីឡើយ ។ តើថ្លើមមានមុខងារអ្វីខ្លះក្នុងរាងកាយ? ថ្លើមមានមុខងារចាំបាច់ក្នុងការកែច្នៃរំលាយនូវរាល់អ្វីដែលយើងបរិភោគ ច្រោះ និង បែងចែកសារធាតុចិញ្ចឹមបានពីអាហារទៅចិញ្ចឹមសរីរាង្គនានា រួចបញ្ចេញទៅជាកាកសំណល់ ។ វិធីដ៏មានប្រសិទ្ធភាពក្នុងការរក្សាសុខភាពថ្លើម គឺការបរិភោគអាហារប្រកបដោយសុខភាព ។ អាហារមិនអំណោយផលចំពោះសុខភាពអាចធ្វើឱ្យ ថ្លើមខូច ហេតុនេះហើយយើងត្រូវទទួលទានដោយប្រុងប្រយ័ត្ន ហើយគិតគូរថែរក្សាសុខភាពថ្លើមតាមច្រើនវិធី ដូចខាងក្រោម ៖

១. កុំទទួលទានអាហារដែលមានស្លាកថា «បរិមាណខ្លាញ់ទាប (Low Fat)»
នៅពេលទិញអាហារ ចាំបាច់អ្នកត្រូវមើលការណែនាំដែលបិតជាប់ដប/កំប៉ុង ។ អាហារគួរចៀសវាងរួមមានអាហារសម្បូរស្ករ ជាតិស្ករFructose គ្រឿងកែច្នៃសណ្ឋានអាហារ និង ខ្លាញ់មិនល្អ ជាពិសេសអាហារដែលសរសេរថា Low Fat ។ អាហារដែលមានខ្លាញ់ទាបបែបនេះ ឆ្លងកាត់ការចម្រាញ់ដែលការចម្រាញ់នេះចាំបាច់ត្រូវប្រើស្ករច្រើនដើម្បីរក្សារសជាតិឱ្យនៅដដែល ហើយគ្រឿងកែច្នៃបែបនេះ ពិតជាមានគ្រោះថ្នាក់ចំពោះថ្លើមជាខ្លាំង ។

២. កុំទទួលទានដើម្បីបំបាត់អារម្មណ៍ស្ត្រេស
ការញ៉ាំចំណីចំណុកលេង ពិតជាអាចកាត់បន្ថយស្ត្រេសបានមួយអន្លើមែន ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកទេ ហើយគួរកែទម្លាប់បំបាត់ស្រេ្តសពីការញ៉ាំទៅ ។ នៅពេលស្ត្រេសរាងកាយមិនបានផ្តោតលើការរំលាយអាហារឡើយ ដូចគ្នាដែរថ្លើមមិនសូវដំណើរការដែរ ដូចនេះវាពិតជាពិបាកសម្រាប់ថ្លើមក្នុងការច្រើ និងកម្ចាត់បាក់តេរីនិងវីរុសដែលជ្រៀតចូលរាងកាយនៅពេលទទួលទានអាហារ ។

៣. សាកល្បងទទួលទានរុក្ខជាតិ និង មើមឈើ
មើមឈើ និង រុក្ខជាតិ មួយចំនួន មានប្រសិទ្ធភាពដូចជាឱសថបូរាណ ដូចជា រមៀត ឬសស្បៃរឿង អាទីសូ ផ្កាcelandine ផ្កា chicory ផ្កា milk thristle និង ជីរអង្កាម ។ រុក្ខជាតិទាំងនេះ ជួយពង្រឹងកោសិកាថ្លើម ការពារសរីរាង្គនានាពីការខូចខាតដោយសាររ៉ាឌីកាល់សេរី ជំរុញដល់ការបញ្ចេញទឹកថ្លើម និងកាត់បន្ថយការរលាកនានា ។

៤. ទទួលទានថ្នាំជំនួយ
អ្នកប្រហែលជាធ្លាប់បានដឹង និង ទទួលទានថ្នាំវីតាមីនបំប៉នហើយ ដូចនេះយើងសូមណែនាំបន្ថែមនូវថ្នាំវីតាមីនដែលជួយកម្ចាត់ជាតិពុលពីថ្លើម ។ វីតាមីនជំនួយថ្លើម រួមមានវីតាមីនបេចម្រុះ និង វីតាមីនសេ ដែលមានមុខងារសម្អាតថ្លើម និង អាមីណូអាស៊ីត និង អាស៊ីតខ្លាញ់អូមេហ្គា៣ ជួយកម្ចាត់ជាតិពុលក្នុងថ្លើម ។

៥. គួរយល់ដឹងអំពីថ្នាំពេទ្យមួយចំនួន
ថ្នាំមួយចំនួន ដូចជា ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំបញ្ចុះកូឡេស្តេរ៉ូល ប៉ះពាល់ដល់ថ្លើមជាខ្លាំង ។ គូរប្រយ័ត្នសារធាតុអាសេតាមិនហ្វែន (Acetaminophen) ដែលមានក្នុងថ្នាំផ្តាសាយ ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំផ្សេងៗច្រើនមុខទៀត ។ អ្នកគួរមើលពីគ្រឿងផ្សំនៃថ្នាំ ដើម្បីដឹងជាមុនពីវិធីបង្ការ និង ប្រតិកម្មរបស់ថ្នាំនោះជាមួយថ្នាំផ្សេងទៀត ហើយបើចង់ឱ្យកាន់តែច្បាស់ គួរជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន ។

៦. គួរញ៉ាំកាហ្វេ
តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានកាហ្វេពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងមែន ក្នុងនោះវាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺថ្លើម ។ អ្នកទទួលទានកាហ្វេជាប្រចាំអាចប្រឈមតិចទៅនឹងការកើតជំងឺថ្លើមតិចជាងប្រក្រតី ១៤ ភាគរយ ។ កាហ្វេ និង អាហារផ្សំពីកាហ្វេអាចជួយកាត់បន្ថយការរលាកនានាបង្កឡើងដោយកត្តាសែន ជាពិសេសការរលាកថ្លើមតែម្តង ។

៧. កុំប៉ះពាល់នឹងគ្រឿងប្រើប្រាស់មានជាតិពុល
ដូចជា ការប៉ះត្រូវជាតិពុលតាមរយៈស្បែក អាចស្រូបទៅតាមចរន្តឈាម និង ប៉ះពាល់ដល់ថ្លើមដូចគ្នា ។ ដូចនេះ មិនគួរប៉ះពាល់ជាតិពុលទាំងនេះឡើយ ហើយគួរចំណាំផងដែរថាជាតិពុលទាំងនេះមានក្នុងផលិតផលស្ព្រាយ ថ្នាំកម្ចាត់សត្វល្អិតនិងគ្រឿងផ្សំក្នុងបារី ។ ប្រសិនបើអាច គួររើសយកតែផលិតផលដែលផ្សំពីធម្មជាតិ រួមទាំងសាប៊ូកក់សក់ និង គ្រឿងសម្អាតផ្ទះនានាផងដែរ ។

៨. ទទួលទានបន្លែផ្លែឈើដែលសម្បូរប្រូតេអ៊ីន
ការជ្រើសរើសអាហារសុខភាព ពុំមែនជាកិច្ចការងាយស្រួលទេ ហេតុនេះយើងសូមណែនាំអំពីអាហារដែលសម្បូរប្រូតេអ៊ីន មិនមែនជាសាច់សត្វ ដើម្បីសុខភាព ហើយកាត់បន្ថយការទទួលទានសាច់ក្នុងកម្រិតអប្បបរមា ។ អ្នកប្រហែលជាមានចម្ងល់ថាហេតុអ្វីក៏ញ៉ាំបន្លែផ្លែឈើល្អជាងញ៉ាំសាច់? ពីព្រោះបន្លែផ្លែឈើសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិកាកសរសៃ រ៉ែ និងវីតាមីន ច្រើនជាងសាច់ ហើយរាងកាយមនុស្សត្រូវការជីវជាតិចិញ្ចឹមទាំងនោះជាប្រចាំ ដែលរាងកាយមិនអាចផលិតបាន ។ ចំណែកសាច់វិញ មានប្រូតេអ៊ីនដែរប៉ុន្តែក៏មានសារធាតុមួយចំនួនដែលមិនល្អចំពោះសុខភាព ដូចជា ខ្លាញ់ឆ្អែត កូឡេស្តេរ៉ូលអ័រម៉ូន និងលើសជាតិអង់ទីប៊ីយ៉ូទិក ។ ជាការល្អ គួរទទួលទាន ធញ្ញជាតិល្អិត/គ្រាប់ បន្លែបៃតង និងសណ្តែក ជំនួសសាច់ឱ្យបានច្រើន ។

៩. ទទួលទានគ្រឿងអាល់កុលក្នុងកម្រិតសមស្រប
ការទទួលទានជាតិអាល់កុលច្រើនពេក អាចបណ្តាលឱ្យមានជំងឺ «ថ្លើមទម្រន់អាល់កុល» ។ ក្រុមវេជ្ជបណ្ឌិតតែងអះអាងថាការខូចថ្លើម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងការទទួលទានគ្រឿងអាល់កុល ពីព្រោះជាតិពុលនឹងចូលទៅក្នុងពោះវៀន រហូតបង្កជាកំណកជាតិពុល ។ ជាតិអាល់កុលអាចធ្វើឱ្យឈឺពោះវៀន ហើយជាតិពុលនេះ ហូរជូលទៅក្នុងថ្លើមដល់ដំណាក់កាលដែលវាក្លាយជាកំណកជាតិពុល នោះថ្លើមនឹងប្រែជាខូច ដោយសារប្រតិកម្មបំបែកជាតិអាល់កុលធ្វើឱ្យ កោសិកាថ្លើមខូច រហូតដល់រលាក និងរបួស ។

១០. ទទួលទានអាហារដែលមានខ្លាញ់ល្អ
ខ្លាញ់ល្អ មានសារប្រយោជន៍ជាងខ្លាញ់ចម្រាញ់ដែលគេកែច្នៃពីរោងចក្រ ដោយបន្ថែមអ៊ីដ្រូសែនទៅក្នុងប្រេងរុក្ខជាតិ ។ ចំណុចល្អដែលគួរអនុវត្ត គឺត្រូវទទួលទានខ្លាញ់/ប្រេងបន្លែ រុក្ខជាតិ ដែលមិនឆ្លងកាត់ការកែច្នៃ ដូចជា ផ្លែអាវ៉ូកាដូ គ្រាប់ល្ពៅ អូលីវ ធញ្ញជាតិ និង អាហារប្រហាក់ប្រហែលនេះ ។ គួរចងចាំថា ខ្លាញ់ជាច្រើន ប្រភេទអាចបង្កផលលំបាកដល់ថ្លើមក្នុងការរំលាយ និង បំបែកសារធាតុចិញ្ចឹម ចំណែកខ្លាញ់ល្អគឺមានតែជួយកម្ចាត់ជាតិពុល និង ជំនួយដល់មុខងារថ្លើម ៕ លក្ខិណា