អត់​មាន​សង្សារ​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្មាស់អៀន​មែន​ទេ? និពន្ធដោយ : អ៊ីសា រ៉ហានី       October-03-2016, 9:59 am         3568

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អត់​មាន​សង្សារ​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្មាស់អៀន​មែន​ទេ?«មាន​សង្សា​ហើយ​ឫ​នៅ?» សំណួរ​ដែល​តែងតែ​ចោទសួរជារឿយៗពី​សំណាក់​មិត្តភក្តិ​ម្នាក់​ទៅ មិត្តភក្តិ​ម្នាក់ទៀត នៅពេល​ពួកគេ​បាន​ជួបគ្នាម្តងៗ ។ វា​អាច​ក្លាយជា​រឿង​មួយ​ចំឡែក ទៅវិញ នៅពេល​ពួកគេ​ទទួល​ចម្លើយ​ថា «អត់​ទាន់​មាន» ព្រោះថា វា​មិន​ស្រប​ក្នុង​បរិបទ​នៃ​សង្គម​បច្ចុប្បន្ន។

ក្នុងសម័យ​អ៊ី​ន​ធ័​រ​ណិ​ត​នេះ រឿង​ស្នេហា ឬ​មាន​សង្សារ វា​ក្លាយជា​រឿង​មួយ​ដ៏​សាមញ្ញ​ទៅហើយ សម្រាប់​យុវវ័យ​មួយចំនួនធំ។ ត្រង់​នេះហើយ​ទើប​មាន​អ្នកខ្លះ​បង្ខំចិត្ត​ឆ្លើយ​លាក់លៀម ឬ​អាច​ខុសពី​ការពិត ព្រោះថា​ពួកគេ​មានការ​ខ្មាស់អៀន ដែល​ខ្លួន​មិនអាច​ស្វែងរក​សង្សារ​បាន​នឹង​គេ។

ស្ថិតក្នុង​វ័យ១៨ឆ្នាំ មាន​រាង​តូច​ល្មម កញ្ញា ដា​ញ់ ធារ៉ា អង្គុយ​លើ​កៅអី នៅ​វេរ៉ង់ដា​ផ្ទះ​ឈើ មួយ​ខ្នង ក្នុង​សង្កាត់​ជ្រោយចង្វារ អមដោយ​មិត្តភក្តិ៣នាក់​ទៀត ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​កៅអី​ដែល​នាង​កំពុង​អង្គុយ។  ការរៀបរាប់​ពីបទ​ពិសោធ​ផ្ទាល់ខ្លួន ដែលមាន ក្រសែភ្នែក មិត្តភក្តិ កំពុង​ត្របាញ់​មករក​នាង ធារ៉ា​ប្រាប់ថា មកដល់ពេលនេះ នាង​ធ្លាប់មាន​សង្សារ៣ នាក់ រួចមកហើយ។

កញ្ញា​បញ្ជាក់ថា រាល់​ទំនាក់ទំនង​ទាំងនោះ ត្រូវបាន​នាង​ប្រើ​ដើម្បី​ជជែក​រឿង បញ្ហា​ផ្ទាល់ខ្លួន ដូចជា​ការងារ ជជែក​ពី​សុខទុក្ខ​ប្រចាំថ្ងៃ​របស់​នាង។ 

កញ្ញា​បន្ត​ដោយ​សំដីមួយៗថា៖«….គេ(សង្សារ) ចេះ​គិតគូរ​ពី​យើង សួរសុខទុក្ខ  សួរ​ញុំា​បាយ នៅ?...មាន​គេ​សួរ​រាល់ថ្ងៃ​អ៊ីចឹង ខ្ញុំ​គិតថា មាន​អ្នក​បារម្ភ យកចិត្តទុកដាក់ ស្រលាញ់​ខ្ញុំ… សប្បាយចិត្ត»។

