ហុងគ្រី​បោះឆ្នោត​ប្រជាមតិ មិន​ទទួល​យក​ជនភៀស​ខ្លួន ដែល​អឺរ៉ុប​កំណត់

ថ្ងៃអាទិត្យទី២ តុលានេះ ប្រជាជនហុងគ្រី ត្រូវទៅបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចថាតើរដ្ឋាភិបាលខ្លួនត្រូវទទួលយកជនភៀសខ្លួន ដែលសហភាពអឺរ៉ុបបានកំណត់បែងចែកដែររឺទេ។ យោងតាមតួលេខផ្លូវការ ឆ្នាំ២០១៥កន្លងទៅ ជនភៀសខ្លួនដែលបានចុះបញ្ជីសុំសិទ្ធិជ្រកកោននៅអឺរ៉ុប មានចំនួន១៦ម៉ឺននាក់ ហើយដែលសហភាពអឺរ៉ុប បានសម្រេចធ្វើការបែកចែកឲ្យប្រទេសសមាជិកនិមួយៗ ទទួលយកទៅស្នាក់នៅ។ ដោយឡែករដ្ឋាភិបាលហុងគ្រីបានប្រឆាំងដាច់ខាត មិនព្រមទទួលយកជនភៀសខ្លួនទេ។ ការធ្វើប្រជាមតិនេះ គឺជាការរៀបចំដោយលោកនាយករដ្ឋមន្ត្រី ហុងគ្រី Viktor Orban ដែលកំពុងអនុវត្តនយោបាយជ្រុលនិយម ឃោសនាបំភិតបំភ័យប្រជាពលរដ្ឋ ឲ្យស្អប់ជនភៀសខ្លួន។

ព្រមរឺមិនព្រមឲ្យហុងគ្រី ទទួលយកជនភៀសខ្លួន?

Loading...

ថ្ងៃអាទិត្យទី២ តុលានេះ ប្រជាជនហុងគ្រីប្រមាណជា៨លាន៣សែននាក់ ដែលត្រូវទៅបោះឆ្នោតប្រជាមតិ។ តាមធម្មតាបោះឆ្នោតប្រជាមតិ គឺមានន័យថាប្រជាជនត្រូវសម្រេច ព្រម រឺមិនព្រម ទៅតាមសំណួរដែលចោទឡើង នៅលើសន្លឹកឆ្នោត។

សំណួរដែលគេសួរឲ្យប្រជាជនឆ្លើយ គឺ៖ “តែអ្នកព្រមឲ្យសហភាពអឺរ៉ុប ដាក់កំហិតប្រទេសអ្នក ឲ្យព្រមទទួលយកមនុស្សដែលមិនមែនជាជនជាតិហុងគ្រី មករស់នៅក្នុងប្រទេសអ្នក ដោយគ្មានការសម្រេចយល់ព្រមពីរដ្ឋសភា របស់ប្រទេសអ្នកដែររឺទេ?” ។ បើយើងសរុបន័យទៅ គឺមានន័យថា តើប្រជាជនហុងគ្រីព្រមទទួលយកជនភៀសខ្លួន ដែលសហភាពអឺរ៉ុបបានកំណត់កូតាបែងចែកដែររឺទេ?

គំនិតនៃការធ្វើប្រជាមតិនេះ គឺបានចាប់ផ្តើមឡើងនៅខែកុម្ភៈដើមឆ្នាំនេះ ដែលផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្ត្រីហុងគ្រីផ្ទាល់តែម្តង គឺលោក Viktor Orban។ លោក ម្នាក់នេះ ត្រូវបានគេស្គាល់ថាជាមនុស្សមកពីគណបក្សស្តាំអភិរក្សនិយម ហើយដែលតែងតែប្រឆាំងសឹងតែគ្រប់សេចក្តីសម្រេចរួមនានា របស់សហភាពអឺរ៉ុប។ ក្នុងកាលៈទេសៈដែលសហភាពអឺរ៉ុបកំពុងជួបវិបត្តិ ដោយសារជនភៀសខ្លួននាំគ្នាសម្រុកធ្វើដំណើរមកសុំសិទ្ធិជ្រកកោននៅអឺរ៉ុប លោកViktor Orban នាយករដ្ឋមន្ត្រីហុងគ្រីនេះ បានធ្វើនយោបាយយ៉ាងចេញមុខ ដើម្បីប្រឆាំងនឹងជនភៀសខ្លួន ហើយប្រឆាំងនឹងសហភាពអឺរ៉ុប ដែលមានបំណងកំណត់ឲ្យប្រទេសសមាជិកទាំង២៨ ជួយទទួលយកជនភៀសខ្លួនម្នាក់បន្តិចៗ។

