​ដល់.កក្នុងឃុំបារាយណ៍​! មួយពុលស្ពៃជ្រក់ មួយទៀតពុលក្តាម​ត្រាំ

ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋ​ក្មេង ​ចាស់ ​ប្រុស ​ស្រី ​រហូត​ដល់​៤៥​នាក់បាន​ពុល​ក្តាម​ត្រាំ​នៅ​ក្នុង​ភូមិ​ចំនួន​៣ មាន​ភូមិ​ខ្យា​អំពិល ភូមិ​បន្ទាយ ភូមិក​ប្លោក ឃុំ​បារាយ​ណ៍ ស្រុក​ស្រី​សន្ធរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក។   

ហេតុ​ការ​ណ៍​នេះ កើតឡើង​​កាលពី​ល្ងាច​ថ្ងៃទី២៩ កញ្ញា ២០១៦ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ដែលអ្នក​ភូមិ​ទាំង​អស់នោះ​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ក្រោយ​ពី​ការ​សង្គ្រោះ​ទាន់​ពេលវេលា​ពី​សំណាក់​គ្រូពេទ្យ  ។   

លោក​វរ​សេនី​យ៍​ទោ ​ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ឱ្យ​ដឹងថា ​ដំបូង​​ពលរដ្ឋ​ដែល​រង​គ្រោះ​ម្នាក់​​ទៅ​២​នាក់ ដែល​មាន​អាកា​រៈ​​ឈឺពោះ​រាក​​រូស​ ហើយ​ត្រូវ​​​បញ្ជូន​មក​កាន់មណ្ឌល​សុខភាព​បារាយ​ណ៍​​ ​ប៉ុន្តែ​អ្នក​រងគ្រោះកាន់តែ​​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​ ​រហូត​ដល់​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ស្រុក​មក​ដឹក២-៣​ជើង ​សរុប​២៦​នាក់ ។ ចំណែក​​អ្នកខ្លះ​វិញ ​​មាន​លក្ខណៈ​ធូរ​ស្រាល ​ត្រូវ​បាន​បន្តោង​សេរ៉ូម​នៅ​មណ្ឌល​សុខភាព ។

លោក​វរ​សេនី​យ៍​​ទោ ហេង វ​ណ្ណា អធិការ​នគ​បាល​ស្រុក​ស្រី​សន្ធរ​បាន​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​​ឱ្យ​​ពុល​ក្តាម​នេះ ​គឺ​ដោយ​សារ​តែ​ពលរដ្ឋ​បាន​ទៅ​ចាប់​ក្តាមស្រែ (សង្ស័យ​គេ​បាញ់ថ្នាំស្រែ)​ មក​ត្រាំ​ ។ លុះ​ពេល​ដែល​ត្រូវ​​យក​មក​ហូប ជាមួយនឹង​បាយ ​ក៏​បណ្តាល​ឱ្យ​​ពុលជា​បន្តបន្ទាប់​ ។ ក្នុងហេតុការណ៍នេះ គឺ​​មានការ​ជួយ​អន្តរា​គម​ន៍ពី​កម្លាំង​សមត្ថកិច្ច​ ក៏​ដូច​ជា​គ្រូពេទ្យ​នោះ ទើប​​ពលរដ្ឋបាន​ធូរស្រាល​វិញ ​ក្រោយ​ពី​បាន​​បន្តោង​សេរ៉ូម ​។

ករណីមួយទៀត ព្រះសង្ឃ​និង​កូនសិស្ស​ចំនួន​៣៧​អង្គ​-​នាក់ គង់នៅ​វត្ត​បា​រា​យ៍ ក្នុងភូមិ​បា​រា​យ៍ ឃុំ​បា​រា​យ៍ ស្រុក​ស្រី​សន្ធរ ក៏បាន​ពុល​ចំណីអាហារ​ បណ្តាល​ចុកពោះ​ក្អួតចង្អោរ  ហើយ​ត្រូវ​​​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​ស្រី​សន្ធរ ​និង​ខ្លះ​ទៀត  កំពុង​​តែ​សម្រាក​នៅ​មណ្ឌល​សុខភាព ។

ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៦ ហើយ​រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​៣០  សីហា
នេះ​ដែរ ​ព្រះសង្ឃ​ដែល​ពុល​ចង្ហាន់​បាន​ធូរស្រាល​ និង​ត្រៀម​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​ផង​ដែរ ។

មុនកើតហេតុ នៅ​​ថ្ងៃ​ទី២៨ សីហា ប្រជាពលរដ្ឋ​បាន​យក​បាញ់ហយ មក​​ប្រគេន​​ព្រះសង្ឃ​ឆាន់​ម្តង លុះ​រហូត​​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​សីហា បាន​យក​ចង្ហាន់មក​ប្រគេន​ព្រះសង្ឃ​ឆាន់ទៀត ។ ក្រោយមក ​ស្រាប់តែមាន​អាកា​រៈ​ចុកពោះ​ និង​ក្អួតចង្អោរ​​ ​រហូត​ដល់​ទៅ​៣៧​អង្គ​-​នាក់  ក្នុង​នោះ​មានកូនសិស្ស​២​នាក់​ដែរ  ។ 

​ចំពោះ​ព្រះសង្ឃ​ដែល​ពុល​​ធ្ងន់​ធ្ងរ ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ។ ​ករណី​​ពុល​ចង្ហាន់​​ខាងលើ​នេះ  ត្រូវ​​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ មក​ពី​សម្ល​ស្ងោរ​ស្ពៃជ្រក់ ដែលគេ​ដាំ​ហើយ​បាញ់ថ្នាំ នៅ​ពេល​ដែល​ពលរដ្ឋ​យក​មក​ស្ល មិន​បាន​លាង​ឲ្យ​ស្អាត​នោះ​ ទើប​​​បង្កឱ្យ​​ពុលក្អួតចង្អោ​រ​ទៅ តែ​សំណាង​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ទាន់ពេលវេលា​ ​។