មាន​ឆ្ងល់​អត់​ដែលថា ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្ត​ឈាម​អ្វី​ខ្លះ​ទៅ​?

មាន​ឆ្ងល់​អត់​ដែលថា ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្ត​ឈាម​អ្វី​ខ្លះ​ទៅ​?

​ជាតិ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាប់​យុគ្គសម័យ​ដ៏​ទំនើប​មួយ​នេះ​គឺ​មិន​ដូចគ្នា​នឹង​សម័យមុនៗ​ឡើយ ជាពិសេស​គឺ​ត្រូវការ​ធ្វើ​តេស្ត​ឈាម​ច្រើន​ដើម្បី​ប្រាកដថា​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​បរិបូរណ៍​។ ដោយ​តេស្ត​ឈាម​ខ្លះ​តម្រូវឲ្យ​ធ្វើ​លើ​ស្ត្រី​គ្រប់រូប និង​ខ្លះទៀត​តម្រូវ​ធ្វើ​តែ​លើ​ស្ត្រី​ណា​ដែល​មាន​ការ​ប្រឈម​នឹង​ជំងឺ ឬ​អាច​នឹង​មាន​ជំងឺ​ដំណរ​ពូជ​ប៉ុណ្ណោះ​។ រាល់​ការ​ធ្វើ​តេស្ត​ទាំងអស់​ត្រូវ​ធ្វើឡើង​ដើម្បី​ពិនិត្យ​លើ​រឿង​គ្រប់​យ៉ាង​ណា​ដែល​អាច​បង្ក​បញ្ហា​ក្នុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​សម្រាល ឬ​ដើម្បី​ច្បាស់​ថា​កូន​មាន​សុខភាព​ល្អ​ឬ​អត់ ប៉ុន្តែ​អ្នក​មាន​សិទ្ធិ​មិន​ធ្វើតេស្ត​ទាំងនោះ​បាន​បើសិនជា​មិន​ចង់​ធ្វើ​។ ខាងក្រោម​នេះ​គឺជា​តេស្ត​ឈាម​មួយចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គប្បី​គួរតែ​ធ្វើ​។​

តេស្ត​មើល​ក្រុម​ឈាម​
ធម្មតា​ឈាម​មនុស្ស​យើង​មាន ៤​ប្រភេទ​នោះ​គឺ A, B, AB ឬ O​។ តេស្ត​នេះ​មាន​ប្រយោជន៍​ណាស់​ដើម្បី​ដឹង​ថា​អ្នកត្រូវការ​ឈាម​ប្រភេទ​ណា​មួយ​នៅពេល​មាន​បញ្ហា ជាពិសេស​ក្នុង​ពេល​សម្រាលកូន ឬ​ក្នុង​ពេល​មាន​ផ្ទៃពោះ​មានការ​ធ្លាក់ឈាម​ខុសធម្មតា​។

នៅ​ពេល​អ្នក​មើល​ក្រុម​ឈាម​ហើយ អ្នក​ក៏​ត្រូវតែ​ស្វែងយល់ថា ក្រុម​ឈាម​នោះ​ជា​ប្រភេទ (-) ឬ (+) ដែល​គេ​ហៅថា Rhesus (RhD)​។ បើសិន​ជា​អ្នក​មាន RhD (-) វា​ច្រើនតែ​មិនមាន​អ្វី​ជា​បញ្ហា​ទេ​បើសិន​ជា​កូន​មិនមាន RhD (+)​។ តែ​បើសិនជា កូន​មាន RhD (+) វិញ វា​ទើប​ជា​បញ្ហា​ដែល​ត្រូវ​ខ្វល់​។ សម្រាប់​ស្ត្រី​កូន​ដំបូង​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ តែ​សម្រាប់​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​នឹង​មាន​បញ្ហា​វិញ​។

ជំងឺ​ខ្វះ​គ្រាប់​ឈាម​
វា​គឺជា​រឿង​មួយ​ញឹកញាប់​នាស់​សម្រាប់​ស្ត្រី​ទៅ​ជា​កង្វះ​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ​។ នេះ​ដោ​សយារ​តែ រាងកាយ​ត្រូវការ​ជាតិ​ដែក​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ពីរ​នាក់​។ ការបង្កើន​ចំណីអាហារ​សម្បូរ​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ជួយ​ចៀសផុត​ពី​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​ត្រូវការ​ជាតិ​ដែក​បន្ថែម ជាពិសេស​ក្នុង​សប្តាហ៍​ទី ២០​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ ការ​កង្វះ​គ្រាប់​ឈាម​អាច​ធ្វើឲ្យ​អស់កម្លាំង និង​មិន​សូវ​អាច​ចៀសផុត​ពី​ការបាត់បង់​ឈាម​ច្រើន​ក្នុង​ពេល​សម្រាលកូន​ឡើយ​។

ការបង្ក​រោគ​
ការ​ធ្វើតេស្ត​ឈាម​អ្នក​អាច​នឹង​ត្រូវការ​រកមើល​ការបង្ក​រោគ​មួយចំនួន​ដែល​វា​អាច​ប៉ះពាល់ ឬ​កើតឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​ដូចជា​៖

  • ​ជំងឺ​ស្អូច​
  • ​ជំងឺ​ស្វាយ​
  • ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B
  • ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
  • ​ជំងឺអេដស៍​

​យក​ល្អ​គួរតែ​ចាំ​ថា អ្នក​នៅ​តែ​អាច​ឆ្លង​ជំងឺ​ទាំងអស់​នេះ​ក្នុងពេល​មាន​ផ្ទៃពោះ​ដដែល​ទោះបីជា​ក្រោយ​រកឃើញ​លទ្ធផល​អវិជ្ជមាន​ហើយ​ក៏​ដោយ​។

ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​
ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ប្រភេទ​ដែល​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​តែ​ក្នុងពេល​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។
​ករណី​នេះ​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទី ៣ (​ក្រោយ​ពី​សប្តាហ៍​ទី​២៨) និង​ច្រើន​តែ​បាត់​ទៅ​វិញ​ក្រោយពី​កូន​កើត​រួច​។ យ៉ាងណាមិញ ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ទំនង​ជា​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នៅ​ថ្ងៃក្រោយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។