សម្លេងមិនព្រម អាចឈ្នះ៖
ដូចយើងដឹងហើយថា ហុងគ្រីដែលជាប្រទេសដែលជនភៀសខ្លួន នាំគ្នាធ្វើដំណើរឆ្លងកាត់ ដើម្បីបានមកដល់អឺរ៉ុបខាងលិចនោះ បានធ្វើរបងដាក់បន្លាលួស ដើម្បីបិទផ្លូវកុំឲ្យជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ប្រទេសខ្លួនទៀតផង។ ហើយការធ្វើប្រជាមតិនៅថ្ងៃនេះ គឺវាស្តែងចេញយ៉ាងច្បាស់អំពីនយោបាយឃោសនា ញុះញ៉ង់ឲ្យប្រជាជនហុងគ្រី ភ័យខ្លាច ហើយនាំគ្នាស្អប់ជនភៀសខ្លួន។ ហើយមួយវិញទៀត វាក៏បង្ហាញពីភាពអត្មានិយមរបស់មេដឹកនាំហុងគ្រី ដែលមិនព្រមសាមគ្គីជាមួយប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ក្នុងការជួយសង្រ្គោះជនភៀសខ្លួន។

យោងតាមការស្ទាបស្ទង់ស្ថិតិ ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសម្លេងមិនព្រម នឹងឈ្នះយ៉ាងលើសលប់។ មានន័យថា គឺសម្លេងមិនព្រមទទួលយកជនភៀសខ្លួន នឹងឈ្នះ។ បើតាមការប្រកាសឃោសនារបស់រដ្ឋាភិបាលហុងគ្រី គឺបើសិនជាសម្លេងមិនព្រមបានជោគជ័យ គឺមានន័យថា ប្រទេសហុងគ្រី គ្មានកាតព្វកិច្ចអ្វីត្រូវទៅធ្វើតាម សហភាពអឺរ៉ុបទេ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ស្របពេលដែលប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី ដែលគេខំដុតដៃដុតជើង រៀបចំកន្លែងស្នាក់នៅ ដើម្បីទទួលយកជនភៀសខ្លួន រាប់ពាន់គ្រួសារ តែចំណែកហុងគ្រីឯណោះ សូម្បីតែបន្ទប់មួយសម្រាប់ទទួលជនភៀសខ្លួនម្នាក់ ក៏គ្មានផង។

ឃោសនាប្រជាភិថុត បំភ័យប្រជាជន៖
ប្រជាជនហុងគ្រី បោះឆ្នោតមិនព្រមទទួលយកជនភៀសខ្លួន គឺដោយជឿទៅតាមការឃោសនារបស់រដ្ឋាភិបាលលោក Viktor Orban។ លោក ម្នាក់នេះ មិនខ្លាចនឹងបំប៉ោងតួលេខ ដើម្បីបំភ័យប្រជាជនទេ។ ហើយពាក្យឃោសនាចោទប្រកាន់ទៅលើជនភៀសខ្លួនខ្លះ គឺជាការនិយាយតែផ្តេសតែផ្តាស គ្មានមូលដ្ឋានច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាឲ្យប្រជាជនយល់ថា ជនភៀសខ្លួនមកពីប្រទេសផ្សេង សុទ្ធតែជាមនុស្សអាក្រក់។ នេះហើយដែលគេហៅថា នយោបាយប្រជាភិថុត។