នាង​បន្ថែមថា មានពេលខ្លះ នាង​ចាត់ទុក​សង្សារ​ខ្លួន សំខាន់ និង​អាច​ពឹងពាក់ បាន​ជាង​ក្រុមគ្រួសារ ខណៈ​ក្រុមគ្រួសារ រវល់​នឹង​ការរកស៊ី ឫ​មិនមាន​ពេល​ជជែក​លេង ជាមួយ​នាង​ច្រើន​នោះ។ នាង​បាន​ប្រ​ឡូយ​ពាក្យ​ថា សង្សា​ពិតជា​សំខាន់​ណាស់​សម្រាប់​នាង ដែលជា​យុវវ័យ​ក្នុង​សម័យនេះ។

ងាក​ទៅ​យុវតី​ម្នាក់ទៀត ដែល​ទើបនឹង​បានបញ្ចប់​បរិញ្ញាប័ត្រ​គ​ណ​នេ​យ្យ នៅ​សាកល​វិទ្យា ន័​រ​តុ​ន​កាលពី​ឆ្នាំទៅ ស្ថិតក្នុង​វ័យ២៣ឆ្នាំ កញ្ញា រ៉ានី ទើបនឹង​ចាប់ផ្តើម​ស្គាល់​អ្វី​ជា​ពាក្យ «សង្សារ» ក្រោយពី​នាង​គិតថា មាន​ភាព​ឯកា នៅពេល​នាង​រស់នៅ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​ខ្លួន។ ការយក​សង្សារ មក​ជំនួស​ភាព​ឯកា​នោះ ធ្វើ​ឲ្យ នាង​យល់ថា រួច​ចំណែក​ក្នុងការ​បំបាត់​ភាព អផ្សុក ក្រោយពី​មាន​ភាព​នឿយហត់​ក្នុង​ការងារ​ប្រចាំថ្ងៃ។

វា​ពិតណាស់ ដែលថា​ការ​គ្មាន​សង្សារ«គឺជា​រឿង​មួយ ដែល​គួរ​ឲ្យ​ខ្មាស់អៀន»នោះ។  រ៉ានី បាន​រំលឹក​ពី​អតីតកាល មុន​នាង​ផ្តើម​មាន​សង្សារ ថា​វា​បានកើត​ចេញពី​សំដី​មិត្តភក្តិ  ដែល​តែង តែ​ចំអន់​លេង។ នាង​បន្តថា ខ្លួន​នាង​មាន​អារម្មណ៍ ខ្មាស់​មិត្ត​ឯទៀត​ជាខ្លាំង ពេល​មាន សំណួរ​ថា «មាន​សង្សារ​ហើយ​នៅ?»ម្តងៗ ។

រ៉ានី រៀបរាប់​យ៉ាង​ដូច្នេះ៖«ពីមុន​ខ្ញុំ​ចាត់ទុក​ពាក្យ«សង្សារ»ថា​ជា​ពាក្យ​មិនល្អ និង​តែងតែ គិតថា អ្នក​ដែលមាន​សង្សារ​នោះ​ក៏​ជា​មនុស្ស​មិនល្អ​ដូចគ្នា។ ប៉ុន្តែ​ក្រោយមក​ខ្ញុំ ផ្លាស់ប្តូ​រការ គិត​នេះ វិញ និង​យល់ថា វា​ល្អ​ម្យ៉ាង​នៅពេល​យើង​មាន​សង្សារ»។

នាង​បញ្ជាក់ ដោយ​សំដីធ្ងន់ៗថា វា​ជា​ចំណែក​មួយ ធ្វើ​ឲ្យ​យើង​អាច​ស្វែងយល់​ចិត្ត​គ្នា មុននឹង​ឈានចូល​ទៅ ដល់​ការរៀប អាពាហ៍ពិពាហ៍ តាមរយៈ​ការស្វែងយល់​ចិត្ត​គ្នា ទៅវិញទៅមក»។

សរុបសេចក្តី​មក យុវវ័យ​មួយចំនួនធំ ពិតជា​ចាត់ទុក​ពាក្យ​ថា«សង្សា»ជា​រឿង​មួយ​សំខាន់ ដើម្បី បន្ធូរបន្ថយ​ភាព​តានតឹង​ក្រោយ​សិក្សា និង​ការងារ​ពួកគេ។ ពួកគេ​តែងតែ​ដើរ​មុន​ចុះសម្រុង​នឹង មិត្ត​ដទៃទៀត ប្រសិនបើ​ពួកគេ​គ្មាន​សង្សា​នោះ។

