ការ​ស៊ើបអង្កេតៈ​ មីស៊ីល BUK មកពី​រុស្ស៊ី​បាញ់​ទម្លាក់ MH17

ក្រុងនីវវ៉េជេនៈ ការស៊ើបអង្កេតព្រហ្មទណ្ឌមួយបានឲ្យដឹងពីថ្ងៃពុធថាមីស៊ីលដែលបានបាញ់ទម្លាក់ជើងហោះហើរ MH17 នៃអាកាសចរណ៍ម៉ាឡេស៊ីនៅភាគខាងកើតអ៊ុយក្រែនត្រូវបានគេដឹកជញ្ជូនមកពីរុស្ស៊ី ខណៈការស៊ើបអង្កេតនេះបានប្រកាសថាមនុស្សប្រមាណ ១០០ នាក់កំពុងត្រូវបានស៊ើបអង្កេតសម្រាប់ «ការដើរតួនាទីដ៏សកម្ម» នៅក្នុងមហន្តរាយនេះ។

ដោយនិយាយថាពួកគេមាន «ភ័ស្តុតាងមិនអាចប្រកែកបាន»ថាប្រពន្ធមីស៊ីល BUK ត្រូវបានគេប្រើដើម្បីបំផ្ទុះយន្តហោះអាកាសចរណ៍ម៉ាឡេស៊ីនោះនៅលើអាកាសក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញជាលើកដំបូងថាគ្រឿងផ្ទុះនោះត្រូវបានគេបាញ់ពីវាលមួយក្នុងតំបន់មួយនៃភាគខាងកើតអ៊ុយក្រែនដែលកាលណោះត្រូវគ្រប់គ្រងដោយក្រុមទាមទារបំបែកខ្លួនគាំទ្ររុស្ស៊ី។

Loading...

អាមេរិកស្វាគមន៍លទ្ធផលជំហានដំបូងនៃការស៊ើបអង្កេតនេះដោយនិយាយថាវាគាំទ្រការសង្ស័យរបស់ក្រុងវ៉ាស៊ីនតោនពីការពាក់ព័ន្ធរបស់រុស្ស៊ី។

អ្នកនាំពាក្យសេតវិមានលោក John Kirby បានថ្លែងថាការស៊ើបអង្កេតនេះបញ្ជាក់ច្បាស់ថាជើងហោះហើរ MH17 នេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដីអាកាស BUK មួយគ្រាប់ដែលបានបាញ់ពីដែនដីភាគខាងកើតអ៊ុយក្រែននោះ។

លោក Kirby ក៏បានគូសបញ្ជាក់ថា៖ «យើងក៏កត់សម្គាល់ពីការរកឃើញរបស់ក្រុមស៊ើបអង្កេតរួមនេះថាជើងទម្របាញ់មីស៊ីលនោះដំបូងត្រូវបាននាំពីរុស្ស៊ីមកកាន់អ៊ុយក្រែនហើយបន្ទាប់មកបានផ្លាស់ចេញពីអ៊ុយក្រែន និងត្រឡប់ទៅរុស្ស៊ីវិញក្រោយពីការបាញ់ទម្លាក់យន្តហោះនោះ»។

ការរកឃើញរបស់ក្រុមស៊ើបអង្កេតដឹកនាំដោយហូឡង់នោះមិនបានចោទប្រកាន់ដោយផ្ទាល់លើក្រុងម៉ូស្គូពីបទពាក់ព័ន្ធក្នុងសោកនាដកម្មខែកក្កដាឆ្នាំ ២០១៤ នោះទេហើយទាំងក្រុមឧទ្ទាម និងទាំងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថ្មីដោយបដិសេធថាពុំមានការទទួលខុសត្រូវណាមួយនោះទេ។

ប៉ុន្តែសេចក្តីពិស្តារដំណឹងបានបង្ហាញការគាំទ្រការចោទប្រកាន់ជាយូរមកហើយពីអ៊ុយក្រែន និងលោកខាងលិចដែលថាក្រុមឧទ្ទាមគាំទ្ររុស្ស៊ីគឺត្រូវបន្ទោសក្នុងការប្រើមីស៊ីលដែលអាចត្រូវបានផ្តល់ឲ្យដោយរុស្ស៊ីនេះ។

យន្តហោះធុន Boeing 777 នោះត្រូវបានកម្ទេចលើអាកាសក្នុងអំឡុងពេលកំពុងហោះហើរពីក្រុងអាំស្ទែដាំទៅក្រុងគូឡាឡាំពួលើប្រទេសអ៊ុយក្រែនជាទីដែលសង្គ្រាមកំពុងកើតមានរវាងក្រុមទាមទារបំបែកខ្លួនគាំទ្ររុស្ស៊ី និងរដ្ឋាភិបាលក្រុងកៀវក្នុងខែមេសា ឆ្នាំ ២០១៤។

ការ​ស៊ើបអង្កេតៈ​ មីស៊ីល BUK មកពី​រុស្ស៊ី​បាញ់​ទម្លាក់ MH17

មនុស្សទាំង ២៩៨ នាក់នៅលើយន្តហោះក្នុងនោះពលរដ្ឋហូឡង់ ១៩៦ នាក់ត្រូវបានស្លាប់។ ប៉ុន្តែថ្វីបើមានការស៊ើបអង្កេតអន្តរជាតិផ្លូវការពីរក្តីក៏សំណួរឆេះក្តៅថាអ្នកណាបានបញ្ជា និងអ្នកណាជាអ្នកកេះកៃនៅតែមិនត្រូវបានដោះស្រាយ។

ប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូ ប៉ូរ៉ូសិនកូ បានសរសើរការរកឃើញជំហានដំបូងរបស់ការស៊ើបអង្កេតនេះដោយថ្លែងថា៖ «យើងមានភ័ស្តុតាងដ៏រឹងមាំជាច្រើនដើម្បីបញ្ជាក់ថាអ្នកណាដែលត្រូវស្តីបន្ទោសសម្រាប់ឧក្រិដ្ឋកម្មគួរឲ្យខ្លាចនេះហើយអ្នកណាមានការទទួលខុសត្រូវពេញលេញសម្រាប់ការវាយប្រហារភេរវកម្មនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