មេដឹកនាំ​ត្រកូល Shinawattra ពិតជា​គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ថៃ​បាន​មែន​ទេ​? និពន្ធដោយ : ទេព អ៊ីវិសាល       October-02-2016, 9:00 pm         1502

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេដឹកនាំ​ត្រកូល Shinawattra ពិតជា​គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ថៃ​បាន​មែន​ទេ​?សំណួរ​ថា​តើ​មេដឹកនាំ​ត្រកូល «​ស៊ីន​ណា​វ៉ា​ត់​ត្រា (Shinawattra) ពិតជា​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស​? ឬ​ចេតនា​របស់​យោធា​ក្នុងការ​កម្ចាត់​មេដឹកនាំ​ត្រកូល​នេះ​ចេញ​?» ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ មេដឹកនាំ​បងប្អូន​ត្រកូល​ស៊ីន​ណា​វ៉ា​ត់​ត្រា គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា និង​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា សុទ្ធតែ​អស់ពី​តំណែង​ដោយសារតែ​រដ្ឋប្រហារ​យោធា និង​រង​ការកាត់ទោស និង​ការចោទប្រកាន់ ដោយ​ប្រឈម​នឹង​ពន្ធនាគារ និង​សំណង​រដ្ឋប្បវេណី​ទៀតផង​។ ជាពិសេស​នោះ ពួកគេ សុទ្ធសឹងតែ​ស្ទើរតែ​បាត់បង់​ឱកាស​ក្នុង​ការវិល​មករ​កន​យោ​បាយ​ឡើងវិញ​ទៀតផង​។

​មកទល់ពេលនេះ រាជាណាចក្រ​ថៃ មិនទាន់មាន​មេដឹកនាំ​ស៊ីវិល​ដឹកនាំ​ប្រទេស​នៅឡើយ​នោះទេ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​នោះ​។ ហើយ​បច្ចុប្បន្ន លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ដែលជា​មេ​រដ្ឋប្រហារ​នោះ គឺជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន ពោលគឺ លោក ដឹកនាំ​ប្រទេស​ក្រោម​ហេតុផល​នៃ​ការកសាង​សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ឡើងវិញ​។ គេ នៅ​មិនទាន់​ច្បាស់​ថា មេ​យោធា​រូបនេះ នឹង​ចេញពី​តំណែង ហើយ​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ដូច​ការសន្យា​របស់លោក​យ៉ាងណា​នោះទេ ដ្បិត លោក​បាន​ពន្យារពេល​ជាច្រើនលើក​មកហើយ​។​

​សូម​ជម្រាប​ផងដែរ​ថា រាជាណាចក្រ​ថៃ បាន​ផ្លាស់ប្តូរ​របប​នយោបាយ​រាជានិយម​ផ្តាច់ការ មកជា​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​តាំងពី​ឆ្នាំ​១៩៣២ ។ យ៉ាងណាក៏ដោយ ក្នុងចំណោម​មេដឹកនាំ​នយោបាយ ឬ ជីវិត​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្រុម​ត្រកូល​ស៊ីន​ណា​វ៉ា​ត់​ត្រា បានទទួល​រង​នូវ​ការវាយប្រហារ​ច្រើន​។

១. លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា រស់នៅ​និរទេស​ក្រៅប្រទេស ដ្បិត​តុលាការ​កាត់ទោស​ពន្ធនាគា​រ​
​លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ នៅ​ឆ្នាំ​២០០១ ។ លោក ថាក់ស៊ីន គឺជា​តួអង្គ​នយោបាយ​ដ៏​សំខាន់ និង មាន​ឥទ្ធិពល និង ប្រជាប្រិយភាព​បំផុត​នៅក្នុង​បរិបទ​នយោបាយ​ថៃ​។ យ៉ាងណាក៏ដោយ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​រង​នូវ​ការទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ដោយ​រង​នូវ​ការ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង ប្រើប្រាស់​អំណាច​ខុសច្បាប់​។ រដ្ឋប្រហារ​ពេលនោះ ត្រូវបាន​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ Sonthi Boonyaratglin​។ ក្នុង​ឆ្នាំ ២០០៨ លោក​ត្រូវ​តុលាការ​ថៃ​កាត់ទោស​ពន្ធនាគារ​ផងដែរ​។

