ប្រទេស​កោះ​ដង្ហោយ​រក​ជំនួយ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-02-2016, 11:30 pm         24

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រទេស​កោះ​ដង្ហោយ​រក​ជំនួយ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​ការប្រែប្រួល​អាកាសធាតុ​ក្លាយជា​កង្វល់​ធំ​បំផុត​សម្រាប់​ប្រទេស​កោះ​តូចៗ​ស្ថិតនៅ​កណ្តាល​សមុទ្រ និង​ប្រទេស​ក្រីក្រ​ផ្សេងទៀត​។ បើសិន​គ្មាន​ដំណោះស្រាយ​ជា​ដុំកំភួន​និង​ទាន់ពេលវេលា​ទេ ប្រទេស​ទាំងនេះ​នឹង​ប្រឈម​ភាព​វិនាស​អន្តរាយ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះ​មិន​ខាន​។ បណ្តា​ប្រទេស​តូចៗ​បាន​ដង្ហោយ​ឲ្យ​ពិភពលោក​សុំ​ជំនួយ​និង​ដំណោះស្រាយ​ល្អប្រសើរ​មួយ​ដើម្បី​ឆ្លើយតប​បញ្ហា​ដែល​កំពុង​កើតមាន​។​

​ប្រទេស​កោះ​ជាច្រើន​នៅ​តំបន់​ប៉ាស៊ីហ្វិក​កំពុង​ប្រឈម​ផលប៉ះពាល់​ជាច្រើន​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាងគេ​និង​ប្រឈម​ផលប៉ះពាល់​រួចហើយនោះ​មាន​កោះ​គី​រី​បាទី​, មីក្រូ​ណេ​ស៊ី និង​កោះ Nauru ។ គី​រី​បាទី ដែលជា​កោះ​តូច​មួយ​ស្ថិតនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ​កំពុង​ប្រឈម​ការលិចលង់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ហើយ​ដំណោះស្រាយ​ដំបូង​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​បានសម្រេច​ដាក់ចេញ​នោះ​គឺ ទិញ​ដី​នៅលើ​កោះ​ហ្វ៊ី​ជី​ប្រហែល ២៥០០​ហិកតា​សម្រាប់​ឲ្យ​ប្រជាជន​ខ្លួន​តាំង​ជម្រក ព្រោះ​ហ្វ៊ី​ជី​មាន​សុវត្ថិភាព​តែ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ជាង ១០០០​គីឡូម៉ែត្រ​ពី​គី​រី​បាទី​នោះ​។ ហើយ រដ្ឋាភិបាល​ក៏បាន​លើកកម្ពស់​គោលនយោបាយ​ជំរុញ​ការ​ចំណាកស្រុក ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ចាកចេញ​ទៅធ្វើ​ការបរទេស​ជាដើម​ផង​។

​ប្រធានាធិបតី​គី​រី​បាទី លោក Taneti Maamau បាន​ឆ្លៀតឱកាស​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧១ ដើម្បី​ដង្ហោយ​រក​ជំនួយ​ជាថ្មី​ពី​បណ្តា​មេដឹកនាំ​ពិភពលោក​និង​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​។ លោក​បាន​រៀបរាប់ថា បច្ចុប្បន្ន​ប្រទេស​លោក​កំពុង​រងគ្រោះ​ដោយសារ​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​, ខ្យល់ព្យុះ និង​ព្យុះ​ស៊ីក្លូន​ថែមទៀត​ផង​។ ប្រជាជន​ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ ហើយ​ដំណាំ​ដាំ​ដុះ​សម្រាប់​បរិភោគ​នោះ​រង​ការបំផ្លិចបំផ្លាញ ហើយ​ទឹក​ដែល​ប្រជាជន​បរិភោគ​រង​ការបំពុល​ថែមទៀត​ផង​។​
​ក្នុងឱកាស​នេះ​លោក​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​គាំទ្រ​ប្រទេស​លោក​ដោយ​ផ្តល់ជំនួយ​ដើម្បី​កសាង​សមត្ថភាព​ប្រជាជន ក៏​ដូច​ចែករំលែក​បច្ចេកវិទ្យា​សំខាន់ៗ​ដែល​អាចជួយ​ឲ្យ​ប្រទេស​របស់លោក​អាច​បន្សាំ​ទៅនឹង​បញ្ហា​ដែល​កើតឡើង​ដែរ​។​

