ខូចចិត្ត អាចជួសជុលបានដោយមិនបាច់ព្រួយ

6 Videos


មនុស្សជាច្រើនបានបរិយាយទៅលើបញ្ហាសេចក្តីស្នេហាផ្សេងៗពីគ្នាយ៉ាងច្រើន ក្នុងនោះដូចជា«សេចក្តីស្នេហា គឺជាការផ្តល់ឱ្យការលះបង់ និង ភាពស្មោះត្រង់ ភាពស្រស់ស្អាត និង បំណងឱ្យមានសេចក្តីសុខ» ។ ទោះបីយ៉ាងណានៅពេលដែលសេចក្តីស្នេហាបានប្រែក្លាយខកបំណង ហើយផ្ទុយមកវិញវាបានប្រែក្លាយជាខូចចិត្ត និង ទទួលរងទណ្ឌកម្មបេះដូងនោះ តើត្រូវដោះស្រាយបែបណា ? ទំហំការខូចិត្តរបស់មនុស្សម្នាក់ៗយើងមិនអាចវាយតម្លៃបានទេ ។

អាការដែលហៅថាខូចចិត្ត
អាចកើតមកពីអាការរវើរវាយចិត្ត ខួរក្បាលមិនបញ្ជាការងារ និង ប្រើការងារមិនបានពេញទី ការប្រមូលរឿងរាវពេលបច្ចុប្បន្នមានការថយចុះ គំនិតនៅវិលវិលរឿងរាវតែមួយ ហើយពិសេសមានតែការបង្ហូរទឹកភ្នែក ។ អារម្មណ៍ជួបបញ្ហាច្របូកច្របល់ មិនចង់បរិភោគអាហារ មិនចង់ជជែកលេងជាមួយអ្នកដទៃ ចំពោះអ្នកខ្លះទៀតថែមទាំងមានអារម្មណ៍ចងអាឃាត សោកសៅ និង គិតខ្លីចង់សម្លាប់ខ្លួនថែមទៀតផង ។

កុំឱ្យបាត់បង់អារម្មណ៍
អ្នកខ្លះមានការប្រៀបធៀបថា «នៅពេលមានសេចក្តីស្នេហា ត្រូវតែត្រៀមប្រឈមជាមួយការខូចិត្ត» ។ ចំពោះការយល់ឃើញបែបនេះ វាអាចត្រូវខ្លះ និង មិនត្រូវខ្លះ ព្រោះថា ពេលខ្លះស្នេហាបានជួបបញ្ហាព្យុះភ្លៀង ឯពេលខ្លះមិនដូច្នេះទេ គឺសេចក្តីស្នេហារបស់គេមានតែផ្អែមល្ហែម និង ត្រូវការគ្នាមិនចេះនឿយណាយ ។ គេថា នៅពេលកើតសេចក្តីស្នេហាដែលសមដូចបំណង គឺមានតែស្នាមញញឹម និង សេចក្តីរីករាយ ប៉ុន្តែផ្ទុយមកវិញបើសេចក្តីស្នេហានោះខកបំណង អារម្មណ៍សៅហ្មង និង ភាពទុក្ខសោកតែងកើតឡើងព្រមជាមួយគ្នាដែរ ។
ទោះបីយ៉ាងណា ចំពោះស្ត្រី-បុរសទាំងឡាយ នៅពេលកើតមានសេចក្តីស្នេហាហើយមិនត្រូវរាថយឡើយ ហើយត្រូវតែចេះដោះស្រាយបញ្ហាដោយភាពប៊ិនប្រសព្វ និង ឆ្លាតវៃពីព្រោះថាដំណើរជីវិតរបស់មនុស្សយើងមិនមែនស្ថិតនៅលើផ្លូវរលោងស្អាតដោយគ្មានឧបសគ្គនោះឡើយ ។ អ្វីៗត្រុវតែមានការរាំងស្ទះ និង ជួបបញ្ហាវាជារឿងធម្មតាដែលយើងត្រូវតែចេះឆ្លងកាត់និងពុះពារ ។

