ម៉ន វីរៈ​ អន់​​ចិត្ត​រឿង​គេ​យក​តែ​គីឡូ​ធ្ងន់​ប្រកួត​ខ្សែ​ក្រវាត់

អ្នក​លេង​គុន​ខ្មែរ​មាឌ​ល្អិត​ចិត្ត​ធំ ម៉ន វីរៈ មិន​សប្បាយ​ចិត្ត​ឡើយ​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន​ ដោយ​សារ​មើល​ឃើញ​ការ​រៀប​ចំ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ភាគ​​ច្រើន​ជា​ប្រភេទ​ទម្ងន់​ធ្ងន់​ ខណៈ​រូប​គេ​ទម្ងន់​ស្រាល​ដែល​គ្មាន​ឱកាស​ចូល​រួម​ប្រកួត​ឡើយ។

 

ម៉ន វីរៈ​ អន់​​ចិត្ត​រឿង​គេ​យក​តែ​គីឡូ​ធ្ងន់​ប្រកួត​ខ្សែ​ក្រវាត់ កីឡាករ ម៉ន វីរៈ

 

ម៉ន​ វីរៈ​ បាន​​និយាយ​​ថា រូប​គេ​​ពិត​ជា​អន់​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​ស្ទើរ​គ្រប់​សង្វៀន​ប្រដាល់​រៀបចំ​ប្រកួត​ខ្សែ​ក្រវាត់​សុទ្ធ​តែ​ប្រភេទ​ទម្ងន់​​ធ្ងន់ៗ​។​ ស្រប​​ពេល​ដែល​​កីឡាករ​ទម្ងន់​ស្រាលៗ​ដូចរូប​គេ​ជា​ដើម អ្នក​រៀប​ចំ​កម្មវិធី​មិន​ចាប់​អារម្មណ៍។​ កីឡាករ​រូប​នេះ​​នៅ​តែ​ទទួច និង​​​សំណូមពរ​​ដល់​គ្រប់​សង្វៀន​ប្រដាល់​​រៀប​ចំ​ឲ្យ​មានការ​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​​​ស្រាល​ផង​ដើម្បី​​ឲ្យ​រូប​គេ ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​​ខ្សែ​ក្រវាត់​។

 

«និយាយត្រង់​ចុះ កីឡាករ​​​​គីឡូ​ធ្ងន់​ប្រកួត​មិន​ទាន់​ចប់​កម្មវិធី​មួយ​ផង​ មាន​គេ​ទាក់​ទង​ឲ្យ​ទៅ​ប្រកួត​កម្មវិធី​ផ្សេង​ទៀត​ហើយ»៖​ សម្ដីរបស់​កីឡាករ​ ម៉ន​ វីរៈ។

 

ម៉ន វីរៈ​ អន់​​ចិត្ត​រឿង​គេ​យក​តែ​គីឡូ​ធ្ងន់​ប្រកួត​ខ្សែ​ក្រវាត់ ម៉ន វីរៈ (ខៀវ)​ប្រកួត​កន្លង​មក

 

ម៉ន​ វីរៈ​ ជា​ប្អូន​បង្កើត​របស់​កីឡាករ​ ម៉ន​ សាម៉េត​​ មក​ពី​ក្លឹប​ការិយាល័យទី៥កងទ័ពជើងគោក។​ ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ ម៉ន​ វីរៈ​ គឺ​ផ្ដួល​កីឡាករ​ថៃ​(លូកយ៉ត)ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៥​នៅ​ស្ថានីយ​ទូរទស្សន៍ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៦៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​​​