​ចំណែក​រដ្ឋ​មីក្រូ​ណេ​ស៊ី ក៏​ប្រឈម​ផលប៉ះពាល់​ខ្លាំង​ដែរ​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ប្រធានាធិបតី Peter Christian នៃ​រដ្ឋ​មីក្រូ​ណេ​ស៊ី​បាន​អះអាងថា ប្រទេស​ក្រីក្រ និង​ប្រទេស​កោះ​ដូចជា​ប្រទេស​លោក​បាន​ទទូច​ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ច្រើន​ទសវត្សរ៍​មកហើយ​។ ប៉ុន្តែ​ការអំពាវនាវ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ឡើយ រហូតដល់​មាន​អ្នក​ចាត់ទុកថា ការប្រែប្រួល​អាកា​ធាតុ​ជា​រឿង​បោកប្រាស់​ទៀត​។​

​លោក​ថ្លែងថា ៖ «​កាលពី​២៥​ឆ្នាំមុន ប្រទេស​ក្រីក្រ​តូចៗ​តស៊ូ​មតិ​ដើម្បី​ស្នើ​ឲ្យ​មានការ​ដាក់ចេញ​ដំណោះស្រាយ​ដើម្បី​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ដោយ​យើង​លើក​ហេតុផល​ថា​យើង​កំពុង​ប្រឈម​ការវិនាស​ព្រោះ​ការកើនឡើង​នៃ​កម្រិត​នីវ៉ូទឹក​សមុទ្រ​និង​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​»​។​

​ទោះជា​បែបនេះ​ក្តី មេដឹកនាំ​ប្រទេស​កោះ​មួយ​នេះ​ជឿជាក់ថា វេទិកា​អង្គការសហប្រជាជាតិ​នឹង​ក្លាយជា​វេទិកា​សំខាន់​មួយ​ដើម្បី​កៀងគោ​រក​ការគាំទ្រ​និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ ហើយ​លោក​ជឿជាក់​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែល​សម្រេចបាន កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​លោក​រំពឹងថា​កង្វល់​ដែល​លោក​បាន​រៀបរាប់​នៅ​ចំពោះមុខ​បណ្តា​មេដឹកនាំ​ពិភពលោក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការធ្វើសកម្មភាព​រួម​គ្នា​មួយ​។​

​ចំណែក ប្រធានាធិបតី កោះ Nauru លោក Baron Divavesi Waqa បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​រួមគ្នា​ដើម្បី​អនុវត្ត​គោលការណ៍​អភិវឌ្ឍ​ជា​ចីរភាព​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០​ឲ្យ​បាន​ពេញលេញ ដើម្បី​ឈាន​ឆ្ពោះទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ នេះ​ក៏ដោយ មេដឹកនាំ​រូបនេះ​មើលឃើញថា ប្រទេស​កោះ​ទាំងអស់​រួមទាំង​ប្រទេស​ឯទៀត​លើ​ពិភពលោក​នឹង​ប្រឈម​ផលប៉ះពាល់​កាន់តែច្រើន​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​យល់ថា ការប្រែប្រួល​អាកាសធាតុ​នឹង​ក្លាយជា​ផល​លំបាក​ធំ​បំផុត​សម្រាប់​មនុស្សជាតិ ស្រប​ពេលដែល Nauru នឹង​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ត្រូវ​ជួប​ផលប៉ះពាល់​អាក្រក់​បំផុត​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​។  ផលប៉ះពាល់​នេះ​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៅមុខ ហើយ​យើង​មានចំណេះដឹង​តិច​តូច​ប៉ុណ្ណោះ​ជុំវិញ​ការរស់នៅ​របស់​មនុស្ស​ក្នុងស្ថានភាព​អាក្រក់​នេះ​»៕