​ដូចរឿងកុន! ​ភ្ជង់បាញ់​អ្នកយាម «មណ្ឌល​ព្រៃ​ស្ពឺ» ​រំដោះនារីសង្សារ​

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ម្នាក់​​​និងបក្សពួកម្នាក់ទៀត ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​​កញ្ចាស់​១​គ្រឿង និង​ប្រដាប់​ដោយ​កាំភ្លើង​​ខ្លី​បាញ់​​ហ្គា​ស​១​ដើមផង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​​បាញ់​សម្លាប់​សន្ដិ​សុខ​​យាម​នៅ​មណ្ឌល​សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ​ ហៅ «​មណ្ឌល​ព្រៃ​ស្ពឺ» ដើម្បី​រំដោះ​នារីជាសង្សារ​​ចេញពី​មណ្ឌល​នោះ បន្ទាប់​ពី​ត្រូវ​​​អាជ្ញាធរ​ចាប់​ខ្លួននាង ​ពី​បទ​ប្រើប្រាស់​គ្រឿង​ញៀន ​​​នៅ​ក្នុង​មណ្ឌល​នោះ ​។

ប៉ុន្តែខណៈនោះ​ ​ក៏បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយត្រូវ​កម្លាំង​​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដេញ​​​ចាប់​​បាន បក្ស​ពួក​ម្នាក់ ​រួមស្រីម្នាក់ដែល​ត្រូវ​រំដោះ​ចេញ​នោះ​​។ ចំណែក​ឯជនសង្ស័យ​​​ជា​សង្សាររបស់នារី​នោះ បាន​គេចខ្លួន​បាត់​ ។

ហេតុ​ការ​ណ៍​នោះ ​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ ​និង​៤០​នាទី​​ថ្ងៃ​ទី​៣០ ​កញ្ញា ​២០១៦ ស្ថិតនៅ​ចំណុច​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ហៅ​ «​មណ្ឌល​ព្រៃ​ស្ពឺ​» ​​ក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី
​ភ្នំពេញ ត្រូវកម្លាំង​នគរបាល​ដេញ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​​ រួមនិងនារីនោះ ​នៅ​ម្ដុំ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម «អែ​ត​វូ​ត» ​​ក្នុងភូមិ​ស្លែង​​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

ជនសង្ស័យ​​​​ដែល​ចាប់ខ្លួន​នោះ​ឈ្មោះ​អ៊ុ​ង រតន​: អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ម្តុំ​ត្រឡោក​បែក មានស្រុក​កំណើត ខណ្ឌទួលគោក ​​ចំណែក​ស្រី​ម្នាក់​​​ទៀត​ឈ្មោះ​គី​ម ស្រី​ពេជ្រ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ឧដុង្គ ខេត្តកំពុងស្ពឺ ​​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​នៅ​ក្នុង​មណ្ឌល​ខាង​លើ ​បាន​រយៈពេល​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ហើយត្រូវក្រុមជនសង្ស័យចង់រំដោះ​ចេញ ។ ​រីឯ​​ជនសង្ស័យ​ម្នាក់​ ដែល​រត់គេច​បាត់​និង​ជា​សង្សារ​របស់​ស្រីខាងលើ​ ​និងជា​មេខ្លោង​ផង​នោះ មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​​ ។

តាម​ប្រភព​​​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​បាត់​នោះ​ មាន​ប្រដាប់​ដោយ​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម បាន​នាំ​បក្សពួក​ឈ្មោះអ៊ុ​ង រតន​: ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ​1B-6775 ទៅ​រំដោះ​​សង្សារ​​របស់​ខ្លួន​ ។​ ពេល​ទៅ​ដល់​ បាន​ដក​កាំភ្លើងខ្លី​នោះ ភ្ជង់​គំរាម​បាញ់​សម្លាប់​សន្តិសុខ ដែល​យាម​នៅ​មណ្ឌល​នោះ និង​បាន​នាំ​នារី​នោះ​​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន​ ​ទើប​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

​​ភ្លាម​ៗ​នោះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​គ្នា​ដេញ​តាម រហូត​ដល់​ម្ដុំ​ជិត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម «អែ​ត​
វូ​ត» ​​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​ចាប់ខ្លួន​បាន​តែម្តង ។