គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ «នឹកផ្ទះ» សម្រាប់អ្នកដែលរស់នៅ ឆ្ងាយពីស្រុកកំណើត

សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលត្រូវសម្រេចចិត្តចាកចេញពីផ្ទះមករៀន ឬចាកចេញទៅរស់នៅកន្លែងថ្មី ឬក៏គ្រាន់តែទៅធ្វើដំណើរឆ្ងាយៗ សុទ្ធតែអាចជួបប្រទះនូវ អារម្មណ៍មួយបែប ដែលគេហៅថាជាអារម្មណ៍ “នឹកផ្ទះ”។ អារម្មណ៍នឹកផ្ទះ អាចមានភាពខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ប៉ុន្តែជាទូទៅ វាធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ខកចិត្ត និងឯកោ។ ជួនកាល នឹកដល់ខ្នើយដែលធ្លាប់កើយ និងក្លិនផ្ទះរបស់អ្នកទៀតផង។

ទោះបីជាអារម្មណ៍ នឹកផ្ទះ អាចកើតឡើងលើមនុស្សគ្រប់វ័យ គ្រប់កាលៈទេសៈក៏ដោយ អ្នកអាចអនុវត្តតាមគន្លឹះមួយចំនួន ខាងក្រោមនេះ ដើម្បីជួយដោះស្រាយបញ្ហានឹកផ្ទះរបស់អ្នកបាន ៖ 

១. រាប់អានមិត្តភក្តិថ្មីៗ

អ្នកត្រូវចេះរាប់អាន ជាមួយមនុស្សថ្មីៗ ទោះបីជាអ្នកមិនត្រូវការទំនាក់ទំនង ឬចំណងមិត្តភាព បែបជិតស្និទ្ធក៏ដោយ ក៏អ្នកត្រូវតែស្គាល់មនុស្សជុំវិញ ដើម្បីជួយអ្នកក្នុងការរស់នៅដែរ។ អ្នកអាច ៖

• ទៅញ៉ាំអាហារខាងក្រៅ ឬទៅមើលកុនជាមួយគ្នា

• ត្រូវចាំថា ជាធម្មតា អ្នកប្រាកដជាមានអារម្មណ៍ថាអៀនជាមិនខាន នៅពេលដែលជួបជាមួយមនុស្សណាម្នាក់ថ្មី ប៉ុន្តែយូរៗទៅអ្នកនឹងមានអារម្មណ៍ថាធម្មតាវិញមិនខាន

• ចំណងមិត្តភាពអាចមានភាពយូរអង្វែងទៅបាន តាមពេលវេលាម្តងបន្តិចៗ ហេតុនេះ អ្នកមិនចាំបាច់បង្ខំចិត្ត ប្រញាប់ប្រញាល់ពេកឡើយ។

២. រីករាយពេលនៅតែម្នាក់ឯង

ទោះបីជាពេលខ្លះ អ្នកមិនមានមិត្តភក្តិនៅជិតក៏ដោយ ក៏អ្នកអាចរីករាយជាមួយនឹងសកម្មភាពផ្សេងៗទៀត ដោយខ្លួនអ្នកបានដែរ រួមមានដូចជា ៖

• ហាត់ប្រាណ ហាត់យូហ្គា លេងបាល់ -ល-

• ត្រូវមានរបស់របរ ដែលអាចជួយអ្នកឲ្យមានអារម្មណ៍កំសាន្តបាន (ដូចជា សៀវភៅ ល្បែងផ្គុំរូប តន្រ្តី -ល-)

• ចាប់ផ្តើមការសរសេរកំណត់ហេតុ ឬតែងកំណាព្យ តែងពាក្យស្លោក ឬប្រមូលផ្តុំរូបភាពណា ដែលអ្នកគិតថាមានន័យ និងធ្វើឲ្យអ្នកសប្បាយចិត្ត

• ធ្វើអ្វីដែលអ្នកចង់ធ្វើ ដូចជាទៅមើលការប្រគំតន្រ្តី ទៅលេងសារមន្ទីរ ឬមើលកុន

• ស្តាប់ចម្រៀងដែលចូលចិត្ត ហើយរាំតាម ឬក៏អ្នកអាចទៅលេងឧបករណ៍តន្ត្រីណាមួយ

• អ្នកអាចទៅធ្វើការស្ម័គ្រចិត្ត ទៅជួយមិត្តភក្តិ ឬលេងជាមួយសត្វចិញ្ចឹម។ 

៣. គិតឲ្យវិជ្ជមាន

អ្វីដែលអ្នកត្រូវចងចាំគឺធ្វើយ៉ាងណា កុំឲ្យខ្លួនអ្នកគិតអវិជ្ជមានលើ អារម្មណ៍ឯកាឲ្យសោះ។ អ្នកត្រូវចេះគិតថា ៖

• ការនៅតែឯង គឺជាពេលវេលាដ៏ល្អ សម្រាប់អ្នកឲ្យមានឱកាស ស្វែងរកអ្វីថ្មី និងប្រែក្លាយជាមនុស្សដែលមានភាពរឹងមាំទៀតផង