មាន​សង្សា​ជា​រឿង​មិនល្អ​ទេ!
ក្នុង​ក្រសែភ្នែក​ក្រុមគ្រួសារ​ខ្មែរ​មួយចំនួនធំ ពួកគាត់​តែងតែ ហាមឃាត់​កូនចៅ​ខ្លួន​ថា មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​ពាក្យ«សង្សារ»នោះទេ។ ដោយសារតែ​ពាក្យ​ថា «សង្សារ» ត្រូវបាន​ពួកគាត់ កំណត់​និយមន័យ​ថា«មិនល្អ»។ មាន​រូបភាព​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​ពី​ចំនុច​អវិជ្ជមាន​នៃ​ពាក្យ ថា«សង្សា» ដូចជា ការ​ឱបថើប​គ្នា​នៅ​ទីសាធារណៈ​ជាដើម។

អាជីវករ​លក់ដូរ​ទំនិញ​មួយកន្លែង​ក្បែរ​ផ្សារ​ដើមថ្កូវ មិនបាន​គាំទ្រ​ចំពោះ​ទស្សនៈ​នៃ​ពាក្យ​ថា សង្សា​នោះទេ។ ស្ត្រី​វ័យ៥០ឆ្នាំ​ប្លាយ​ម្នាក់នេះ​ពន្យល់ថា៖«យើង​អាច​ប្រើពាក្យ​គូ​ដណ្តឹង វា​មាន ទម្ងន់​ជាង ក្នុងការ​ស្វែងយល់​ពី​ចិត្ត​គ្នា​ទៅវិញទៅមក។ ពាក្យ​សង្សា​វា​រៀង​ស្រាល​បន្តិច ព្រោះ ពេលខ្លះ ដើរលេងៗ ឌុប​គ្នា​ទៅនេះ​ទៅនោះ មួយខែ​ក្រោយមក​បែក​គ្នា​បាត់»។

បើទោះជា​យ៉ាងណាក៏ដោយ ទំនាក់​ទំនងជា«សង្សារ» ត្រូវបាន​ចាត់ទុកថា​ជា​រឿង​មួយ សាមញ្ញ​ទៅហើយ សម្រាប់​សង្គម​គ្រួសារ​ខ្មែរ​មួយចំនួនធំ ជាពិសេស​អ្នក​នៅ​ទីប្រជុំជន។ ពួកគេ​ហាក់​មាន​សុទិដ្ឋិនិយម និង​ចាត់ទុក​ពាក្យ​ទាំងនេះ​ថា«ពេញនិយម» ក្នុង​បរិបទ​សង្គម ដែល​ទទួលរង​ឥទ្ធិពល​នៃ​វប្បធម៌​បរទេសមួយ​នេះ។

សរុប​មកវិញ ពិតណាស់ថា បរិបទ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​មានការ​ផ្លាស់ប្តូរ។ ផ្លាស់ប្តូរ​ត្រង់​ថា ទំនាក់ទំនង និង​ការប្រើ​ពាក្យ«សង្សារ» មិនត្រូវ​បាន​រិត​ត្បិត​ដូច​សម័យ​ពី​ដើម​នោះទេ។ យុវវ័យ​ណា​ដែល​ពុំមាន​ដៃគូរ​ស្នេហា​ជា«សង្សារ« វា​បាន​ក្លាយជា​រឿង​មួយ ត្រូវបាន​មិត្តភក្តិ ពួកគេ​យក​ចំអន់​លេងសើច​ទៅវិញ។

យុវជន​មួយចំនួនធំ ជ្រើសរើស«គូរ​សង្សារ» ខណៈ​មាន យុវវ័យ​មួយចំនួនទៀត នៅ​មិន​ចង់​ឆ្លង​ដំណាក់កាល​មួយ​នេះ។ ពួកគេ​បាន​សម្រេចយក មិន ស្គាល់គ្នា​រាក់​ជ្រៅ​មុន​នោះទេ វា​លែង​តែមាន​ចំណង​ជា«គូរ​ដណ្តឹង» ដែល​ក្រុមគ្រួសារ​ទាំង សងខាង បាន​ដឹងឮ​ទាំងអស់គ្នា៕