ចេះទប់ទល់ជាមួយអាការខូចចិត្ត
ត្រូវចេះប្រឈមមនិងទប់ទល់ជាមួយវាឱ្យបានពេញទី ។ ត្រូវចេះរួបរួមអារម្មណ៍ហើយងើបឈរដោយខ្លួនខ្លួនឯងដោយស្មារតីពេញទី ព្រមទាំងគិតថាដំណើរជីវិតរបស់យើងនៅពេលមានបញ្ហា គឺត្រូវតែចេះរំសាយហើយដោះស្រាយវាបានគ្រប់កាលៈទេសៈ ។ ត្រូវចេះឱ្យតម្លៃខ្លួនឯង ហើយស្រឡាញ់ខ្លួនឱ្យច្រើន ទើបបញ្ហាខ្លះទោះធំប៉ុនភ្នំ ក៏យើងអាចដោះស្រាយឱ្យសល់តូចប៉ុនកូនដៃវិញបានដែរ ។

ជាមួយគ្នានេះត្រូវតែចេះបើកចិត្តឱ្យទូលាយថា «គេចេះរស់នៅបាន ហេតុអ្វីយើងរស់នៅមិបានដូចគេ ។ ហេតុអ្វីគេចេះក្បត់ចិត្តយើង ហើយយើងមិនចេះក្បត់ចិត្តគេវិញ ឬ ចុះញ៉មសូម្បីតែបញ្ហាប៉ុននឹងនោះ ?» ។ ចូរចងចាំថា លើលោកយើងនេះគ្មានមនុស្សតែម្នាក់ទេ គឺមានមនុស្សច្រើនណាស់ដែលនៅត្រូវការយើងទៀត ។

ចេះរកមធ្យោបាយដោះស្រាយ
នៅពេលបញ្ហាកើតឡើងហើយ ចូរកុំនៅស្ងៀម ឬ សម្ងំនៅក្នុងបន្ទប់តែម្នាក់ឯងឱ្យសោះ យើងចាំបាច់ត្រូវតែចេះរកការងារនៅក្បែរខ្លួនធ្វើឱ្យបាន ហើយពិសេសត្រូវខិតខំបំពេញការងារឱ្យកាន់តែច្រើននោះផលប្រយោជន៍កាន់តែកើតឡើងចំពោះយើងច្រើនឡើងតាមនោះដែរ។ក្រៅពីនេះត្រូវយករឿងរាវទាំងនេះជជែកពិភាក្សាជាមួយបណ្តាមិត្តភក្តិឬសូម្បីតែឪពុកម្តាយឬញាតិ បងប្អូន ដើម្បីឱ្យពួកគេជួយដោះស្រាយ និង ពិសេសជួយណែនាំផ្លូវល្អៗដែលជាមធ្យោបាយមួយធ្វើឱ្យយើងចាកផុតពីរឿងរាវអាក្រក់ក្នុងជីវិតនោះ ឱ្យអស់នាពេលនេះតែម្តង ។

ក្រៅពីនេះយើងអាចសរសេររឿងរាវដ៏អាក្រក់នេះក្នុងក្រដាសហើយបន្ទាប់ពីនោះត្រូវយកក្រដាសទាំងនេះទៅដុតចចោលហើយ សច្ចាថាឱ្យរឿងរាវអាក្រក់ទាំងនេះរលាយវានាពេលនេះដែរ ។ ត្រូវព្យាយាមធ្វើខ្លួនឯងឱ្យទៅជាមនុស្សថ្មីម្នាក់ទៀតដែលមានភាពក្លាហាននិងមានសារៈប្រយោជន៍ទាំងខ្លួន និង ក្រុមគ្រួសារ ។

កុំឱ្យអារម្មណ៍ងប់ងល់ បញ្ជាលើគំនិតពិចារណាឱ្យសោះ
យើងត្រូវចេះប្រើអារម្មណ៍គិតឱ្យបានគ្រប់ជ្រុងជ្រោយថា ហេតុអ្វីគេស្រឡាញ់យើង ? ចំណែកយើងស្រឡាញ់គេវិញដោយសារតែអ្វីដែរ គឺដោយសារគេឆ្លាត មានទឹកចិត្តល្អ មានការយកចិត្តទុកដាក់ និង ផ្តល់កិត្តិយសដល់យើង ។ មិនដូច្នេះយើងស្រឡាញ់គេ ព្រោះតែភាពស្អាតលើរូបរាងកាយមានទ្រព្យ មានរថយន្តទំនើប មានប្រាក់ខែខ្ពស់ ។ ហេតុនេះត្រូវចេះបែងចែកឱ្យបានច្បាស់លាស់ទើបចុងក្រោយយើងមិនជួបនូវបញ្ហាខូចចិត្តនេះកើតឡើងដែលនាំវេទនាចិត្ត ៕

                                                                                ដេប៉ូ