នៅ​មិន​នៅ​ទៅ​ចាប់​កូនក្រមុំ​គេ

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​​ខ្លួន​បាន​ភ្លាម​ៗនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៦ ​បន្ទាប់​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​ម្នាក់​ប្តឹង​ចោទប្រកាន់​ថា ​ប៉ុន​ប៉ុង​ចាប់រំលោភ​កូនស្រី​គាត់​ខណៈ​គាត់​មិន​នៅផ្ទះ ។

លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ម៉ៅ ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ រស់នៅ​ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ខណៈ​ឪពុក​ម្តាយ​មិន​នៅ ជនសង្ស័យ​បាន​ចូល​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ប៉ុនប៉ង​រំលោភ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​ដោយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​ឲ្យ​គេ​ជួយ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់គេច​ខ្លួន​បាត់ ។ ភ្លាម​ៗ​នោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ក៏​នាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​ និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