២. លោកស្រី​យី​ង​ឡាក់ កំពុង​ប្រឈម​ទោស​ពន្ធនាគារ និង ការសង​សំណង​ជាច្រើន​លាន​បាត​
​ជា​ប្អូនស្រី​របស់លោក​ថាក់ស៊ីន លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា បាន​បន្ត​កេរ្តិ៍ឈ្មោះ និង​ដឹកនាំ នយោបាយ​ថៃ​ក្រោម​ការគាំទ្រ​ពី​ប្រជាជន​ច្រើន​លើសលប់​។ លោកស្រី​យី​ង​ឡាក់ បាន​ឡើងកាន់ តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូងបង្អស់​នៅក្នុង​ឆ្នាំ​២០១១ ។ មិន​ខុសពី​លោក ថាក់ស៊ីន ក្នុង​ឆ្នាំ ២០១៤ លោកស្រី យី​ង​ឡាក់ ក៏​ត្រូវបាន​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​រដ្ឋប្រហារ​យោធា ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា ។ អ្វីដែល​គួរកត់សម្គាល់​នោះ ក្រោយពី​អស់ តំណែង លោកស្រី​យី​ង​ឡាក់ ត្រូវ​សភា​ថៃ ផ្អាក​ជីវិត​នយោបាយ​របស់លោក​ស្រី​រយៈពេល​ប្រាំ​ឆ្នាំ​ផងដែរ ។ លោកស្រី ត្រូវបាន​តុលាការ​ថៃ ចោទប្រកាន់​ពី​ការធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល ជាតិ​ក្នុង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ ដោយសារ​ប្រព្រឹត្ត​បញ្ហា​អំពើពុករលួយ​។ បទ​ចោទ​នេះដែរ ធ្វើ​ឲ្យ​លោកស្រី ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​យ៉ាងតិច​១០​ឆ្នាំ និង សំណង​រដ្ឋប្បវេណី​ជាច្រើន​លាន​បាត​ផងដែរ​។

​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ដែល​ត្រូវជា​ថ្ងៃ​ខួប​១០​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា​នោះ លោកស្រី យី​ង​ឡាក់ បាន​ថ្លែ​ការណ៍​បែប​ត្អូញត្អែរ និង​ការខកចិត្ត​ដ្បិត​គ្រួសារ​ត្រកូល ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​បាន​ដឹកនាំ​ប្រទេស​ថៃ​កន្លងមក សុទ្ធសឹងតែ​រងគ្រោះ​ដោយសារតែ​រដ្ឋប្រហារ​យោធា​ជា​បន្តបន្ទាប់​។ លោកស្រី ក៏​សង្ឃឹមថា លោកស្រី គឺជា​បុគ្គល​ចុងក្រោយ​ហើយ ដែលជា​រងគ្រោះ​ដោយសារ​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ថៃ​នោះ​។​

«​ថ្វី​ត្បិត​ពេលវេលា បាន​កន្លងផុតទៅ​ជាច្រើន​ឆ្នាំ​ក៏ដោយ ប្រ​វ​តិ្ត​ច្រំ​ដែលៗ នៅតែ​មិនទាន់​បញ្ចប់​ពី​សង្គម​ថៃ​នៅឡើយ​នោះទេ​។ អ្វីដែល​ខ្ញុំ​ប្រាថ្នា​តែមួយគត់​នោះ គឺ វា​(​រដ្ឋប្រហារ​) មិន​កើតឡើង​ម្តងទៀត ហើយ​ខ្ញុំ គឺជា​បុគ្គល​ចុងក្រោយបង្អស់​ដែល​រងគ្រោះ​ដោយសារ​រដ្ឋប្រហារ​យោធា​»​។ នេះ​គឺជា​សារ​របស់​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស្រី​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​៕