ជាក់ស្តែង រដ្ឋាភិបាលហុងគ្រីបានស្រែកក្តែងៗថា ភេរវកម្មនៅប៉ារីសប៉ុន្មានដង គឺសុទ្ធតែជាស្នាដៃជនភៀសខ្លួន ដែលនេះគឺជាពាក្យប្រឌិតកុហកសុទ្ធសាធ។ ហើយគេថាទៀតថា ជនភៀសខ្លួនអ៊ីស្លាម សុទ្ធតែជាពួកភេរវកម្ម។ ពាក្យឃោសនាបែបនេះ គឺជាការប្រឌិតបំភិតបំភ័យមនុស្សដែលខ្វះការពិចារណា។ រដ្ឋាភិបាលបានចំណាយប្រាក់ច្រើនណាស់ ក្នុងការឃោសនា ប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ការឃោសនាមានគ្រប់រូបភាព មានបដាធំៗ សរសេរចោទប្រកាន់ថាជនភៀសខ្លួនសុទ្ធតែជាចោរ ថាជនភៀសខ្លួនមកដណ្តើមការងារធ្វើ គឺថាមានបិទនៅគ្រប់ទីកន្លែង។ ហើយពួកមន្ត្រីរដ្ឋាភិបាល បានចុះទៅបំផុសបំផុលប្រជាជនដល់ផ្ទះទៀតផង។

តែយ៉ាងណាក៏ដោយ សកម្មជនអង្គការនានា ដែលធ្វើសកម្មភាពប្រឆាំងនឹងនយោបាយស្អប់ជនបរទេសរបស់រដ្ឋាភិបាលហុងគ្រី បានអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោតនៅថ្ងៃនេះ។ តាមច្បាប់ បើសិនជាអ្នកទៅបោះឆ្នោតមានមិនគ្រប់៥០% នៃចំនួនអ្នកចុះឈ្មោះសរុបទេ គឺលទ្ធផលត្រូវទុកជាមោឃៈ។

ហុងគ្រី​បោះឆ្នោត​ប្រជាមតិ មិន​ទទួល​យក​ជនភៀស​ខ្លួន ដែល​អឺរ៉ុប​កំណត់

បំផុសប្រជាជនឲ្យគិតតែពីរឿងជនភៀសខ្លួន ហើយភ្លេចពីបញ្ហាសង្គម និងសេដ្ឋកិច្ចដែលរដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយ៖
នៅពីក្រោយហេតុផល ដែលថាសហភាពអឺរ៉ុបមិនអាចសម្រេចអ្វីតាមតែចិត្ត មកដាក់កំហិតប្រទេសហុងគ្រី គឺមានហេតុផលមួយទៀតដែលជាហេតុផលនយោបាយសុទ្ធសាធ។ ក្នុងរយៈពេល២ឆ្នាំមកនេះ វេទិកាសង្គម ជជែកដេញដោលនានានៅហុងគ្រី គឺរដ្ឋាភិបាលសំរុកនិយាយតែពីរឿងជនភៀសខ្លួនមួយគត់។ ថ្ងៃណាក៏ឮ ទៅណាក៏ឮ ដែលធ្វើឲ្យប្រជាជនភ្លេចគិតពីបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គមកិច្ច ដែលរដ្ឋាភិបាលលោក Viktor Orbanគ្មានលទ្ធភាពដោះស្រាយ។ ផ្ទុយទៅវិញ គិតតែពីបន្ទោសជនភៀសខ្លួនថាចង់មកបំផ្លាញសេដ្ឋកិច្ច និងវប្បធម៌ហុងគ្រី។ នេះគេហៅថា នយោបាយបំភាន់ភ្នែក ធ្វើយ៉ាងណាកុំឲ្យប្រជាជន ឃើញចំណុចអសកម្មផ្សេងទៀតរបស់ខ្លួន។

អ្វីដែលគួរឲ្យសង្វេកគឺ នយោបាយនេះបានហុចផ្លែផ្កា ដល់លោក Viktor Orban ។ Viktor Orban កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ហើយប្រជាប្រិយភាពនេះ គឺបានមកពីពាក្យឃោសនាបំប៉ោងឲ្យប្រជាជនក្តៅក្រហាយ ខឹងសហភាពអឺរ៉ុប ហើយស្អប់ជនបរទេសនេះឯង។ តាមពិតទៅ គេដឹងពីចំណុចខ្សោយរបស់ប្រជាជន ដែលងាយច្រលោត ងាយទន់ជ្រាយ តែកាលណានិយាយពីរឿងជនអន្តោប្រវេសន៍ ជនភៀសខ្លួនអីជាដើម ព្រោះក្នុងពាក្យឃោសនារបស់គេ គឺគេចាក់បញ្ចូលខ្លឹមសារដែលធ្វើឲ្យជនភៀសខ្លួន សុទ្ធតែជាមនុស្សអាក្រក់ សុទ្ធតែជាចោរ សុទ្ធតែជាពួកភេរវកម្ម។

