សម្តេចតេជោ ​ហ៊ុន សែន ​៖ បា្រក់ខែអប្បបរមាគ្រូបង្រៀន​នឹងកើនដល់ជាង៩០ម៉ឺន​នៅឆ្នាំ២០១៧

រាជធានីភ្នំពេញ ៖ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍ថា បា្រក់​ខែអប្បបរមាគ្រូបង្រៀននៅឆ្នាំ២០១៧​ខាងមុខនេះ​​​នឹងកើនដល់ជាង៩០ម៉ឺនរៀល(៩៥៣,៥០០៛) ​ខណៈនៅឆ្នាំ២០១៦នេះមាន​ជាង​៨០ម៉ឺនរៀល ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ​ជូនដល់ជ័យលាភីនិស្សិត សាកល​វិទ្យាល័យឯកទេសនៃកម្ពុជា ​នៅមជ្ឈមណ្ឌលកម្សាន្តនិងពិព័រណ៍កោះពេជ្រ​ នាព្រឹក​ថ្ងៃទី០៣​ តុលា ២០១៦ ។

នៅក្នុងឱកាសនោះដែរ ​សម្តេចតេជោ ហ៊ុន សែន ​ក៍បានអំពាវនាវជាថ្មីម្តងទៀត​ឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត​ និង ប្រជាពលរដ្ឋ អាជីវករ ​ពាណិជ្ជករ មន្រ្តីរាជការ កងទ័ព​ សមាគម​ អង្គការ​ និង ​អ្នកមាន​​លទ្ឋភាពបន្តជួយ​ទិញស្រូវ​ប្រជាកសិករ​ដែលកំពុងមានបញ្ហាតម្លៃ ​ហើយថាខេត្តដែលកំពុងមានបញ្ហារឿងតម្លៃស្រូវ​ថោក​​នេះមានខេត្តបាត់ដំបង​ បន្ទាយមានជ័យនិង​ខេត្តពោធិសាត់ ៕