មិន​គួរ​សោះ ! ឪពុក​ម្តាយ​ស្តីប្រដៅ​តិចតួច សម្រេចចិត្ត​បែប​នេះ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ឈាមរាវ​ម្នាក់​បន្ទាប់​ពី​ឪពុក​ម្តាយ​ស្តីប្រដៅ​កុំ​ឲ្យ​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ច្រើន​ពេក ស្រាប់តែ​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​ធ្វើ​អត្តឃាត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃរ​ងៀង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ទោ ឃុ​ត សុផល អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វង់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ ឃុ​ត សុផល បន្ត​ថា តាម​ការ​សាកសួរ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​បាន​ស្តីប្រដៅ​ថា កុំ​ឲ្យ​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពួកម៉ាក​ច្រើន​ពេក គួរតែ​យក​ពេលទំនេរ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ព្រោះថា​ការ​សេពគប់ និង​ដើរ​លេង​ច្រើន​វា​មិនល្អ​នោះ​ទេ អាច​នាំ​ឲ្យ​មានរឿង​អន្តរាយ​ដល់​ខ្លួន​ដោយ​ប្រការ​ចៃដន្យ​ណាមួយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ឪពុក​ម្តាយ​និយាយ​ស្តីប្រដៅ​ចប់ ជន​រង​គ្រោះ​បាន​ដើរទៅ​ក្រោយ​ផ្ទះ​បាត់​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ថា​គេ​ទៅ​ធ្វើ​អ្វី​នោះ​ទេ ។ លុះ​ល្ងាច​ឡើង​ក្រុម​គ្រួសារ​បងប្អូន​បាន​នាំ​គ្នា​ដើរ​រក​ហៅ​មក​ហូប​បាយ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​នៅ​នឹង​ដើម​ត្របែក​ស្លាប់​បាត់​ទៅ​ហើយ និង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា សព​បាន​ចងក​សម្លាប់​ខ្លួនឯង​នឹង​ខ្សែក្រវាត់​ពណ៌​ខ្មៅ​ជាប់​ដើម​ត្របែក​កំពស់​៣​ម៉ែត្រ នៅ​ក្នុង​ដី​ឡូត៍​ខ្លួនឯង ។ ក្រោយ​ធ្វើការ​ពិនិត្យ​លើ​ខ្លួនប្រាណ​យ៉ាង​យកចិត្តទុកដាក់​រួច​មក គ្មាន​ស្លាកស្នាម​អី្វ​ទាំងអស់​ក្រៅ​អំពី​ស្នាម​ចងក​នឹង​ខ្សែក្រវាត់ ហើយ​ការ​ពិនិត្យ​នេះ​ទៀត​សោត​មានការ​ចូលរួម​ពី​សំណាក់​លោក​មេឃុំ មេ​ភូមិ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។

ក្រុម​គ្រួសារ​សព​ទទួលស្គាល់​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ និង​បំពេញ​ឯកសារ​រួចរាល់ ៕