គោលបំណងចុងក្រោយមួយទៀតរបស់រដ្ឋាភិបាលហុងគ្រី គឺយកឈ្នះក្នុងការបោះឆ្នោតសភា នៅឆ្នាំ២០១៨ ម្តងទៀត។ ដោយកេងចំណេងជាមួយប្រជាប្រិយភាពរបស់លោក Viktor Orban ក្នុងពេលនេះ គឺមានន័យថា ជ័យជំនះសម្រាប់អាណត្តិទីបី របស់បក្សស្តាំអភិរក្សនិយមជ្រុលហុងគ្រី គឺវាងាយស្រួលដូចបកចេកអញ្ចឹង។

សម្រាប់សហភាពអឺរ៉ុប ហុងគ្រីនៅតែមានកាតព្វកិច្ចគោរពការសម្រេចរបស់សហភាពអឺរ៉ុប៖
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានត្រឹមតែ និយាយថា លទ្ធផលប្រជាមតិនេះ គឺគ្មានអ្វីប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបទេ។ ពោលគឺ ទោះហុងគ្រីព្រមរឺមិនព្រម សហភាពអឺរ៉ុបមានសិទ្ធិដាក់កំហិតឲ្យប្រទេសសមាជិកទាំងអស់គោរព។ យ៉ាងណាមិញលោក Jean-Claude Juncker បានមានប្រសាសន៍ថា ប្រទេសសមាជិកទាំងអស់ មានកាតព្វកិច្ចអនុវត្តដោយស្មើភាពគ្នា នូវរាល់សេចក្តីសម្រេច ដែលដាក់ចេញដោយសហភាពអឺរ៉ុប។ ការបែងចែកជនភៀសខ្លួនចំនួន១៦ម៉ឺននាក់នោះ គឺត្រូវបានសហភាពអឺរ៉ុបសម្រេចរួចទៅហើយ ដូច្នេះ បើមិនគោរពមានន័យថា សហភាពអឺរ៉ុបមានសិទ្ធិដាក់ទណ្ឌកម្ម ទៅលើហុងគ្រី។

តែយ៉ាងណាក៏ដោយ បញ្ហានេះ កំពុងចោទឡើង ដែលវាធ្វើឲ្យសហភាពអឺរ៉ុបកាន់តែរង្គោះរង្គើរ និងផុយស្រួយ។ សួរថា តើបើរាល់សេចក្តីសម្រេចនានារបស់សហភាពអឺរ៉ុប ហើយប្រទេសសមាជិកមិនពេញចិត្ត ត្រូវធ្វើប្រជាមតិតែរាល់លើករបៀបអញ្ចឹង សួរថាតើអំណាចសហភាពអឺរ៉ុបវាទៅយ៉ាងណា? សហភាពអឺរ៉ុបមិនអាចធ្វើអ្វីចេញទៀតទេ ក្នុងករណីនេះ ព្រោះសម្រេចអ្វីលែងបាន ទៀតហើយ។ ដូចប្តីប្រពន្ធអញ្ចឹង តែចាប់ដៃគ្នា គឺសន្យាតស៊ូជាមួយគ្នា ទោះគ្រាក្រគ្រាលំបាកក៏ដោយ។ ដូចគ្នាដែរ ក្នុងនាមជាប្រទេសសមាជិកដូចគេដូចឯង ហុងគ្រី ត្រូវមានការទទួលខុសត្រូវ រួមចំណែកទទួលផលល្អ នៅពេលសេដ្ឋកិច្ចអឺរ៉ុបរីកចំរើន តែក៏ត្រូវចូលរួមសាមគ្គីជាមួយគេជាមួយឯង នៅពេលអឺរ៉ុបជួបវិបត្តិដែរ ដូចករណីរនេះ គឺត្រូវជួយទទួលយកជនភៀសខ្លួន៕

ប្រភព៖ rfi