• អ្នកអាចប្រើប្រព័ន្ធអ៊ិនធឺណេត ដើម្បីស្វែងរកការកំសាន្ត ក៏ល្អជាជាង

• វាក៏ជារឿងល្អម៉្យាងដែរ ដែលគ្មានសង្សារ។

៤. យកវត្ថុដែលអ្នកស្រលាញ់មកជាមួយ

មិនថាជាតុក្កតាខ្លាឃ្មុំ ឬក៏ជាភួយទេ អ្នកគួរតែយករបស់របរទាំងនោះមកជាមួយ។ មនុស្សយើងម្នាក់ៗ ប្រាកដជាមានវត្ថុ ឬរបស់ណាមួយ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាកក់ក្តៅជាងមុន។ ហេតុនេះ អ្នកកុំចាំបាច់ខ្វល់ថា អ្នកធំហើយ មិនគួរមានតុក្កតាអីនោះទេ ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អជាងមុន។ 

៥. សុំជំនួយ

ប្រសិនបើអ្នកត្រូវចាកចេញពីផ្ទះ ដើម្បីការសិក្សានោះ អ្នកប្រាកដជាអាចមានបញ្ហាផ្សេងៗជាមួយនឹងការសិក្សា និងបញ្ហាដទៃជាច្រើនទៀត តែសូមអ្នកកុំនៅស្ងៀមពិបាកចិត្តតែឯងអី! អ្នកត្រូវចេះសុំជំនួយពីអ្នកជុំវិញ! ប្រសិនបើអ្នកគិតតែពីនឹកផ្ទះ គិតតែពីបញ្ហាសិក្សា គិតតែពីរឿងលុយកាក់តែឯង គឺអ្នកដូចជាកំពុងតែធ្វើបាបខ្លួនឯង ឲ្យកាន់តែមានសភាពធ្ងន់ធ្ងរហើយ។ ហេតុនេះត្រូវចេះស្វែងរកការជួយពីអ្នកជុំវិញ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ទើបជាការល្អ។

៦. កុំទាក់ទងទៅអ្នកផ្ទះញឹកញាប់ពេក

មិនថាអ្នកទាក់ទងអ្នកផ្ទះ តាមរយៈទូរស័ព្ទ chat ឬក៏វីដេអូខលជាមួយគ្រួសារ និងមិត្តភក្តិនោះទេ អ្នកប្រាកដជាមានអារម្មណ៍ថា ដូចជានៅផ្ទះដែរអញ្ចឹង។ តែទោះជាយ៉ាងណាក៏ដោយ អ្វីដេលមិនជាល្អនោះគឺ ការដែលអ្នករក្សាទំនាក់ទំនង តែជាមួយអ្នកនៅផ្ទះច្រើនពេកនោះ វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា នឹកផ្ទះកាន់តែខ្លាំងទៅវិញទេ។ អ្នកត្រូវចងចាំថា មិនត្រូវទាក់ទងអ្នកផ្ទះច្រើនជាង អ្នកនៅជុំវិញពេកនោះទេ។ 

៧. រក្សាសុខភាពឲ្យបានល្អ

នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍មិនល្អស្រាប់ហើយនោះ ហើយអ្នកបែរជាទៅដេកយំ មើលរឿងកំសត់អីនោះ គឺអ្នកកាន់តែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ កាន់តែយ៉ាប់យឺនហើយ។ អ្នកត្រូវចេះថែទាំសុខភាពឲ្យបានល្អ ដែលវាជាគន្លឹះ ក្នុងការធ្វើឲ្យអារម្មណ៍ និងគំនិតរបស់អ្នកមានទំនោរទៅភាពវិជ្ជមាន បានពិតមែន។

៨. កុំសំងំនៅតែក្នុងបន្ទប់

ថ្វីត្បិតថាអ្នកគួរចំណាយពេលរីករាយតែម្នាក់ឯងមែន តែក៏មិនមែនដល់ថ្នាក់សំងំក្នុងបន្ទប់ច្រើនពេកដែរ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍មិនល្អខ្លាំង ជាងមុនទៅទៀត និងធ្វើឲ្យអ្នកនឹកគិតឃើញដល់ ការចងចាំនៅឯផ្ទះជាមិនខាន។ ហេតុនេះ អ្នកគួរតែព្យាយាមធ្វើខ្លួន ឲ្យរវល់ខ្លះដែរ ដោយទៅចូលរួមសកម្មភាពសង្គម ទៅបណ្ណាល័យ ឬទៅធ្វើការងារក្រៅម៉ោងបន្ថែមក៏បាន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ «នឹកផ្ទះ» សម្រាប់អ្នកដែលរស់នៅ ឆ្ងាយពីស្រុកកំណើត

គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ «នឹកផ្ទះ» សម្រាប់អ្នកដែលរស់នៅ ឆ្ងាយពីស្រុកកំណើត

គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ «នឹកផ្ទះ» សម្រាប់អ្នកដែលរស់នៅ ឆ្ងាយពីស្រុកកំណើត

គន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ «នឹកផ្ទះ» សម្រាប់អ្នកដែលរស់នៅ ឆ្ងាយពីស្រុកកំណើត