ដល់ទៅ២០០ដងផង! Yoona មិនខ្លាចនឹងនិយាយពីអតីតកាល ដែលសឹងមិនគួរឲ្យជឿ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ស្រីស្រស់ Yoona សមាជិកក្រុម Girls' Generation បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែស្រឡាំងកាំង ក្រោយពីរូបនាងបង្ហើប ពីអតីតកាលមុនឈានជើងចូលក្នុងវិស័យសិល្បៈ។

គួរឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា  កញ្ញា Yoona ត្រូវបានគេអញ្ជើញចូលរួម ក្នុងកម្មវិធីដ៏ពេញនិយមមួយឈ្មោះថា Taxi នៅស្ថានីយ៍ទូរទស្សន៍TVN ។ ពេលនោះ Yoona បាននិយាយរំលឹកពីអតីតកាលចាស់ៗ មុនពេលប្រឡូកក្នុងវ័ស័យចម្រៀង K-Pop ផងដែរ។

នាងបាននិយាយថា៖ «ខ្ញុំធ្លាប់បានប្រកួតប្រជែងសមត្ថភាព  ថតសម្តែងសាកល្បង   និងត្រូវគេជម្រុះចោលជាច្រើនដង  បើគិតទៅជាង ២០០ដងទៅហើយ ទំរាំតែខ្ញុំត្រូវបានផលិតកម្ម SM ជ្រើសរើសខ្ញុំចូលជាសមាជិកក្នុងក្រុម Girls' Generation ជាផ្លូវការ»។

នាងបានបន្ថែមទៀតថា៖ «ជាង២០០ដងនេះ គឺរាប់បញ្ចូលទាំងការថតខ្សែភាពយន្ត MV បទចម្រៀង និងថតផ្សាយស្ពតពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត ហើយដោយសារតែបទពិសោធន៍ទាំងអស់នេះហើយ ទើបធ្វើឲ្យខ្ញុំមានជំនឿទុកចិត្តកាន់តែទ្វេឡើង រហូតដល់ខ្ញុំប្រលងជាប់បែបនេះ»។

ចំពោះពេលបច្ចុប្បន្ននេះវិញ  Yoona បានក្លាយជាតារា K-Pop ស្រីម្នាក់ ដែលមានភាពជោគជ័យខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយមានចំនួនអ្នកគាំទ្ររហូតទៅដល់ រាប់លាននាក់ទូទាំងទ្វីបអាស៊ី និងខាងបែកអឺរ៉ុបទៀតផង។

គួរឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ នាងបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តមួយ ដែលមានចំណងជើងថា «The K2» និងទទួលបានការគាំទ្រខ្លាំងមិនធម្មតាពីសំណាក់អ្នកគាំទ្រ ដោយបានកោតសរសើរការសម្តែងរបស់នាងថាមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើងៗជាលំដាប់៕

ប្រភព៖Koreaboo

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន តារាចម្រៀងស្រីវ័យក្មេង កំពុងមានឈ្មោះបោះសម្លេងនាង YoonA សមាជិកក្រុម Girls' Generation របស់ប្រទេសកូរ៉េ ត្រូវបានគេទទួលស្គាល់ថាជា តារាស្រីមួយដួង ដែលកំពុងមានភាពពេញនិយមយ៉ាងខ្លាំង ក្នុងពិភពសិល្បៈចម្រៀង KPOP នាពេលបច្ចុប្បន្ន។

បន្ទាប់ពីដំណើរទស្សនកិច្ចជជែកកម្សាន្តជាមួយអ្នកគាំទ្រនៅតាមបណ្តា ទីក្រុងនានាដូចជា ប៉េកាំង ក្វាងចូវ និងចុងឈីងរួចមក នាងYoonA មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញអ្នកគាំទ្រ ធ្វើវីដេអូឃ្លីបមួយសម្រាប់នាង ជាពិសេស ដោយនៅក្រោមវីដេអូក៏មានសរសេរអក្សរថា "ជូនចំពោះYoonA" ហើយក្នុងវីដេអូទាំងអស់នោះ បានចងក្រងរូបភាពនៅក្នុងពិភពសិល្បៈ តាំងពីឆ្នាំ២០០៧មក បានធ្វើឱ្យនាងរំភើបដល់ស្រក់ទឹកភ្នែក មិននឹកស្មានថាពួកគេស្រឡាញ់នាងដល់ម្លឹង។ ស្របពេលជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បានលើកបដាសរសេរទៅកាន់យ៉ាងរំភើបទៀតផង។

នាងYoon A ត្រូវាបានប្រជាជនចិនស្គាល់ជាលើកដំបូង តាមរយៈការសម្តែងនៅក្នុង រឿង God of War, Zhao Yun ហើយថ្មីៗនេះនាងក៏បានទទួលការគាំទ្រដ៏ច្រើន លើសលប់នឹកស្មានមិនដល់៕

ទស្សនាវីដេអូរបស់ Yoon A ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload